Thursday, April 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្តកោះកុង ចេញដីកាសម្រេចមិនឃុំខ្លួនលើជនត្រូវចោទ យកដំបងវាយប្តីស្លាប់ និងសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ

កោះកុង ៖ ចៅក្រមសម្រេចមិនឃុំខ្លួនស្រ្តីម្នាក់ នៅភូមិ/ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង នៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះពោលគឺយកដំបងវាយប្តី។
ស្រ្តីរូបនេះ បានថ្លែងអំណរគុណ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ និងប្រធានសាលាដំបូង, លោកជំទាវ ព្រះរាជអាជ្ញា និងចៅក្រម ដែលបានរកយុត្តិធម៌ឱ្យខ្លួន។

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ អ្នកនាំពាក្យសាលាដំបងខេត្តកោះកុង បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី
ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ មានស្ថានទម្ងនទោសដោយសារមរណភាពនៃជនរងគ្រោះ។

អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខៈ១២៧ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ របស់អយ្យការអមសាលាដំបូងខេត្តកោះកុង តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ១១៣ អ.យ/២៦ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ • សម្រេចចោទប្រកាន់ជនត្រូវចោទឈ្មោះ សម្រេចចោទប្រកាន់ជនត្រូវចោទឈ្មោះ កៅ ណឹម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ពីបទៈ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ បញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ។

កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៣០នាទី មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោសដោយសារមរណៈភាពនៃជនរងគ្រោះចំនួន ១ ករណី ដែលបង្កឡើងដោយជនត្រូវចោទឈ្មោះ កៅ ណឹម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មូល ហេតុបណ្តាលមកពីជនរងគ្រោះ ត្រូវជាប្តីរបស់ជនត្រូវចោទ បានផឹកស៊ីស្រវឹងមកដល់ផ្ទះ រករឿងជនត្រូវចោទត្រូវជាប្រពន្ធ ឈ្មោះ កៅ ណឹម ក៏មានទំទាស់ពាក្យសម្តី និងឈ្លោះប្រកែកគ្នាពីរនាក់ប្តីប្រពន្ធ ហើយបានប្រតាយប្រតប់គ្នា ព្រមទាំងបាន ច្របាច់ករបស់ជនត្រូវចោទដែលត្រូវជាប្រពន្ធឈ្មោះ កៅ ណឹម បន្ទាប់មកជនរងគ្រោះជាប្តីបានយកដំបងឈើបួនជ្រុងវាយ ទៅលើក្បាលជនត្រូវចោទចំនួនមួយដំបង ត្រូវចំខាងឆ្វេងបែកក្បាលរបួសធ្ងន់ ឃើញបែបនេះជនត្រូវចោទត្រូវជាប្រពន្ធទ្រាំ មិនបានក៏ដណ្ដើមដំបងឈើនោះពីជនរងគ្រោះត្រូវជាប្តីវិញ ហើយក៏បានវាយទៅលើជនរងគ្រោះ ត្រូវចំក្បាលចំនួនពីរដំបង ឈើជ្រុង (របួសធ្ងន់)។ ក្រោយពីបានឃើញជនរងគ្រោះត្រូវជាប្តីរងរបួស ជនត្រូវចោទបានស្រែកហៅគេឱ្យជួយជូនប្តីរបស់ ខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ប៉ុន្តែដោយសារតែជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេក បណ្តាលឱ្យដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវ បន្ទាប់មកជនត្រូវចោទ ក៏បានដឹកសពជនរងគ្រោះត្រឡប់មកវិញ និងធ្វើបុណ្យតាមប្រពៃណី។

អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង សូមបញ្ជាក់ជូនថា ចៅក្រមស៊ើបសួរបានយកចិត្តទុកដាក់ក្នុងការបំពេញកិច្ច ស៊ើបសួរ ទាំងដោះបន្ទុក និងដាក់បន្ទុក ស្របតាមនីតិវិធីច្បាប់ ដោយយោងទៅលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងនានា នៅក្នុងសំណុំរឿងយល់ឃើញថា ជនរងគ្រោះដែលត្រូវជាប្តីរបស់ជនត្រូវចោទជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន និងជា មនុស្សញៀនស្រាជាប្រចាំ ដោយរាល់ពេលស្រវឹង ជនរងគ្រោះជាប្តីតែងតែរករឿង និងប្រើអំពើហិង្សាទៅលើកូន ប្រពន្ធជា ញឹកញាប់ ថែមទាំងគំរាមសម្លាប់កូន ប្រពន្ធ ព្រមទាំងមិនឱ្យកូន ប្រពន្ធប្តឹងសមត្ថកិច្ចថែមទៀតផង ម៉្យាងទៀតជនត្រូវចោទ មានរបួសស្នាមដោយសារជនរងគ្រោះជាប្តី ជាអ្នកបង្កឡើងដោយប្រើប្រាស់ដំបងវាយទៅលើជនត្រូវចោទជាប្រពន្ធ បន្ថែមពីនេះ ជនត្រូវចោទមានកូននៅក្នុងបន្ទុករហូតទៅដល់ ៦ នាក់ ដែលសុទ្ធសឹងតែជាអនីតិជនត្រូវការម្តាយដើម្បីចិញ្ចឹម ថែរក្សាទំនុកបម្រុងមើលថែជាប្រចាំថែមទៀត។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ស្តាប់ចម្លើយសាក្សី និងការពិនិត្យរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន ព្រម ទាំងពិនិត្យភស្តុតាងនានានៅក្នុងសំណុំរឿងខាងលើរួចមក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង បានពិចារណា យល់ឃើញអំពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គម និងផលលំបាក នៃជីវភាពនៅក្នុងគ្រួសាររបស់ជនត្រូវចោទ ហេតុនេះសម្រេច ចេញដីកាសម្រេចមិនឃុំខ្លួនលើជនត្រូវចោទ និងសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×