ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការបើកការដ្ឋានសាងសង់ នៃគម្រោងស្ថានីយអគ្គិសនីបូមទឹកស្តុកទុកតាតៃលើ!។
ឯកឧត្តម Wang Wenbin បានថ្លែងបន្តទៀតថា ស្ថានីយអគ្គិសនីបូមទឹកស្តុកទុកតាតៃលើ គឺជាស្ថានីយអគ្គិសនីបូមទឹកស្តុកទុកដំបូងបង្អស់នៅប្រទេសកម្ពុជា ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន។ បន្ទាប់ពីសាងសង់រួច គម្រោងនេះនឹងជួយពង្រឹងយ៉ាងខ្លាំងក្លានូវសមត្ថភាពនៃបណ្តាញអគ្គិសនីកម្ពុជា ក្នុងការកែសម្រួលការប្រើប្រាស់អគ្គិសនីនៅពេលមានតម្រូវការខ្ពស់ ធានាបាននូវសុវត្ថិភាព និងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងជួយជំរុញកម្ពុជាឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតង គឺ “ការប្រើប្រាស់ថាមពលស្អាតឱ្យបាន ៧០% នៅឆ្នាំ ២០៣០”។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់បន្ថែមថា ចាប់តាំងពីឆ្នាំ ២០១០ មក ស្ថានីយអគ្គិសនីដែលវិនិយោគដោយក្រុមហ៊ុនចិន បានជួយឱ្យអត្រានៃការផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសកម្ពុជា កើនឡើងពី ៥០% ដល់ ៩៥.៨៨% និងបានជំរុញឱ្យសមាមាត្រថាមពលស្អាតនៅកម្ពុជាឡើងដល់ ៦៣.២៣% ដែលជាចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន។ យើងមានឆន្ទៈក្នុងការជួយកម្ពុជាសាងសង់ស្ថានីយអគ្គិសនីទំនើបៗបន្ថែមទៀត ដើម្បីបញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍឱ្យកាន់តែឆាប់រហ័ស និងនាំមកនូវសុភមង្គលកាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី






