សិង្ហបុរី៖ នាព្រឹកថ្ងៃព្រហ្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហព័ន្ធធុរកិច្ចសិង្ហបុរី ប្រទេសសិង្ហបុរី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា៖ “កម្ពុជា ជាទិសដៅយុទ្ធសាស្ត្រសម្រាប់ធុរកិច្ចសិង្ហបុរី ក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មក្នុងតំបន់ តាមរយៈការបន្តអនុវត្តគោលនយោបាយបើកចំហពាណិជ្ជកម្ម ទាក់ទាញវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ជំរុញការនាំចេញ និងការធ្វើទំនើបកម្មបរិយាកាសធុរកិច្ច”។
លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងបែបនេះ នាឱកាសដែល លោកជំទាវ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសិក្ខាសាលាធុរកិច្ចស្តីពី “កម្ពុជា៖ ទស្សនវិស័យធុរកិច្ចឆ្នាំ២០២៦ និងឱកាសធុរកិច្ច–Cambodia: Business Outlook 2026 and Unlocking Opportunities” ដែលរៀបចំឡើងដោយ សហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Aquarii BD Cambodia និងមានការចូលរួមពីធុរជនកម្ពុជា តំណាងវិស័យឯកជនសិង្ហបុរី និងសមាជិកសហព័ន្ធធុរកិច្ចសិង្ហបុរី វិនិយោគិន ធុរជន ព្រមទាំងដៃគូពាណិជ្ជកម្មជាច្រើនរូប ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងពិភាក្សាអំពីឱកាសសហប្រតិបត្តិការ ក្នុងវិស័យអាទិភាព រួមមាន៖ ភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់, កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបអាហារ, សេដ្ឋកិច្ចឌីជីថល, និងឧស្សាហកម្មតម្លៃបន្ថែមខ្ពស់ ជាដើម។ រក្សាសិទ្ធដោយ៖សុទ្ធលី











