Tuesday, May 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិទ្យាស្ថាន CEO រៀបចំសិក្ខាសាលា«យុទ្ធនាការ ខ្មែរត្រូវតែខ្លាំង» ស្តីអំពី “ពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ

ភ្នំពេញ៖ វិទ្យាស្ថានស៊ីអ៊ីអូ ដែលមាន ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ជាប្រធាន សហការជាមួយសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ហៅថា CEMEA ក្រោម «យុទ្ធនាការ ខ្មែរត្រូវតែខ្លាំង» បានរៀបចំសិក្ខាសាលាស្តីអំពី «ពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយ ដើម្បីស្វែងរកចំណុចប្រសព្វរវាងអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម។

បើតាមធម្មទានាចារ្យ កឹម អឿន នាយកប្រតិបត្តិវិទ្យាស្ថានស៊ីអ៊ីអូ បានលើកឡើងថា សិក្ខាសាលាដ៏មានសំខាន់នេះ រៀបចំឡើងថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២៦ នៅរាជបណ្ឌិតសភាកម្ពុជា ក្នុងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមជាក់ស្តែងប្រមាណ ជាង ៥០០នាក់។ នៅក្នុងកម្មវិធី លោកបន្តថា យុទ្ធនាការនេះ បានរៀបចំឡើងចំនួន ៧លើកហើយ រួមទាំងលើកនេះទៀត។ លោកបញ្ជាក់ថា ដើម្បីធ្វើឱ្យយើងខ្លាំងបាន គឺយើងគ្រប់គ្នាត្រូវតែហ៊ាននិយាយនូវអ្វី ដែលជាបញ្ហាខាងក្នុងចេញមកខាងក្រៅ ដើម្បីរួមគ្នាដោះស្រាយ ទើបយើងអាចទទួលបានជោគជ័យ។

សិក្ខាសាលាដែលបានរៀបចំឡើង ដោយផ្តោតសំខាន់ទៅលើវិស័យសារព័ត៌មាន បានអញ្ជើញវាគ្មិនសំខាន់ៗជាច្រើនរូប ខ្លះគឺជាចាងហ្វាង និពន្ធនាយក ឬជាម្ចាស់ស្ថាប័នសារព័ត៌មានសំខាន់ៗនៅកម្ពុជា។ វាគ្មិននីមួយៗបានចែករំលែកនូវបទពិសោធន៍ បញ្ហាគន្លិះ និងប្រធានបទផ្សេងៗពីគ្នា រួមមានៈ លោក កៃ គឹមសុង អនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បង្ហាញពីប្រធានបទ ទាក់ទងទៅនឹង របៀបធ្វើសារប្រព័ត៌មាន និងផ្សព្វផ្សាយបែបវិជ្ជាជីវៈ ដើម្បីបង្កើនប្រសិទ្ធភាព, ឯកឧត្តម អ៊ុំ សារ៉ាវុធ ចាងហ្វាងសារព័ត៌មាន Cambodia Flash News ហៅកាត់ថា CFN ផ្ដោតលើប្រធានបទ ពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ, ឯកឧត្តម អ៊ិន មាន អ្នកជំនាញផ្នែកព័ត៌មានវិទ្យា និងសារព័ត៌មាន ផ្ដោតលើប្រធានបទ បង្កើនគំនិតអាជីវកម្ម និងបច្ចេកវិទ្យា ក្នុងវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ ឲ្យកាន់តែរីកចម្រើន និងចីរភាព, លោក សយ សុភាព អគ្គនាយកគេហទំព័រដើមអំពិល លើកឡើងពីគន្លឹះ ធ្វើយ៉ាងណាឲ្យវិស័យសារព័ត៌មាន និងផ្សព្វផ្សាយរបស់ខ្មែរយើង ឱ្យឈានទៅដល់កម្រិតអន្តរជាតិ។

ក្រៅពីវាគ្មិនសំខាន់ៗ ដែលជាអ្នកជំនាញខាងសារព័ត៌មាន ក្នុងវិស័យឯកជន ក៏មានតំណាងពីខាងវិស័យរដ្ឋចូលរួមផងដែរ។

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាគណៈអធិបតី ក៏បានលើកឡើងដែរថា ចំពោះយុទ្ធនាការខ្មែរត្រូវតែខ្លាំងនេះ លោកមានការពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ព្រោះយុទ្ធនាការទៀតសោត បានអញ្ជើញអ្នកដែលមានសមត្ថភាពពីគ្រប់ផ្នែក គ្រប់ជំនាញមកជួបគ្នា ហើយផ្ដល់នូវចំណេះដឹងឲ្យគ្នាទៅវិញទៅមក ដើម្បីយើងទាំងអស់គ្នាខ្លាំង និងធ្វើឲ្យខ្មែរខ្លាំងផងដែរ។

