ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចកកម្ពុជា បានថ្លែងសុន្ទរកថាក្នុងអំឡុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតលើកទី ១៥២ របស់សហភាពអន្តរសភា (IPU)ក្រោមមូលបទ«ការពូនជ្រុំក្តីសង្ឃឹម ការថែរក្សាសន្តិភាព និងធានាយុត្តិធម៌សម្រាប់អ្នកជំនាន់ក្រោយ» ទីក្រុងស៊ីស្តង់ប៊ុល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តម អ៊ុច បូរិទ្ធ បានមានប្រសាសន៍ថា ក្នុងបរិបទសកលលោកដែលពោរពេញទៅដោយការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រកបដោយសភាពខុសប្លែកៗគ្នា និងកាន់តែមានគ្រោះថ្នាក់ ប្រធានបទរបស់យើងមិនត្រឹមតែមាន ភាពសមស្របតាមកាលៈទេសៈប៉ុណ្ណោះទេ តែជាការរំលឹកដ៏ឧឡារិកអំពីទំនួលខុសត្រូវដែលយើង មាន ក្នុងនាមជាសភា ក្នុងការលើកកម្ពស់សច្ចធម៌ ការពារសន្តិភាព និងការពារនីតិរដ្ឋ នៅពេល ដែលគុណតម្លៃអស់ទាំងនេះកំពុងប្រឈមនឹងហានិភ័យបំផុត។
សម្រាប់កម្ពុជា សេចក្តីប្រាថ្នាទាំងនេះមិនមែនត្រឹមតែជាទស្សនទានអរូបិយប៉ុណ្ណោះទេ ប៉ុន្តែគឺជា មេរៀនដែលទទួលបានដោយលំបាក និងត្រូវបានបណ្ដុះចេញពីក្នុងភ្នក់ភ្លើងជម្លោះ សោកនាដកម្ម និងការរស់ឡើងវិញរបស់ប្រទេសជាតិ។ តាមរយៈបទពិសោធន៍ទាំងនេះ យើងខ្ញុំមានជំនឿ យ៉ាងមុតមាំថា សន្តិភាពយូរអង្វែងអាចរីកចម្រើនទៅបាន លុះត្រាតែមានការប្ដេជ្ញាចិត្តឥតងាករ ចំពោះសច្ចធម៌ យុត្តិធម៌ និងនីតិរដ្ឋមិនលម្អៀង។
ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានថ្លែងបន្តទៀតថា មេរៀនប្រវត្តិសាស្ត្រ និងបទពិសោធន៍ដែលទទួលបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បី ដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងក្រៅតំបន់ បានបញ្ជាក់យ៉ាងច្បាស់នូវសច្ចភាពដ៏សំខាន់គឺ៖ «សេចក្តីសង្ឃឹម» ដែលខ្វះការទទួលខុសត្រូវ គ្រាន់តែជាការបោកបន្លំ និងជាសុបិនដែលត្រូវរលាយ សាបសូន្យ នៅពេលត្រូវប្រឈមនឹងការពិត។
«សេចក្តីសង្ឃឹម» អាចស្ថិតស្ថេរទៅបាន លុះត្រាតែ «ការពិត» ត្រូវបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន ហើយ «ការពិត» មិនអាចសម្រេចបាននោះទេ ប្រសិនបើប្រវត្តិសាស្ត្រត្រូវបានបំភ្លៃដោយចេតនា ទៅជា ការភូតកុហក ដើម្បីបម្រើផលប្រយោជន៍នយោបាយចង្អៀតចង្អល់ ដែលបង្កជាការសាបព្រោះគ្រាប់ ពូជកំហឹងនិងជម្លោះរវាងប្រជាជាតិ ដែលវាសនាតម្រូវឱ្យរស់នៅក្បែរគ្នា។
ដូចគ្នាដែរ មូលដ្ឋានគ្រឹះនៃ«យុត្តិធម៌» មិនអាចស្ថិតស្ថេរបានឡើយ នៅពេលដែលនីតិរដ្ឋត្រូវបាន ប្រើប្រាស់ដោយជ្រើសរើស ឬត្រូវបានបោះបង់ចោលដើម្បីផលប្រយោជន៍ផ្ទាល់ មិនថាក្នុង ក្របខ័ណ្ឌជាតិ ឬក្នុងទំនាក់ទំនងរវាងរដ្ឋអធិបតេយ្យ។ ការអនុវត្តបែបនេះនឹងធ្វើឱ្យបាត់បង់ទំនុក ចិត្តចំពោះគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពយូរអង្វែង។ យើងត្រូវប្តេជ្ញាចិត្តដោយ ឥតងាករក្នុងការអនុវត្តច្បាប់អន្តរជាតិប្រកបដោយសង្គតិភាព ដោយគ្មានការភ័យខ្លាច ឬការ យោគយល់។ ច្បាប់អន្តរជាតិគឺជាអាជ្ញាកណ្តាលមិនលម្អៀងដែលការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូរ របស់គ្រប់ប្រជាជាតិទាំងអស់ ដោយមិនប្រកាន់ប្រទេសធំឬតូច នោះឡើយ។
ការប្តេជ្ញាចិត្តចំពោះសង្គតិភាពនេះ ក៏ត្រូវតែគ្រប់គ្រងលើការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី និង អន្តរជាតិផងដែរ។ ជាការពិតណាស់ ស្ថិរភាពក្នុងតំបន់គឺអាស្រ័យទៅលើការគោរពឥតងាករេចំពោះ សន្ធិសញ្ញា និងការរៀបចំព្រំដែននានា ដែលបានបង្កើតឡើងរួចហើយ។ សន្តិភាពមិនអាចរក្សាបាន ឡើយ នៅពេលដែលក្របខ័ណ្ឌទាំងនេះ ត្រូវបានបកស្រាយខុសៗគ្នា ឬអនុវត្តដោយគ្មាន សង្គតិភាព។ ស្រដៀងគ្នានេះដែរ បទឈប់បាញ់ត្រូវតែបានគោរពឱ្យបានទាំងខ្លឹមសារ និងស្មារតី ដែលជាការសន្យាដ៏មានអត្ថន័យចំពោះសន្តិភាព ជាជាងគ្រាន់តែជាការផ្អាកប្រយុទ្ធមួយគ្រា ដើម្បីកែសម្រួលយុទ្ធសាស្ត្រ។
កាលណាសកម្មភាពនៅលើទីលានជាក់ស្តែង មានភាពផ្ទុយគ្នាពីការយល់យោគគ្នាដែលសម្រេច បានតាមរយៈការសន្ទនា វានឹងធ្វើឱ្យចុះខ្សោយនូវទំនុកចិត្ត ដោយជៀសមិនរួច។ នៅក្នុងបរិបទនេះ សកម្មភាពនៅក្នុងតំបន់ដែលងាយរងគ្រោះ ត្រូវតែអនុវត្តដោយការប្រុងប្រយ័ត្ន និងការអត់ធ្មត់ខ្ពស់ បំផុត បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីកុំឱ្យប៉ះពាល់ដល់មាគ៌ាឆ្ពោះទៅរកការដោះ ស្រាយដែលភាគីទាំងសងខាងអាចទទួលយកបាន។
លើសពីបច្ចេកទេសច្បាប់ និងការទូត យើងត្រូវតែនឹកឃើញដល់ការលំបាកវេទនារបស់ប្រជាជន និង ការបាត់បង់តម្លៃវប្បធម៌ ដែលបណ្តាលមកពីជម្លោះនោះផងដែរ។ ផលវិបាកទាំងនេះ ប៉ះពាល់ ខ្លាំងបំផុតទៅលើប្រជាសហគមន៍ដែលយើងកំពុងបម្រើ។ សម្រាប់ប្រជាជនដែលផ្ទះសម្បែងរងការ ខូចខាត និងជីវិតត្រូវបានរងទុក្ខរង្គោះរង្គើដោយសារជម្លោះ បញ្ហាទាំងនេះមិនមែនជាក្តីបារម្ភបែបអ រូបិយនោះទេ ប៉ុន្តែវាគឺជាការពិតដ៏ជូរចត់ ដែលកំពុងតែបំផ្លាញរាល់លទ្ធភាពនៃ “ការផ្សះផ្សារគ្នា”។ លើសពីនេះ ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការប្រមាថដល់ការទទួលខុសត្រូវរួមរបស់ យើងក្នុងការថែរក្សាកេរដំណែលរបស់មនុស្សជាតិ ដែលជាទ្រព្យសម្បត្តិមានតម្លៃជាសកលមិនអាច កាត់ថ្លៃបាន និងហួសពីព្រំដែននៃប្រទេសនីមួយៗ។
ឯកឧត្តមបានបន្តទៀតថា ផ្លូវខាងមុខពិតជាមានភាពលំបាកខ្លាំង ប៉ុន្តែបេសកកម្មរបស់យើងគឺច្បាស់លាស់ណាស់។ ប្រសិន បើយើងចង់បន្សល់ទុកនូវពិភពលោកមួយដែលពោរពេញដោយក្តីសង្ឃឹម និងយុត្តិធម៌សម្រាប់ ជំនាន់ក្រោយ យើងត្រូវតែធ្វើសកម្មភាពដោយភាពម៉ឺងម៉ាត់ និងការប្ដេជ្ញាចិត្តខ្ពស់បំផុត។ យើងទាំង អស់គ្នាត្រូវរួបរួមកម្លាំងបញ្ញា និងភាពក្លាហាន ដើម្បីដោះស្រាយឫសគល់នៃជម្លោះ គោរពតាមការ ប្តេជ្ញាចិត្ត និងប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងឡាយ ដែលចងភ្ជាប់យើងក្នុងនាមជាសហគមន៍ អន្តរជាតិ។ ១០. មានតែការធ្វើបែបនេះប៉ុណ្ណោះ ទើបយើងអាចបំពេញកាតព្វកិច្ចចំពោះអ្នកជំនាន់ក្រោយដើម្បីឱ្យ ពួកគេរស់នៅក្នុងពិភពលោកដែលយើងបន្សល់ទុកឱ្យ គឺពិភពលោកមួយដែលសន្តិភាពមិនមែនគ្រាន់តែជាការយល់សប្តិ ប៉ុន្តែជាសន្តិភាពពិតប្រាកដដែលយើងទាំងអស់គ្នាអាចរស់នៅបានយ៉ាងសុខសាន្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី






