ភ្នំពេញ : សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករ ថានឹងកើនឡើង ៤.៥% ក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល ដែលបង្កឡើងដោយ ជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ នេះបើយោងតាមបាយការណ៍សេដ្ឋកិច្ចពិសេសរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ។
ក្នុងសេណារីយោរបស់ ADB ករណីដែលស្ថានភាពនៅមជ្ឈិមបូព៌ាធូរស្រាលឆាប់រហ័ស កំណើន ត្រូវបានគាំទ្រដោយដំណើរការវិស័យកម្មន្តសាលដែលមានភាពធន់។ កំណើនត្រូវបានព្យាករថានឹងកើន ថែមទៀតដល់ ៥,០% នៅឆ្នាំ២០២៧ ដោយសារស្ថានភាពនៅក្រៅប្រទេសមានភាពប្រសើរឡើង ហើយ កំណែទម្រង់ក្នុងស្រុកបន្តលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។
នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Yasmin Siddiqi បានមានប្រសាសន៍ថា “កម្ពុជាបន្តបង្ហាញភាពធន់នឹងសម្ពាធពីខាងក្រៅ។ វិស័យកម្មន្តសាលនៅតែរឹងមាំ ហើយកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលកំពុងបន្តដើម្បីជំរុញវិស័យទេសចរណ៍នឹងជួយរក្សាសន្ទុះសេដ្ឋកិច្ច ទោះបីជាមាន បញ្ហាប្រឈមជាសកលក៏ដោយ។
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៦ ព្យាករថា វិស័យ កម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្ន ផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៧,៣% ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរ សម និង កំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ ដែលរួមមានគ្រឿងបង្គំអគ្គិសនី សំបកកង់ និង គ្រឿងសង្ហារឹម។ កំណើនមធ្យមនៃវិស័យកសិកម្មត្រូវបានរំពឹងថានឹងបន្តទទួលបាន០,៩% ដែលគាំទ្រដោយតម្រូវការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី។ គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលដែលលើក កម្ពស់ផលិតកម្មប្រកបដោយនិរន្តរភាព និង ធ្វើសមាហរណកម្មពលករចំណាកស្រុកដែលវិលត្រឡប់មក ក្នុងវិស័យនេះវិញ នឹងជួយពង្រឹងកំណើនក្នុងវិស័យនេះថែមទៀត។
កំណើនវិស័យសេវាកម្មត្រូវបានព្យាករថានឹងធ្លាក់ចុះពី ៣.៤% ក្នុងឆ្នាំ២០២៥ មកនៅត្រឹម ២.៣% ក្នុងឆ្នាំ២០២៦ ដោយសារផលប៉ះពាល់នៃការបិទព្រំដែនជាមួយប្រទេសថៃ។ ការវិនិយោគផ្ទាល់ពី បរទេសនៅតែមានភាពរឹងមាំក្នុងឆ្នាំ២០២៥ ជាមួយនឹងការវិនិយោគលើទ្រព្យសកម្មថេរដែលបានអនុម័ត កើនឡើង៤៥១៤ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងការបន្តធ្វើពិពិធកម្មផ្នែកផលិតកម្មដែល មានតម្លៃបន្ថែមតែខ្ពស់។
អតិផរណាត្រូវបានព្យាករថានឹងកើនឡើងដល់ ២,៨% ជាមធ្យមនៅឆ្នាំ២០២៦ ប្រសិនបើការ កើនឡើងនៃថ្លៃទំនិញសកលដោយសារជម្លោះនៅមជ្ឈិមបូព៌ា មិនអូសបន្លាយដល់រាប់ខែ។ ការប៉ះទង្គិច តម្លៃប្រេងឥន្ធនៈដែលអូសបន្លាយពេលយូរអាចបង្កើនថ្លៃដើមនាំចូល និង ជះឥទ្ធិពលអវិជ្ជមានដល់វិស័យ កសិកម្ម ផលិតកម្ម និងទេសចរណ៍។ ឱនភាពសារពើពន្ធត្រូវបានព្យាករថានឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ ២០២៦ ដោយសារការកើនឡើងនៃការចំណាយ រួមទាំងការគាំទ្រដល់គ្រួសារងាយរងគ្រោះ ខណៈដែល កំណើនប្រាក់ចំណូលធ្លាក់ចុះដោយសារកំណើនសេដ្ឋកិច្ចថយ។
ការសម្រេចបាននូវគោលដៅរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅ ឆ្នាំ២០៥០ ទាមទារឱ្យមានការបង្កើនផលិតភាពប្រកបដោយនិរន្តរភាព ដែលគាំទ្រដោយការវិនិយោគលើ មូលធនមនុស្ស។ គម្លាតជំនាញនៅតែជាបញ្ហាសំខាន់ ដោយនិយោជកតែងតែលើកឡើងពីបញ្ហាប្រឈម ក្នុងការស្វែងរកកម្មករដែលមានសមត្ថភាព។ ការកែទម្រង់របស់រាជរដ្ឋាភិបាល ដូចជាការធ្វើឱ្យមានការ ចូលរួមពីវិស័យឯកជននៅក្នុងស្ថាប័នបណ្តុះបណ្តាលសាធារណៈ នឹងជួយឱ្យការបណ្តុះបណ្តាលស្របតាម តម្រូវការទីផ្សារ និងពង្រឹងកម្លាំងពលកម្ម។
លោកស្រី Siddiqi បានបន្ថែមថា “ការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយផលិតភាពគឺចាំបាច់ សម្រាប់ការទាក់ទាញការវិនិយោគចម្រុះប្រកបដោយគុណភាព ហើយកិច្ចសហការរវាងវិស័យសាធារណៈ និង ឯកជនក្នុងការអភិវឌ្ឍជំនាញគឺមានសារៈសំខាន់ណាស់ ក្នុងការសម្រេចបាននូវកំណើនរយៈពេលវែង របស់កម្ពុជា។”
ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និង ការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។រក្សាសិទ្ធដោយ៖សុទ្ធលី










