ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោក Akira Yoshimoto ប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់ លើបច្ចុប្បន្នភាពប្រតិបត្តិការរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដោយមានការចូលរួមពីអ្នកតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាជាច្រើនរូបផងដែរ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីស្តាប់នូវមតិយោបល់ថ្មីៗរបស់ផ្នែកឯកជន និងពិនិត្យលើការគាំទ្រផ្សេងៗសំដៅបន្តលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ក្រុមហ៊ុនដែលបានបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា នាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ។
ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ វត្តមានរបស់ លោកប្រធានសមាគម តំណាងក្រសួង-ស្ថាប័ន សមាគម និងវិស័យឯកជនជប៉ុនដែលបានអញ្ជើញចូលរួមយ៉ាងកុះករនាឱកាសនេះ និងបានថ្លែងអំណរគុណជូនចំពោះវិនិយោគិនជប៉ុនទាំងអស់ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។
ជាមួយគ្នានេះ លោកប្រធានសមាគមបានសម្តែងនូវការថ្លែងអំណរគុណជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែទទួលស្តាប់នូវការលើកឡើងរបស់ផ្នែកឯកជន និងផ្តល់ការគាំទ្ររហូតមក។ សមាគមជប៉ុនបានបញ្ជាក់ផងដែរថា តាមរយៈ ការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលតាមរយៈយន្តការផ្សេងៗ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់កម្រិត បានធ្វើឱ្យសមាជិករបស់ខ្លួនកាន់តែមានសុទិដ្ឋិនិយមខ្ពស់ និងទំនុកចិត្តជាមួយនឹងការបណ្តាក់ទុនវិនិយោគរបស់ខ្លួននៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី








