Friday, May 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងមេគង្គ-ឡានឆាងថ្មីមួយ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត ដើម្បីលើកកម្ពស់ផលិតភាព និងបរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅប្រទេសកម្ពុជា ឡាវ និងវៀតណាម

រាជធានីភ្នំពេញ ៖ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងថ្មីមួយ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីលើកកម្ពស់ផលិតភាព និងការចាប់យកឌីជីថលក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម តាមរយៈការគាំទ្រគោលនយោបាយ និងការចែករំលែកចំណេះដឹងក្នុងតំបន់។

ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងនេះ បានប្រព្រឹត្តទៅក្រោមសហអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ស្ថានទូតឡាវ និងស្ថានទូតវៀតណាមប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

ឯកឧត្តម ហែម វណ្ណឌី បានរំលេចពីតួនាទីសំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ ដែលមិនត្រឹមតែបង្កើតការងារ និងបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតួអង្គស្នូលក្នុងការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងរហ័ស បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ បានក្លាយជាកាតាលីករក្នុងការកំណត់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាភាព​ធន់របស់សេដ្ឋកិច្ចជាតិ និងតំបន់។“

សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណពី ៨៨,៨% ដល់ ៩៩,៩% នៃចំនួនសហគ្រាសទាំងអស់ក្នុងតំបន់អាស៊ាន។ សហគ្រាសជាច្រើនកំពុងប្រឈមនឹងបញ្ហា ដូចជាផលិតភាពនៅមានកម្រិត ជំនាញឌីជីថល ការចាប់យកច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាថ្មីៗ នៅមិនទាន់ទូលំទូលាយ។

គម្រោងថ្មីនេះទទួលបានការគាំទ្រថវិកាប្រមាណ ១៧០.០០០ ដុល្លារអាមេរិក ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់រយៈពេល ១៥ ខែ ដោយផ្តោតលើការជំរុញបរិវត្តកម្មឌីជីថលក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសសម្រាប់សហគ្រាសដឹកនាំដោយស្ត្រី និងអាជីវកម្មដែលមាននិរន្តរភាពបរិស្ថាន នៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម។

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានថ្លែងអបអរសាទរយ៉ាងកក់ក្តៅជាផ្លូវការនៃគម្រោងឡានឆាង-មេគង្គ ស្តីពី”ការលើកកម្ពស់ផលិតភាព និងការចាប់យកឌីជីថលMSMEsតាមរយៈការគាំទ្រគោលនយោបាយនៅកម្ពុជា ឡាវ និងវៀតណាម”។ យើងទន្ទឹងរង់ចាំគម្រោងនេះដើម្បីជួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឡាវ វៀតណាម និងប្រទេសមេគង្គដទៃទៀតក្នុងការបំពេញគម្លាតឌីជីថល បង្កើនសមត្ថភាពរបស់ពួកគេក្នុងការធ្វើសមាហរណកម្ម និងចូលរួមនៅក្នុងសេដ្ឋកិច្ចឌីជីថល ជំរុញការផ្លាស់ប្តូរឌីជីថលរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសទាំងបី និងចាក់បញ្ចូលកម្លាំងសន្ទុះដ៏ខ្លាំងក្លាទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេសទាំងបី។
ប្រទេសចិនរីករាយក្នុងការធ្វើការជាមួយប្រទេសមេគង្គដើម្បីកសាង “កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ 2.0” ដែលមានលក្ខណៈសាមគ្គីភាពកិច្ចសហប្រតិបត្តិការ ភាពបើកចំហនិងលទ្ធផលឈ្នះ-ឈ្នះ ច្នៃប្រឌិតបៃតង សន្តិភាព និងភាពសុខដុម និងរួមគ្នាបើកទសវត្សរ៍មាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។

ឯកឧត្តមឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានលើកឡើងថា ឆ្នាំនេះគឺជាខួបទី១០ នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

ឯកឧត្តមបានបន្ថែមថា៖ “រដ្ឋាភិបាលចិនប្តេជ្ញាបន្តធ្វើការជិតស្និទ្ធជាមួយបណ្តាប្រទេសនៃតំបន់មេគង្គ ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជំនាន់ទី២ (LMC 2.0) ប្រកបដោយសាមគ្គីភាព និងបើកចំហ ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ នវានុវត្តន៍បៃតង សន្តិភាព និងភាពសុខុដុមរមនា ដើម្បីរួមគ្នាកសាងនូវទសវត្សរ៍មាសថ្មីនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។”

ចាប់តាំងពីឆ្នាំ២០១៧ មក កម្ពុជាបានទទួលផ្លៃផ្កាជាច្រើនពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះ រួមទាំងគម្រោងជាង ១០៦ គម្រោង ដែលទទួលបានថវិកាពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕រក្សាសិទ្ធដោយ៖សុទ្ធលី

×