សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (ស.ម.អ.ស) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដែលបានដើរតួនាទីយ៉ាងសំខាន់ បង្កើនការផលិតក្នុងស្រុក ទាំងបរិមាណនិងគុណភាព ជំនួសឱ្យការនាំចូលពីបរទេស ធានាបាននូវនិរន្តរភាពនៃទំនិញក្នុងស្រុក ក្រោមទិសស្លោក “ខ្មែរធ្វើបាន” “ខ្មែរជួយខ្មែរ” និង “ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន”។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតជូនប្រតិភូថ្នាក់ដឹកនាំសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ស្របពេលដែលរាជរាជរដ្ឋាភិបាលប្រារព្ធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ នៅថ្ងៃទី៩ ខែមេសាខាងមុខនេះ។
សម្តេចបានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល។
វត្តមានសហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) មានប្រមាណ ៧៥ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។ អ្វីដែលជាមោទនភាពបំផុតនោះ គឺការឃើញឧស្សាហកម្មរបស់យើងកំពុងធ្វើបរិវត្តកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា ដែលនេះជាមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់ចីរភាពនៃសេដ្ឋកិច្ចជាតិក្នុងយុគសម័យឌីជីថល។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីសម័យ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រហូតមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសហគ្រាសធុនតូច និងមធ្យម។
សម្តេចរដ្ឋសភាធិបតីបានលើកទឹកចិត្តដល់សម្ពន្ធ័សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ឱ្យបន្តដើរតួជាក្បាលម៉ាស៊ីនក្នុងការរុញច្រានការបណ្តុះបណ្តាលផ្នែកនវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មិនត្រឹមតែជាអ្នកការពារផលប្រយោជន៍សហគ្រិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា “អ្នកលើកកម្ពស់មោទនភាពផលិតផលខ្មែរ” លើឆាកអន្តរជាតិ ដែលសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ ចាំបាច់ត្រូវបន្តពង្រឹង និងពង្រីកឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
ឧកញ៉ា តែ តាំងប៉ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតដល់គណៈប្រតិភូបានជួបសម្តែងការគួរសម ព្រមទាំងបានរាយការណ៍ពីវឌ្ឍនភាពរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជូនសម្តេចនៅក្នុងឱកាសនេះថែមទៀតផង។
សម្តេចប្រធានរដ្ឋសភាបានអនុញ្ញាតជូន ឧកញ៉ា តែ តាំងប៉ និងសហការី ធ្វើការបន្តជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរិះរកមធ្យោបាយបន្ថែមទៀត ក្នុងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែរីកចម្រើនឡើង។
សូមជម្រាបជូនថា ដើម្បីលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតែងប្រារព្ធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ នៅថ្ងៃទី៩ ខែមេសា។ ឆ្នាំ២០២៦នេះ ជាខួបលើកទី៩ ដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ក្រោមប្រធានបទ “ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន”។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលប្រទេសជាតិជួបការលំបាកពីសង្គ្រាមឈ្លានពានរបស់បរទេស ក៏ដូចជាការផ្ទុះសង្គ្រាមនៅគ្រប់ជ្រុងនៃពិភពលោកដូចពេលបច្ចុប្បន្ននេះ បង្កើតវិបត្តិកាន់តែច្រើនឡើង ជាពិសេសវិបត្តិថាមពល ដែលជាវិបត្តិដ៏ធ្ងន់ធ្ងរមួយសម្រាប់សកលលោកទាំងមូល។ ទំាងអស់នេះជាឧបសគ្គដ៏ធំដល់ការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម ផងដែរ។ ប៉ុន្តែឆ្លងកាត់ការលំបាកនេះ យើងត្រូវចេះប្រើប្រាស់ឱកាសនេះ ជាការពង្រឹងការផលិត បង្កើនសន្តិសុខសេដ្ឋកិច្ចរបស់ជាតិឱ្យខ្លាំង និងធន់។
សម្តេចបានសង្កត់ធ្ងន់ថា ការពង្រឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាការចាំបាច់បំផុត ក្នុងការកសាងសន្តិសុខសេដ្ឋកិច្ច និងការផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក។ អ្វីដែលជាមោទនភាពបំផុតនោះ គឺនៅពេលនេះ ឧស្សាហកម្មរបស់យើងកំពុងធ្វើបរិវត្តកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា ដែលនេះជាមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់ចីរភាពនៃសេដ្ឋកិច្ចជាតិក្នុងយុគសម័យឌីជីថល។ នេះមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសញ្ញាដាស់តឿនឱ្យយើងត្រូវរួមគ្នាពង្រឹងគុណភាពផលិតផល ឱ្យស្របតាមស្តង់ដារដែលនឹងអាចប្រកួតប្រជែងដោយសមធម៌ នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី










