សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១២ខែ ឧសភា ឆ្នាំ២០២៦
បានចេញសារលិខិតអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមផ្ញើសារលិខិត ជូនដល់បងប្អូនជនរួមជាតិ ជាពិសេសលោកឪពុក អ្នកម្តាយ ដែលជាមេគ្រួសារ កូនប្រុស កូនស្រី ចៅប្រុស ចៅស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ នៅក្នុងឱកាសដ៏មហោឡារិកនៃទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី៣២ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិ រីកចម្រើន និងមានសុខសន្តិភាព”។
រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៥ ដែល រៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពី តួនាទីដ៏សំខាន់របស់គ្រួសារ ក្នុងការចូលរួមចំណែកអភិវឌ្ឍគ្រួសារ និងសង្គមជាតិ ស្របតាមគោលនយោបាយជាតិ និងសកល ដើម្បីធានាឱ្យបាននូវសុខដុមនីយកម្ម និងការធ្វើបរិវត្តកម្មសង្គមស្របតាមការវិវត្តរបស់កម្ពុជា នាពេលបច្ចុប្បន្ន និងការសម្រេចបានចក្ខុវិស័យដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។ ផ្អែកតាមបរិបទរបស់កម្ពុជា ទិវា អន្តរជាតិស្តីពីគ្រួសារឆ្នាំ២០២៦នេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ការវិនិយោគភាពធន់នៃ សេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព” ដើម្បីគូសបញ្ជាក់ពីតួនាទីដ៏ សំខាន់មិនអាចខ្វះបាននៃសេដ្ឋកិច្ចគ្រួសារ ដែលជាគ្រឹះដ៏រឹងមាំក្នុងការកសាងសង្គមជាតិមួយដែលប្រកបដោយ ភាពធន់ បរិយាបន្ន និងចីរភាព។ ភាពធន់នៃសេដ្ឋកិច្ចគ្រួសារ គឺជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យ មានគុណភាពខ្ពស់ និងសុខុមាលភាពល្អ ដែលជាទ្រព្យសកម្មដ៏រឹងមាំដើម្បីបន្តរក្សាបានសុខសន្តិភាព បង្កើនតម្លៃ សង្គម សេដ្ឋកិច្ច វប្បធម៌ និងបង្កើតនូវគំនិតថ្មីៗ សំដៅឆ្ពោះទៅសម្រេចបាននូវគោលដៅចីរភាពរយៈពេលវែងនៃ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតគ្រួសារ និងប្រទេសជាតិ។ ទិវានេះ តែងតែរៀបចំឱ្យមានព្រឹត្តិការណ៍នៃការជួបជុំអបអរសាទរ ចែករំលែកបទពិសោធ និងចំណេះដឹង ព្រមទាំង ការផ្សព្វផ្សាយអំពីគុណតម្លៃនៃគ្រួសារ តាមរយៈខ្សែវីដេអូអប់រំខ្លីៗ ដើម្បីអប់រំទូន្មានដល់កូនចៅប្រុសស្រី ឱ្យក្លាយ ជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងគោរពដឹងគុណ ជាទីបំផុតចំពោះក្រុមគ្រួសារទាំងឡាយ ជាពិសេស ជីដូន ជីតា លោកឪពុក អ្នកម្តាយ និងបងប្រុស បងស្រី ដែលតែងតែធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាងក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំកូនចៅ និងការចូលរួមចំណែក ដ៏សកម្មរបស់គ្រួសារ ក្នុងការបន្តថែរក្សានិងលើកស្ទួយមរតក វប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ប្រជាជាតិយើង ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់ សីលធម៌ សុជីវធម៌ ការយោគយល់ ការអធ្យាស្រ័យ និង ការសន្តោសប្រណី ដើម្បីរក្សាឱ្យបាននូវភាពសុខដុមរមនា សាមគ្គីភាព និងសេចក្តីថ្លៃថ្នូរក្នុងសង្គមជាតិ ស័ក្តិសមជា ឧត្តមប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ដ៏ត្រកាលនិងសម្បូរបែបនៅលើសកលលោក តាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន ជាពិសេសនៅក្នុងដំណាក់កាលនៃសកលភាវូបនីយកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។ ខ្ញុំសង្ឃឹម យ៉ាងមុតមាំថា គ្រួសារទាំងអស់ នឹងបន្តអនុវត្តនូវប្រពៃណីដ៏ល្អផូរផង់នេះ ដើម្បីបន្តរួមចំណែកថែរក្សានិងកសាង សមិទ្ធផលនានាបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងបន្តលើកកម្ពស់ កិត្យានុភាពជាតិប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ ក្នុងការកសាងសង្គមជាតិឆ្ពោះទៅរកសង្គមមួយ ប្រកបដោយសុខសន្តិភាព ស្ថិរភាព កិត្យានុភាព វឌ្ឍនភាព សេចក្តីរុងរឿង និងសុខដុមនីយកម្ម។
តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល រាជរដ្ឋាភិបាល បានរៀបចំឱ្យមានគោលនយោបាយនិងបទប្បញ្ញត្តិនានាពាក់ព័ន្ធជាច្រើនទៀត សំដៅលើកកម្ពស់តម្លៃគ្រួសារខ្មែរ ដើម្បីធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាព។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតអាទិភាពគន្លឹះទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកសាងប្រព័ន្ធគាំពារសង្គម មានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌និងចីរភាព ដោយឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ និងផ្តោតលើកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈការធ្វើ ស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។ រាជរដ្ឋាភិបាលកម្ពុជាបាន ដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដឹកនាំអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលមានមូលនិធិជាតិជំនួយសង្គមជាប្រតិបត្តិករ ដោយកម្មវិធីនេះរួមមាន៖ ១.កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ២.កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋម សិក្សា និងមធ្យមសិក្សាចំណេះទូទៅ ៣.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ៤.កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងមានរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និង ឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។
បន្ថែមលើក្រុមគោលដៅខាងលើ រាជរដ្ឋាភិបាលបន្តគិតគូរផ្តល់អត្ថប្រយោជន៍ និងសម្រេចដាក់ចេញ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់ក្រុមគោលដៅថ្មីមួយទៀតគឺ ជនជាប់ឃុំជាស្ត្រី និងកូនអាយុក្រោម២ឆ្នាំ តាមម្តាយក្នុងពន្ធនាគារ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន ជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្តាយនៅក្នុងពន្ធនាគារ។ ក្នុងអំឡុងវិបត្តិពីជម្លោះព្រំដែន កម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់អវិជ្ជមានមកលើជីវភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេច កែសម្រួលយន្តការអនុវត្ត និងលើកលែងលក្ខខណ្ឌអនុវត្តកម្មវិធីមួយចំនួន ដើម្បីធានាឱ្យបាននូវការបន្តទទួលបាន អត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គមក្នុងអំឡុងពេលមានវិបត្តិ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបាននិងកំពុងគិតគូរ ព្រមទាំង រៀបចំកម្មវិធីអន្តរាគមន៍ពិសេសសម្រាប់គ្រួសារដែលត្រូវបានជម្លៀសចេញពីភូមិសាស្ត្រជម្លោះព្រំដែន ពលករ និងកម្មករនិយោជិតដែលរងផលលំបាកពីវិបត្តិនេះផងដែរ។ ទាំងនេះ ស្តែងឱ្យឃើញច្បាស់ពីការយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញនូវគុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ និង ការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជនគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឋានៈតួនាទី និងនិន្នាការនយោបាយ ដើម្បីរក្សាបាននូវតុល្យភាពសង្គម និងស្ថិរភាពជាតិ។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវ ការកោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិ ពិគ្រោះយោបល់គោលនយោបាយចំពោះគ្រួសារ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ និងសប្បុរសជននានា ដែលបានរួមចំណែកយ៉ាងសកម្មគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវជីវភាព និងភាពសុខដុមនីយកម្មរបស់គ្រួសារកម្ពុជានៅទូទាំងប្រទេស។ ទន្ទឹមនេះ ទូលបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូម កោតសរសើរដោយស្មោះចំពោះកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលបានចូលរួមយ៉ាងសកម្មប្រកបដោយឆន្ទៈ មោះមុតជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរស្ត្រីនិងកុមារ ការលើកស្ទួយសិទ្ធិជាមូលដ្ឋាន របស់កុមារ ការឆ្លើយតបបានទៅនឹងគ្រោះមហន្តរាយនានា ជាពិសេសការជួយរំលែកទុក្ខលំបាករបស់ប្រជាជន ដែលរងគ្រោះ និងងាយរងគ្រោះនៅទូទាំងប្រទេស ស្របតាមតម្រូវការជាក់ស្តែងក្នុងសង្គមជាតិយើង។
ក្នុងឱកាសនៃការប្រាព្ធទិវាអន្តរជាតិស្តីពីគ្រួសារឆ្នាំនេះ ទូលបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដូចតទៅ៖
១-គ្រប់ក្រុមគ្រួសារ និងសហគមន៍ ត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់ផ្តល់ការអប់រំ សីលធម៌ ប្រពៃណី និងទំនៀមទម្លាប់ល្អរបស់យើង ដល់សមាជិកគ្រួសារ និងសហគមន៍ ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ តាមរយៈការអប់រំរៀនសូត្រអំពីសីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹងទូទៅ និង ជំនាញវិជ្ជាជីវៈផ្សេងៗ សំដៅពង្រឹងនិងអភិវឌ្ឍធនធានមនុស្សក្នុងគ្រួសារ ប្រកបដោយគុណភាព សេចក្តីថ្លៃថ្នូរ និង សក្តិសិទ្ធិភាព ដើម្បីបន្តធានាដឹកនាំគ្រួសារដែលជាកោសិកាសង្គមឱ្យកាន់តែរុងរឿង ថ្កុំថ្កើង និងមានសុភមង្គល។
២-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងព័ត៌មាន និងសមាគម ទូរទស្សន៍ រៀបចំឱ្យមានជាវេទិកាតុមូល និងការផលិតវីដេអូអប់រំ ស្តីពីគុណតម្លៃគ្រួសារក្នុងការចូលរួមសម្រេចបាន នូវគោលដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព ដើម្បីចាក់ផ្សាយនៅតាមស្ថានីយទូរទស្សន៍ រោងភាពយន្ត និងទីសាធារណៈផ្សេងៗ ព្រមទាំងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីធ្វើការផ្សព្វផ្សាយនៅតាមគ្រឹះស្ថានអប់រំ និងរោងចក្រសហគ្រាសនានាទូទាំងប្រទេស។
៣-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយជាតិនានា តាមរយៈការពង្រឹងនិងពង្រីកសេវាសុខុមាលភាពសង្គម និងការរៀបចំកម្មវិធីស្ពានចម្លងសេវាសង្គមសម្រាប់ជួយដល់ គ្រួសារក្រីក្រ រងគ្រោះ និងងាយរងគ្រោះ ជាពិសេសគ្រួសារដែលមានកុមារកំព្រា កុមារដែលត្រូវបានបោះបង់ចោល មនុស្សវ័យចាស់គ្មានទីពឹង ជនមានពិការភាព ជនអនាថា និងអ្នកញៀនគ្រឿងញៀន ដោយបង្កលក្ខណសម្បត្តិ ល្អប្រសើរជូនគ្រួសារ ក្នុងការកសាងជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតស្របតាមការអភិវឌ្ឍសង្គមជាតិ ព្រមទាំងបន្តរៀបចំកម្មវិធីគាំទ្រការអភិវឌ្ឍគ្រួសារ និងសហគមន៍ ដោយអនុវត្តនីតិវិធីពង្រឹងភាពធន់សេដ្ឋកិច្ច គ្រួសាររងគ្រោះ និងងាយរងគ្រោះ ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប។
៤-មូលនិធិជាតិជំនួយសង្គម ត្រូវបន្តរៀបចំគោលនយោបាយផ្សេងៗក្នុងការផ្តល់កិច្ចអន្តរាគមន៍គាំពារ សង្គមជារួម និងជំនួយសង្គមដោយឡែក ដល់ប្រជាជនទូទៅ ពិសេសជនរងគ្រោះនិងងាយរងគ្រោះ សំដៅលើកកម្ពស់ ជីវភាពរស់នៅ និងការកសាងគុណភាពជីវិតប្រកបដោយបរិយាបន្ន។