ឯកឧត្តម បានបន្តទៀតថា យុទ្ធនាការខ្មែរត្រូវតែខ្លាំង គឺជាយុទ្ធនាការជាតិមួយ ដែលបានធ្វើឡើង គឺពិតជាល្អ ត្រូវបរិបទសង្គម និងស្ថានភាពសង្គមនាពេលបច្ចុប្បន្ន។ លើសពីនេះ បាវចនានរបស់យុទ្ធនាការរួបរួម ស្តង់ដារ សមត្ថភាព គឺមានខ្លឹមសារស៊ីជម្រៅ។ បាវចនាដ៏ល្អនេះ ប្រសិនបើខ្មែរធ្វើបាន ខ្មែរពិតជាខ្លាំងយ៉ាងពិតប្រាកដ។

សូមបញ្ជាក់ថា សិក្ខាសាលានេះ មានគោលបំណងសំខាន់ គឺចង់ឲ្យអ្នកសារព័ត៌មានទាំងអាជីព និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គមទាំងអស់ ត្រូវបង្កើតស្តង់ដារមួយ ដែលមាន «DNA» របស់ខ្មែរ ក្នុងការផ្ទៀងផ្ទាត់ការពិត ក៏ដូចជាការកំណត់នូវ «សូចនាករលទ្ធផលគោលដៅ» កួបផ្សំនឹងនីតិវិធីប្រព្រឹត្តស្តង់ដារ ដើម្បីឲ្យការបញ្ចេញមតិ ប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃសីលធម៌ ធានាបាននូវការថែរក្សាអត្តសញ្ញាណជាតិ និងមិនរំលោភសិទ្ធិអ្នកដទៃ។ យុទ្ធនាការខ្មែរត្រូវតែខ្លាំងនេះ គឺជាកម្លាំងចលករដ៏មុតស្រួចមួយ ដែលត្រៀមខ្លួនជាស្រេច ក្នុងការដើរស្របតាមយុទ្ធសាស្ត្របច្ចកោណ និងចក្ខុវិស័យ កម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដើម្បីប្រជាជន និងជាតិ។

យុទ្ធនាការក្នុងថ្ងៃនោះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រធំៗចំនួន ២ ដែលជាសសរទ្រូងនៃមហាសាមគ្គីភាពជាតិ៖
១. ការកសាងមហាសាមគ្គីភាព និងការតភ្ជាប់ចំណុចប្រសព្វ: ក្នុងយុគសម័យឌីជីថល ការរួបរួមរវាង “អ្នកសារព័ត៌មានអាជីព” ដែលកាន់ក្រមសីលធម៌ និង “អ្នកមានឥទ្ធិពលលើបណ្តាញសង្គម (KOLs/Influencers)” ដែលមានភាពស្ទាត់ជំនាញក្នុងការផ្សព្វផ្សាយ គឺជាកម្លាំងចលករដែលមិនអាចខ្វះបាន។ ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាប្រមូលផ្តុំអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយទាំងអស់ឱ្យក្លាយជា “ធ្លុងមួយ” ដើម្បីពង្រឹងភាពខ្លាំងរួមគ្នា ក្រោមពាក្យស្លោក «រួមគ្នាដើម្បីខ្លាំង»។
២. ការវាយទម្លុះរបាំងព័ត៌មានទៅកាន់ឆាកអន្តរជាតិ: នេះជាបេសកកម្មសំខាន់ក្នុងការស្វែងរកឫសគល់នៃបញ្ហា និង “វាយទម្លុះរបាំង” ដែលកំពុងរារាំងមិនឱ្យព័ត៌មានវិជ្ជមាន និងភាពរីកចម្រើនពិតប្រាកដរបស់កម្ពុជា ទៅដល់មជ្ឈដ្ឋានអន្តរជាតិ។ យើងនឹងពិភាក្សាស៊ីជម្រៅថា៖ «ហេតុអ្វីបានជាជនបរទេស និងមហាជននៅក្រៅប្រទេស នៅតែមិនទាន់ទទួលបានព័ត៌មានល្អៗពីកម្ពុជា?» និងការកំណត់ផែនទីបង្ហាញផ្លូវ ដើម្បីប្រែក្លាយអ្នកផ្សព្វផ្សាយខ្មែរ ឱ្យទៅជាអ្នកនាំសារដ៏មានឥទ្ធិពលលើឆាកសកល៕រក្សាសិទ្ធដោយ៖សុទ្ធលី

×