សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតអបអរសាទរ
ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆាំ្ន២០២៦
ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖ ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានផ្ញើសារ ចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោម ប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» ដែលគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ និងក្រសួងពាណិជ្ជកម្ម រួមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធនានា បានសហការគ្នារៀបចំឡើងនាពេលនេះ។ ជនរួមជាតិ ជាទីគោរព រាប់អាន!
ក្រោយសង្គ្រាម និងការបែកបាក់ជាតិអស់ជាច្រើនទសវត្សរ៍ កម្ពុជាបានចាប់ផ្ដើមដំណើរស្ដារឡើងវិញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភាពប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវការប្ដេជ្ញាចរចាសន្តិភាព ធ្វើឱ្យមាននូវកិច្ចព្រមព្រៀង នយោបាយ និងការរួបរួមជាតិ ជាពិសេសបាននាំមកនូវការត្រឡប់ឡើងវិញនៃ “ព្រះរាជាណាចក្រកម្ពុជា» ជាលើកទី២ ក្រោយពីត្រូវបានលុបបំបាត់ដោយរបបកម្ពុជាប្រជាធិបតេយ្យ ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលបច្ចុប្បន្នមាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កំពុងគង់ប្រថាប់ជាព្រះស្វេតច្ឆត ដ៏ត្រជាក់ត្រជំ និងកក់ក្ដៅសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ជាមួយគ្នានោះ គោលនយោបាយ «ឈ្នះ ឈ្នះ» របស់ សម្ដេចតេជោ ដែលផ្ដល់អាទិភាពដល់ការអត់ឱន ការធានាសុវត្ថិភាព និងការរួមបញ្ចូលគ្នា បានធ្វើឱ្យ កម្ពុជាបញ្ចប់សង្គ្រាមស៊ីវិលជាផ្លូវការ និងក្លាយជាចំណុចប្រវត្តិសាស្ត្រដ៏សំខាន់ដែលបានបើកផ្លូវឱ្យកម្ពុជាចូលទៅ កាន់សករាជថ្មីនៃសន្តិភាពនិងការអភិវឌ្ឍ។
ការកំណត់បាននូវសន្តិភាពយ៉ាងរឹងមាំនេះ កម្ពុជាបានធ្វើការអភិវឌ្ឍខ្លួនយ៉ាងលឿន តាមរយៈការអនុវត្ត យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល និងបានក្លាយជាប្រទេសមួយដែលគេ ទទួលស្គាល់ថា ជាប្រទេសមានអត្រាកំណើនសេដ្ឋកិច្ចលឿនបំផុតមួយក្នុងតំបន់អាស៊ី។ សមិទ្ធផលដ៏ធំធេងទាំងនេះ ក៏បានក្លាយទៅជាមូលដ្ឋានគ្រឹះបន្តទៀតសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ធ្វើការអភិវឌ្ឍលើគ្រប់វិស័យ សំដៅឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយមានយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១
ធ្វើជាគន្លងផ្លូវ។ ក្នុងក្របខ័ណ្ឌមហិច្ឆតាធ្វើឱ្យផលិតផលក្នុងស្រុកក្លាយទៅជាកម្លាំងសេដ្ឋកិច្ចជាតិដ៏រឹងមាំ យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ក៏បានកំណត់នូវយុទ្ធសាស្ត្រមួយចំនួនដែលផ្តោតលើការកែលម្អគុណភាព និងស្តង់ដា ផលិតផល ការបង្កើតឱ្យមានទីផ្សារថ្មីដែលមានលក្ខណៈសមស្របទៅនឹងពាណិជ្ជកម្មសម័យថ្មី ការលើកកម្ពស់ សមត្ថភាពផលិតដល់សហគ្រាសធុនតូចនិងមធ្យម ការគាំទ្រផ្នែកឥណទានដល់សហគ្រាសក្នុងស្រុក ការបង្កើតនូវ ប្រព័ន្ធអត្តសញ្ញាណផលិតផលខ្មែរ និងការបង្កើតឱកាសផ្សព្វផ្សាយផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ។
ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលក្នុងនោះ មានបញ្ហាវិបត្តិសេដ្ឋកិច្ចសកលផង និងរួមទាំងបញ្ហាព្រឹត្តិការណ៍ជម្លោះព្រំដែនខ្មែរ ថៃផងដែរ ដែលការណ៍នេះ បានបង្កឱ្យមានការព្រួយបារម្ភ និងកាន់តែប្រុងប្រយ័ត្នខ្ពស់។ បរិការណ៍នេះ បង្ហាញឱ្យយើងឃើញកាន់តែច្បាស់អំពី សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពតំបន់ ដែលជាមូលដ្ឋានដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ជាមួយគ្នានេះ ខ្ញុំព្រះករុណា ខ្ញុំក៏បានសង្កេតឃើញអំពីការប្រកាន់យកនូវមនសិការជាតិនិយមដ៏ឧត្តុង្គឧត្តមរបស់បងប្អូនជនរួម ឈាមខ្មែរទាំងអស់ ដោយបានសម្ដែងឱ្យឃើញនូវសាមគ្គីភាពជាតិមួយរឹងមាំដូចដែកថែប រវាងប្រជាជននិងប្រជាជន ប្រជាជននិងរាជរដ្ឋាភិបាល ប្រជាជននិងកងទ័ព និងលើសពីនេះការលើកកម្ពស់ផលិតផលខ្មែរ បានក្លាយជា ការងារដែលកាន់តែមានន័យជាងមុន ព្រោះវាជាការបង្ហាញពីសមត្ថភាពក្នុងការបង្កើតតម្លៃសេដ្ឋកិច្ចដោយខ្លួនឯង
និងការការពារអធិបតេយ្យភាពសេដ្ឋកិច្ចក្នុងពេលមានភាពមិនច្បាស់លាស់នៅក្នុងតំបន់។
ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាកំពុងត្រូវការយុទ្ធសាស្ត្រដែលអាចលើកកម្ពស់សមត្ថភាពផលិតក្នុងស្រុក បង្កើតការងារ និងបង្កើនតម្លៃបន្ថែមនៅតំបន់ជនបទ។ ក្នុងចំណោមគោលនយោបាយជាតិជាច្រើនដែលបាន ដាក់ចេញក្នុងរយៈពេលចុងក្រោយ គោលនយោបាយ «ភូមិមួយផលិតផលមួយ» នៅតែត្រូវបានចាត់ទុកថាជា ដៃឃ្នាស់ដ៏សំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកសាងសមត្ថភាពប្រកួតប្រជែងរបស់ ប្រទេស ដោយប្រកាន់យកស្មារតី «សហគមន៍ជាមូលដ្ឋាននៃការអភិវឌ្ឍ» និងរដ្ឋធ្វើតួនាទីជាអ្នកគាំទ្រ បណ្តុះបណ្តាល និងបង្កើតបរិយាកាសសមស្របសម្រាប់ទីផ្សារធ្វើជាមូលដ្ឋាន។ តាមរយៈការដាក់ចេញនូវគោលនយោបាយនេះ យើងឃើញថា ចលនាភូមិមួយផលិតផលមួយ បានរួមចំណែកយ៉ាងសកម្មក្នុងការជួយលើកកម្ពស់ផលិតផល ជនបទឱ្យក្លាយជាផលិតផលពាណិជ្ជកម្ម ជួយបង្កើតការងារ និងចំណូលសម្រាប់គ្រួសារ ជួយអភិរក្សវប្បធម៌ សិប្បកម្មបុរាណ ជួយបង្កើតអត្តសញ្ញាណផលិតផលតាមតំបន់ និងជួយជំរុញឱ្យសហគមន៍មានសមត្ថភាព គ្រប់គ្រងអាជីវកម្ម និងបង្កើនភាពច្នៃប្រឌិតដោយខ្លួនឯង។
ជាក់ស្តែង ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានបង្កើតឡើងតាមរយៈការផលិត និងកែច្នៃវត្ថុធាតុដើម ដែលមានស្រាប់នៅតាមមូលដ្ឋាន ឱ្យក្លាយជាគ្រឿងឧបភោគបរិភោគ វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ជាច្រើន ប្រភេទ។ ផលិតផលទាំងនេះពោរពេញដោយគំនិតច្នៃប្រឌិត ការរក្សាទុកប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ជាតិខ្មែរ ហើយបង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណជាតិ និងតម្លៃវប្បធម៌របស់យើងជាមួយនឹងគុណភាពល្អ តម្លៃសមរម្យ និងបរិមាណគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។ បច្ចុប្បន្ន យើងឃើញថា ផលិតផលក្នុងស្រុកបាននិង កំពុងក្លាយជាផលិតផលដែលមានសក្តានុពលខ្ពស់ក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងទីផ្សារទូទាំង
ប្រទេស និងបានជំរុញឱ្យប្រជាពលរដ្ឋប្តូរឥរិយាបថ និងបង្កើនទំនុកចិត្តលើផលិតផលខ្មែរកាន់តែខ្លាំងឡើងជា បន្តបន្ទាប់។ ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែជាការគាំទ្រដល់អ្នក ផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃនៃផលិតផលដែលកើតចេញ ពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើន។
ក្នុងគោលបំណងជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុលផុស រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ រៀបចំទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ ដែលក្នុងឆ្នាំ២០២៦ នេះ គឺជាទិវាជាតិលើក កម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៩ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។
ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ និងគណៈកម្មាធិការ ជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី ខេត្ត ដែលបានសហការគ្នាយ៉ាងល្អក្នុងការលើកកម្ពស់ផលិតផល ខ្មែរ។ ការខិតខំរួមគ្នានេះបានធ្វើឱ្យយើងជោគជ័យក្នុងការកាត់បន្ថយឧបសគ្គ និងដោះស្រាយបាននូវបញ្ហា ប្រឈមសំខាន់ៗជាច្រើន ដែលជាមូលដ្ឋានសម្រាប់ការរីកចម្រើនរបស់ ចលនាភូមិមួយផលិតផលមួយ នៅ ទូទាំងប្រទេស។
ចលនានេះមិនមែនជាការងាររបស់ស្ថាប័នតែមួយឡើយ ប៉ុន្តែជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បី បង្កើតសេដ្ឋកិច្ចមូលដ្ឋានដ៏រឹងមាំ បង្កើតការងារ និងលើកកម្ពស់អត្តសញ្ញាណជាតិ។ ក្នុងនាមតំណាងរាជរដ្ឋាភិបាល ខ្ញុំសូមផ្ដល់អនុសាសន៍សំខាន់ៗ ដូចខាងក្រោម៖
១- ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តតួនាទីសកម្មក្នុងការលើកកម្ពស់ និងជំរុញចលនា ផលិតគ្រប់វិស័យ ដោយចាប់ផ្តើមពីគ្រួសារ សហគមន៍ និងក្រុមអ្នកផលិត។ ត្រូវលើកទឹកចិត្តការច្នៃប្រឌិត ការកែច្នៃ ផលិតផលកសិកម្ម ឱ្យក្លាយជាផលិតផលមានតម្លៃបន្ថែម ដូចជាម្ហូបអាហារ វត្ថុសិល្បៈ និងផលិតផលប្រើប្រាស់ ផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅស្រុក និងជាពិសេសត្រូវបង្កលក្ខណៈអំណោយផល ចាំបាច់នានា សំដៅជំរុញឱ្យផលិតផលខ្មែរអាចបំពេញតួនាទីពេញលេញនៅលើទីផ្សារ ជំនួសផលិតផលនាំចូល ឱ្យបានច្រើនជាអតិបរមា។ ការខិតខំរួមគ្នានេះ នឹងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋខ្មែរឱ្យកាន់តែ ប្រសើរឡើង និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗនៅតាមតំបន់ជនបទ។
២- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួង ទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ស្ថាប័នផ្សេងៗ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍផលិតផលក្នុងស្រុកឱ្យមានគុណភាពខ្ពស់ មាន សមត្ថភាពប្រកួតប្រជែងបានល្អ និងពង្រីកឱកាសទីផ្សារឱ្យកាន់តែទូលំទូលាយ។ ការសហការរួមគ្នានេះ គួរត្រូវ បានធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន ដើម្បីធានាថា ផលិតករខ្មែរទទួលបានជម្រើស និងឱកាសពាណិជ្ជកម្មកាន់តែច្រើន។
៣- គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី ខេត្ត ត្រូវបន្តធ្វើការងារយ៉ាងសកម្ម និងដោយការទទួលខុសត្រូវខ្ពស់ ក្នុងការស្វែងរក និងជ្រើសរើសផលិតផលសក្តានុពលនៅតាមមូលដ្ឋាន ដើម្បី ដាក់បញ្ចូលជាផលិតផលភូមិមួយផលិតផលមួយ។ ត្រូវពង្រីកបណ្តាញសមាជិកឱ្យទូលំទូលាយ និងធ្វើ អន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមរបស់អ្នកផលិតឱ្យបានទាន់ពេលវេលា។ ការងារនេះគួរត្រូវបានអនុវត្តដោយ មានចក្ខុវិស័យវែងឆ្ងាយ និងការគាំទ្របច្ចេកទេសត្រឹមត្រូវ។
៤- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី ខេត្ត ដើម្បីរៀបចំព្រឹត្តិការណ៍តាំងបង្ហាញ និង លក់ផលិតផលខ្មែរ និងផលិតផលភូមិមួយផលិតផលមួយ ឱ្យបានទូលំទូលាយនៅតាមតំបន់មានសក្តានុពល។ ព្រឹត្តិការណ៍ទាំងនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់លើកកម្ពស់ការទទួលស្គាល់ និងការចូលទីផ្សាររបស់ផលិតផល ខ្មែរឱ្យកាន់តែទូលំទូលាយ ព្រមទាំងជួយបង្កើនភាពជឿជាក់ និងស្តង់ដាថ្មីសម្រាប់ផលិតករខ្មែរទូទាំងប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ ការជ្រើសរើសនិងគាំទ្ររបស់បងប្អូន គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទ។ «យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន!»។ សូមបងប្អូនអ្នកផលិតទាំងអស់ បន្តវិនិយោគលើការច្នៃប្រឌិត ការកែលម្អគុណភាព និងការបង្កើតផលិតផលថ្មីៗ ដែលអាចឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស ការបន្តគាំទ្រគោលនយោបាយនិងអន្តរាគមន៍ នានា សំដៅពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគទុន។ ជាពិសេស សូមជូនសារដល់យុវជនខ្មែរទាំងអស់ ត្រូវធ្វើខ្លួន ឱ្យក្លាយជាអ្នកច្នៃប្រឌិតថ្មី អ្នកបង្កើតថ្មី និងជាអ្នកដឹកនាំសេដ្ឋកិច្ចសម័យទំនើប។ សូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងអស់ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន បន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជួយពង្រឹងផលិតករខ្មែរ ឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនកាន់តែមានគុណភាព សោភណភាព តម្លៃសមស្រប សម្បូរបែប កាន់តែមានទំនុកចិត្ត ពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងលើទីផ្សារជាតិនិងអន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














