សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។ ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី១៨ (ដប់ប្រាំបី)ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ដោយឡែក ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។
កន្លងមកព្រះរាជាណាចក្រកម្ពុជា មានច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/១២០៦/០៣០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្តែច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ននិងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តនិរន្តរភាពគោលការណ៍គ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ កងយោធពលខេមរភូមិន្ទ បាននិងកំពុងអនុវត្តភារកិច្ចការពារជាតិ ចូលរួមក្នុងការអភិវឌ្ឍសង្គម និងជួយសង្គ្រោះគ្រប់រូបភាព និងអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលទាន់ពេលវេលា និងមានប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី




