Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តស្នើសុំអ្នកមកលេងសួនផ្កាមេត្តារក្សាអនាម័យទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

ខេត្តកំពង់ចាម: ដើម្បីទាក់ទាញភ្ញៀវមកលេងឱ្យកាន់តែច្រើនក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្តបានរៀបចំបង្កើតសួនផ្កាចម្រុះពណ៌១០ ម៉ឺនគុម្ព នៅចំណុចក្រោមស្ពានគីហ្ស៊ុណាក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម
កំពុងតែរីកជាបណ្ដើរៗ ដោយបានទាក់ទាញភ្ញៀវមកពីគ្រប់ទិសទីខ្លះនៅខេត្តត្បូងឃ្មុំ រាជធានីភ្នំពេញ ព្រមទាំងតំបន់មួយចំនួនទៀត ឆ្លៀតមកលេងហ្នឹងថតរូបទុកជាអនុស្សាវរីយ៍ព្រោះតែឃើញផ្ការីកស្រស់ស្អាតគួរឱ្យគយគន់។
នេះជាលើកទី២ហើយដែលរដ្ឋបាលខេត្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ដាំផ្កានិងបង្កើនភ្ញៀវទេសចរណ៍មកលេងក្រុងកំពង់ចាមឲ្យកាន់តែច្រើន។

លោកលី សុវណ្ណ អភិបាលក្រុងកំពង់ចាមបានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី៦ មេសា ឆ្នាំ២០២៦ថា: ក្រោមការចង្អុល បង្ហាញពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត ដោយឱ្យបង្កើតសួនផ្កានៅមាត់ទន្លេក្រុងកំពង់ចាម ក្រោយពីទឹកទន្លេបានស្រកទៅវិញ។ជាមួយនោះក្រុមកម្មកររបស់សាលាក្រុងរួមទាំងមន្ត្រីជំនាញកសិកម្ម បានសម្អាតដីនៅច្រាំងទន្លេដើម្បីដាំផ្កាចម្រុះពណ៌ក្នុងនោះរួមមាន÷ផ្ការីករាយ ផ្កាស្បៃរឿង ផ្កាឈូករ័ត្ន រួមទាំងផ្កាផ្សេងទៀតដែលមកដល់ពេលនេះក្រោមការថែទាំដិតដល់ពីក្រុមកម្មករឃើញថាផ្កាបានរីកស្រស់ស្អាតហើយមានមនុស្សមកលេងរាល់ថ្ងៃទាំងព្រឹករហូតដល់ល្ងាច។

លោកអភិបាលក្រុងកំពង់ចាមបន្តឲ្យដឹងទៀតថា ជាក់ស្ដែងនាល្ងាចថ្ងៃទី៥មេសាឯកឧត្តមអភិបាលខេត្តរួមនឹងសហការីជាច្រើននាក់ បានអញ្ជើញមកពិនិត្យមើលវឌ្ឍនភាពផ្ទាំងគំនូរគូនៅតាមជញ្ជាំងច្រាំងទន្លេក្នុងនោះក៏មានគូររូបភាពវីរៈយុទ្ធជនកងទ័ពជួបមុខ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋដែលមកមើលនិងដឹងគុណមិនអាចបំភ្លេចបាន។ ជាមួយនោះឯកឧត្តមអភិបាលខេត្តក៏សំណូមពរដល់បងប្អូនពលរដ្ឋអញ្ជើញមកមើលផ្កា ត្រូវចេះអនាម័យទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។មួយវិញទៀតដើម្បីធានាសុវត្ថិភាពដល់ម៉ូតូរបស់បងប្អូនគឺសាលាក្រុងកំពង់ចាមបានរៀបចំកន្លែងផ្ញើសំបុត្រត្រឹមត្រូវដោយចំណាយតែ៥០០រៀល គ្រាន់នឹងឲ្យកម្លាំងសន្តិសុខបានលុយទិញម្ហូបអាហារពិសារនិងមើលសន្តិសុខសណ្ដាប់ធ្នាប់នៅសួនផ្កា។ ព្រោះការរៀបចំបែបនេះធ្វើឡើងតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្តដើម្បីជៀសវាងបងប្អូន ដែលមកលេងហើយបាត់ម៉ូតូ ដើម្បីជៀសវាងបាតុភាពនេះគឺត្រូវមានការរៀបចំកន្លែងឲ្យបានត្រឹមត្រូវក្នុងការធានាសុវត្ថិភាព។ ទម្រាំដល់ពេលសង្ក្រាន្តបីថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខផ្កាឈូករ័ត្នរាប់ពាន់ដើមនិងរីកស្រស់ស្អាតគួរឱ្យគយគន់។ ក្នុងនាមអាជ្ញាធរក្រុងពិតជាសប្បាយរីករាយដោយបានឃើញប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីមកពីគ្រប់ទិសទី បាននាំគ្នាមកលេងសួនផ្កានៅក្រោមស្ពានគីហ្ស៊ុណា ក្រុងកំពង់ចាម នេះជាផ្នែកមួយដើម្បីលើកកម្ពស់វិស័យទេសចរណ៍ធ្វើយ៉ាងណាតាមការណែនាំរបស់ថ្នាក់ដឹកនាំខេត្តគឺទាក់ទាញមនុស្សមកលេងឱ្យកាន់តែច្រើន។សម្រាប់ឆ្នាំ ២០២៧ខាងមុខ អាជ្ញាធរនិងជ្រើសរើសពូជផ្កាចំរុះពណ៌ផ្សេងទៀតដើម្បីយកមកដាំនៅទីតាំងដដែល ។

ប្អូនស្រីរ៉ា ធារី អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលអូ ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងដែរថាតាមរយៈការមើល facebook ត្រូវបានគេចែកចាយបន្តគ្នាឃើញសួនផ្កាចម្រុះពណ៌មាត់ទន្លេក្រុងកំពង់ចាម ពិតជាស្រស់ស្អាត នារសៀលថ្ងៃទី៥មេសាឆ្នាំ ២០២៦ បានជិះម៉ូតូជាច្រើនគ្រឿងជាមួយសាច់ញាតិ ធ្វើដំណើរមកលេងហើយក៏បានឃើញផ្កាដែលដាំរីកពិតជាស្រស់ស្អាតមែន។ណាមួយអារម្មណ៍ធុញថប់ពេលមកដល់មាត់ទន្លេខ្យល់ជំនោរបោកបក់ធ្វើឲ្យទុក្ខកង្វល់ត្រូវរសាយអស់។ពិសេសពេលសង្ក្រាន្តចូលឆ្នាំប្អូនស្រីនិងសន្យាមកលេងទីនេះម្ដងទៀតព្រមទាំងហូបលៀសហាល៥តោន នៅក្រុងកំពង់ចាម ដើម្បីបង្កើតភាពរីករាយនឹងគេ ហើយមួយវិញទៀតលៀសហាលកំពង់ចាមគឺមានឈ្មោះបោះសំឡេងថាមានរសជាតិឆ្ងាញ់ទៀតផង។រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×