Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោលការណ៍រួមចំនួន ៤ចំណុច ត្រូវបានកំណត់ក្នុងការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ

ក្នុងកិច្ចប្រជុំលើកទី១៣ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគ.វ.រ. ក៏ដូចជាលេខាធិការដ្ឋាននៃគ.វ.រ. បានកំណត់គោលការណ៍រួមចំនួន ៤ចំណុច សម្រាប់ការអនុវត្តក្នុងការរៀបចំតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល ក្នុងមុខតំណែងគ្រប់គ្រង និងថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី
ដើម្បីឱ្យស្របតាមអភិក្រម «រៀបចំផ្ទះឱ្យបានរៀបរយ» និង «ពង្រឹងជាជាងពង្រីក» ព្រមទាំងដើម្បីរក្សានូវអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល ដោយមានចែងនៅក្នុងសេចក្ដីព្រាងសេចក្តីណែនាំស្តីពី «ការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ»។

គោលការណ៍រួមទាំង ៤ចំណុចនេះរួមមាន៖
(១)ការរៀបចំតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល ក្នុងមុខតំណែងគ្រប់គ្រងនិងថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី ត្រូវតែងតាំងតែមន្ត្រីរាជការស៊ីវិលទាំងឡាយណាដែលបាន និងកំពុងកាន់មុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នឹងថ្នាក់ប្រហាក់ប្រហែលដែលមានស្រាប់ លើកលែងរចនាសម្ព័ន្ថថ្មី ត្រូវការនូវមន្ត្រីរាជការស៊ីវិល ដែលមានគុណវុឌ្ឍិ និងគុណសម្បត្តិស័ក្តិសម ស្របតាមតាមតម្រូវការរបស់អង្គភាពថ្មី។

(២)ការរៀបចំតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល ថ្នាក់អគ្គលេខាធិការរង ឬអគ្គនាយករង ឬអគ្គាធិការរង ឬអនុប្រធាននាយកដ្ឋាន ឬអធិការរង ឬអនុប្រធានការិយាល័យ ឬថ្នាក់ប្រហាក់ ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី ត្រូវអនុវត្តត្រឹមចំនួនដែលមានស្រាប់ប៉ុណ្ណោះ។
(៣)មន្ត្រីរាជការស៊ីវិលដែលត្រូវបានប៉ះពាល់ដោយការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធថ្មី ត្រូវរក្សាទុកអត្ថប្រយោជន៍ផ្នែកបៀវត្សយ៉ាងហោចក្នុងកម្រិតដដែល។

(៤)ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ត្រូវរៀបចំតែងតាំងមន្ត្រីរាជការស៊ីវិលទៅតាមរចនាសម្ព័ន្ធថ្មីឱ្យបានរួចរាល់ យ៉ាងយូរបំផុតត្រឹម រយៈពេល ៣(បី)ខែ បន្ទាប់ពីកាលបរិច្ឆេទនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង ការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធថ្មី ឬយ៉ាងយូរបំផុតត្រឹមរយៈពេល ៣(បី)ខែ បន្ទាប់ពី សេចក្តីណែនាំនេះចូលជាធរមាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×