៥-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំ នូវយន្តការនៃការកសាងកម្លាំងសេវាសង្គម រួមមាន៖ អ្នកសង្គមកិច្ចអាជីព អ្នកសង្គមកិច្ចអាជីពរង អ្នកសង្គមកិច្ចបឋម និងអ្នកសង្គមកិច្ចសម្ព័ន្ធ ដែលជាប្រតិបត្តិករស្នូលក្នុងការអនុវត្តនូវប្រតិបត្តិការជំនួយសង្គម និងសេវាសង្គម ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ ស្របតាមផែនការយុទ្ធសាស្ត្រស្តីពីកម្លាំងសេវាសង្គម ឆ្នាំ២០២២-២០៣១ និងឯកសារទឡីករណ៍ស្តីពីការវិនិយោគលើកម្លាំងសេវាសង្គមនៅកម្ពុជា។
៦-បណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវបន្តផ្តល់កិច្ចសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ជាពិសេសជំរុញដល់ ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការអនុវត្តគោលនយោបាយជាតិគាំពារសង្គម និងការអនុវត្តច្បាប់ ព្រមទាំងវិធានការផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
៧-ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ សូមបន្តចូលរួមឱ្យបានកាន់តែសកម្មក្នុងការ ជួយគាំទ្រទាំងថវិកា បច្ចេកទេស និងធនធានមនុស្សដល់ការអនុវត្តកម្មវិធីពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះ និងសកម្មភាពនានា ដើម្បីអភិវឌ្ឍគ្រួសារ ធានាបាននូវភាពរឹងមាំរបស់គ្រួសារទាំងអស់នៅកម្ពុជា ទោះបីក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក៏ដោយ។ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា សប្បុរសជននានា សូមបន្តជំរុញ ចលនាលើកកម្ពស់សុខុមាលភាពគ្រួសារ និងបន្តបង្កើនសកម្មភាពមនុស្សធម៌ឱ្យកាន់តែខ្លាំងក្លាថែមទៀត តាម គ្រប់រូបភាពដែលអាចធ្វើទៅបាន ទាំងការជំរុញចលនានិងសកម្មភាព ទោះធ្វើដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី។
៨-ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា មាតាបិតា អ៊ិមាមីង លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សូមព្រះមេត្តា និងមេត្តាចូលរួមចំណែកតាមគ្រប់រូបភាព លទ្ធភាព ក្នុងការជួយផ្តល់ដំបូន្មានល្អៗ ដល់សមាជិកក្នុងគ្រួសារ និងសហគមន៍សម្រាប់ក្មេងជំនាន់ក្រោយ ឱ្យត្រងត្រាប់រៀនសូត្រ និងគោរពអនុវត្តតាម ដោយខ្ជាប់ខ្ជួន ដូចទស្សនៈលើកឡើងថា “មនុស្សចាស់ជាថ្នាលបណ្តុះបណ្តាលសម្រាប់ក្មេងជំនាន់ក្រោយ”។
៩-គ្រប់ប្រព័ន្ធឃោសនាផ្សព្វផ្សាយរបស់រដ្ឋនិងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីតួនាទី របស់មាតាបិតាក្នុងការអប់រំកូនចៅ និងកាតព្វកិច្ចរបស់កូនចៅចំពោះមាតាបិតា ព្រមទាំងអប់រំទូន្មានកូនចៅឱ្យចាកចេញ ឆ្ងាយពីអំពើនានាដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម ដូចជា៖ ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សាក្នុងគ្រួសារ ជំងឺអេដស៍ និងជំងឺកាមរោគ ការប្រព្រឹត្តល្បែងស៊ីសង និងអំពើអបាយមុខ ផ្សេងៗទៀត។
ជាមួយនឹងសមិទ្ធផលដ៏ថ្លៃថ្លា ដែលបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបាន នូវការងារទាំងអស់នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារ ក្រោមប្រធានបទ “ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និង មានសុខសន្តិភាព” នៅក្នុងឆ្នាំនេះ នឹងចូលរួមបង្កើនឆន្ទៈរបស់ប្រជាជនគ្រប់រូប ឱ្យយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត លើសុខុមាលភាព និងការអភិវឌ្ឍគ្រួសាររបស់ខ្លួន។ ព្រមជាមួយគ្នានេះ ខ្ញុំសូមឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តជំរុញ និងរួមចំណែកក្នុងការលើកកម្ពស់វប្បធម៌សន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្មគ្រួសារ ដោយសន្តិសហវិជ្ជមាន ដើម្បីឈានឆ្ពោះទៅលុបបំបាត់ភាពក្រីក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។រក្សាសិទ្ធដោយ៖សុទ្ធលី







