ទីក្រុងតូក្យូ ប្រទេសជប៉ុន ៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំង នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញជួបសម្ដែង ការគួរសមជាមួយ ឯកឧត្ដមបណ្ឌិត តាណាកា អាគិហិក្សា ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល JICA ក្នុងទីក្រុងតូក្យូ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះភាពជាដៃគូយូរអង្វែង និងដ៏មានតម្លៃបំផុតរបស់ JICA ជាមួយប្រទេសកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់របស់ JICA ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យសំខាន់ៗ ដូចជា ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាពធនធានមនុស្ស និងភាពធន់នឹងគ្រោះមហន្តរាយ។ កិច្ចខិតខំប្រឹងប្រែងទាំង នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងការធ្វើសមាហរណកម្មក្នុងតំបន់របស់ប្រទេសកម្ពុជា។
ឯកឧត្តមឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់ពីអាទិភាពអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដោយសង្កត់ធ្ងន់លើកំណើនប្រកប ដោយចីរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស ភាពធន់នឹងអាកាសធាតុ និងបរិវត្តកម្មឌីជីថល។ នៅក្នុងបរិបទនេះ ឯកឧត្តម បានបង្ហាញពីសំណើរបស់ប្រទេសកម្ពុជា សម្រាប់ការគាំទ្រជាបន្តបន្ទាប់ពី JICA នៅក្នុង វិស័យអាទិភាពសំខាន់ពីរ៖ ទីមួយ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងការតភ្ជាប់ រួមទាំងការពង្រីកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់ ការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ទឹក និងបញ្ជូនថាមពលក្នុង រាជធានីភ្នំពញ និងទីក្រុងសំខាន់ៗ និងការពង្រីកការតភ្ជាប់ក្នុងតំបន់នៅតាមច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ដើម្បី សម្រួលដល់ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន នៅទូទាំងអនុតំបន់មេគង្គ។ ទីពីរ ក្នុង ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រួមទាំងការពង្រីកអាហារូបករណ៍ក្រោមកម្មវិធី JDS (ជំនួយឥតសំណងជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស) ការបណ្តុះបណ្តាលបច្ចេកទេស ភាពជាដៃគូស្ថាប័ន និងការកសាងសមត្ថភាព ហើយនិងការបន្តចូលរួមរបស់អ្នកស្ម័គ្រចិត្ត JICA ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជនបទ ក៏ដូចជាដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រជាជននិងប្រជាជន។ លើសពីនេះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែង ចំណាប់អារម្មណ៍របស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ JICA ក្នុងគំនិតផ្តួចផ្តើមបរិវត្តកម្មឌីជីថល និងសម្រេចឱ្យបាននូវ គោលដៅនៃប្រទេសកម្ពុជា ដែលគ្មានមីននៅឆ្នាំ២០៣០។
ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត រួមគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន៕ រក្សាសិទ្ធដោយ៖សុទ្ធលី




