Monday, May 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាសាលាស្តីពី “ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ឆ្នាំ២០២៧ – ២០២៨”

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំសិក្ខាសាលាស្តីពី ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ឆ្នាំ២០២៧ – ២០២៨ ក្រោមប្រធានបទ “ការវាយតម្លៃ និងការកំណត់ទីផ្សារទេសចរណ៍អាទិភាពសម្រាប់កម្ពុជា ឆ្នាំ២០២៧ – ២០២៨” ក្រោមអធិបតីភាពដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារ “ផ្នែកទេសចរណ៍” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ “ផ្នែកទេសចរណ៍” តំណាងផ្នែកឯកជន។ សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់សមាជិកក្រុមការងារ “ផ្នែកទេសចរណ៍” តំណាងទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន​, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាភិបាលសិក្សា និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងតំណាងសមាគម ក្រុមហ៊ុនឯកជនពាក់ព័ន្ធក្នុងវិស័យទេសចរណ៍មួយចំនួនទៀតផងដែរ។ ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ផេង គន្ធាបូរី – អនុប្រធាន និងកញ្ញា គង់ សម្ភស្ស ក្នុងនាមសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ដែលជាតំណាងឲ្យលោកជំទាវជីប យុទ្ធារី ប្រធានសមាគម។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះមានគោលបំណង ដើម្បី៖
១. កំណត់ទីផ្សារទេសចរណ៍អាទិភាព និងទីផ្សារដែលមានសក្តានុពលសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២៧-២០២៨
២. ស្វែងយល់អំពីនិន្នាការធ្វើដំណើរដែលជះឥទ្ធិពលលើតម្រូវការទេសចរណ៍ក្នុងស្រុក
៣. ពិនិត្យមើលបញ្ហាប្រឈមដែលប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែង រួមទាំងការតភ្ជាប់ផ្លូវអាកាស និងតម្លៃ
៤. ពិនិត្យលើការយល់ឃើញរបស់ភ្ញៀវទេសចរ ការយល់ច្រឡំផ្សេងៗ និងឧបសគ្គក្នុងការកក់ការធ្វើដំណើរ និង
៥. ដាក់ចេញនូវអនុសាសន៍ជាក់ស្ដែង ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងទេសចរណ៍របស់កម្ពុជា។

សូមជម្រាបជូនថា ក្នុងកាលៈទេសៈដែលវិស័យទេសចរណ៍របស់កម្ពុជាកំពុងបន្តការងើបឡើងវិញ ឧស្សាហកម្មនេះកំពុង ឈានចូលដល់ដំណាក់កាលយុទ្ធសាស្ត្រមួយ ដែលមិនត្រឹមតែផ្តោតលើការបង្កើនចំនួនភ្ញៀវទេសចរណ៍ប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងផ្តោតលើការកំណត់ប្រភពទីផ្សារឱ្យបានត្រឹមត្រូវ ដើម្បីជំរុញកំណើនប្រកបដោយនិរន្តរភាព បង្កើនការចំណាយរបស់ភ្ញៀវទេសចរ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់គោលដៅទេសចរណ៍។

ក្នុងបរិបទនៃការប្រកួតប្រជែងនៅក្នុងតំបន់ យើងត្រូវស្វែងយល់ឱ្យកាន់តែច្បាស់អំពីការប្រែប្រួលនៃនិន្នាការធ្វើដំណើរ ចំណូលចិត្តទីផ្សារ និងកត្តា រចនាសម្ព័ន្ធដែលមានឥទ្ធិពលលើការជ្រើសរើសគោលដៅទេសចរណ៍ រួមមាន៖ ការតភ្ជាប់ផ្លូវអាកាស តម្លៃ និងការកំណត់ទីតាំងផលិតផលទេសចរណ៍។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ នឹងដើរតួរជាវេទិកាដើម្បីបង្ហាញទិសទស្សនទានសម្រាប់វិស័យឯកជន រដ្ឋ លើទីផ្សារ
ទេសចរណ៍អាទិភាពរបស់កម្ពុជា ជាមួយគ្នានឹងជម្រើសដំណោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលប៉ះពាល់ ដល់សមត្ថភាពប្រកួតប្រជែង។ ធាតុចូលដែលទទួលបាននឹងរួមចំណែកក្នុងការកំណត់ទិសដៅទេសចរណ៍ កម្ពុជាឆ្ពោះទៅឆ្នាំ ២០២៧-២០២៨ ដោយធានានូវវិធីសាស្ត្រអភិវឌ្ឍន៍ទីផ្សារដែលមានគោលដៅច្បាស់លាស់ ប្រកួតប្រជែង និងមាននិរន្តរភាព។

តាមរយៈសិក្ខានេះក៏មានការធ្វើការពិភាក្សាដែលមានការចូលរួមពីតំណាងវិស័យសំខាន់ៗនៃប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ក្រោមប្រធានបទសំខាន់ៗរួមមាន៖ ១. និន្នាការធ្វើដំណើរសកល និងតំបន់ ដែលជះឥទ្ធិពលលើតម្រូវការក្នុងវិស័យទេសចរណ៍មកកម្ពុជា, ២. ការកំណត់ប្រភពទីផ្សារអាទិភាព (ទីផ្សារដែលមានស្រាប់ និងទីផ្សារដែលមានសក្តានុពល), ៣. តួនាទីនៃការតភ្ជាប់ផ្លូវអាកាស និងតម្លៃ ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង, ៤. តម្រូវការរបស់ភ្ញៀវទេសចរ និងបញ្ហាប្រឈមក្នុងការកក់ការធ្វើដំណើរ, ៥.
បញ្ហាប្រឈមក្នុងការបំប្លែង «ចំណាប់អារម្មណ៍» ឱ្យទៅជា «ការធ្វើដំណើរជាក់ស្ដែង», ៦. ការរៀបចំផលិតផល និងសមត្ថភាពប្រកួតប្រជែង ជាមួយទេសចរណ៍ក្នុងតំបន់, និង ៧.ឱកាស និងដំណោះស្រាយជាក់ស្តែង ដើម្បីពង្រឹងជំហររបស់កម្ពុជា៕ រក្សាសិទ្ធដោយ៖ CEN

×