ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើសេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦
ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូននូវព្រឹត្តិការណ៍សំខាន់ៗពីរាជរដ្ឋាភិបាលរយៈពេលពេញមួយសប្តាហ៍ ដែលមានដូចតទៅ៖
ទី១៖ ក្របខ័ណ្ឌការងារការទូតសកម្មទាំងក្នុងនិងក្រៅប្រទេស៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសឱ្យដឹងពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) និងទស្សនកិច្ចការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស ប្រទេសបារាំង។ ក្រៅពីចូលរួមកិច្ចប្រជុំកំពូល សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំង និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួនទៀត។
ក្នុងសប្តាហ៍នេះដែរ ក៏មានជំនួបជាច្រើនត្រូវបានធ្វើឡើងក្នុងរាជធានីភ្នំពេញ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ជាមួយមិត្តបរទេស ដែលក្នុងនោះបញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវបានលើកឡើង ដែលមានដូចជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា បានចូលជួបដើម្បីប្រគល់សាតាំង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយសមភាគីទីម័រឡេស្តេ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ា (AOT)។ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ សុទ្ធិ ទទួលជួបអ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
ក្នុងជំនួបនោះ សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ពីជំហរច្បាស់លាស់របស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយរក្សានូវបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង និងនៅតែរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចា នៅក្នុងក្របខណ្ឌយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ខ្លឹមសារនៃជំនួបផ្សេងទៀត កម្ពុជាក៏បានបញ្ជាក់ពីការគាំទ្រពេញលេញចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីការអនុវត្តសេចក្តីប្រកាសរួម ក៏ដូចជាចូលរួមចំណែកក្នុងការជំរុញការអនុវត្តបទឈប់បាញ់យ៉ាងមានប្រសិទ្ធភាព។ កម្ពុជាក៏សូមស្វាគមន៍មិត្តហ្វីលីពីន ដែលនឹងត្រូវមកបន្តវេនដឹកនាំការងារក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តក្នុងឆ្នាំ២០២៦នេះ។ វៀតណាមក៏បានបញ្ជូននាយទាហានបន្តវេនពីររូបមកចូលរួមជាមួយក្រុម AOT ប្រចាំកម្ពុជា ក្រោមការដឹកនាំរបស់ហ្វីលីពីនក្នុងនាមប្រធានប្តូរវេនអាស៊ានក្នុងឆ្នាំនេះដែរ។ សកម្មភាពរបស់ភាគីថៃដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ក៏ត្រូវបានជម្រាបជូនអ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
រាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើលិខិតតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់ព្រមទាំងនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ដោយបានបញ្ជាក់ជំហរច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់ ឬទទួលយកនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារដែនដីណាមួយ ដែលភាគីថៃបានប្រកាសដោយឯកតោភាគីនោះឡើយ។ កម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែនជាមួយថៃ ក៏ដូចជាជាមួយនឹងប្រទេសជិតខាងទាំងអស់ស្របតាមច្បាប់អន្តរជាតិ ដោយរក្សាយ៉ាងមុតមាំនូវជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ។
ដោយឡែក ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅនៅតំបន់ច្រកបឹងត្រកួន និងតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ និងតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលការគោរពនិងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន។
ទី២៖ វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលដើម្បីជួយសម្រាលបន្ទុកពលរដ្ឋក្នុងពេលប្រេងឥន្ធនៈឡើងថ្លៃខ្ពស់លើទីផ្សារអន្តរជាតិ៖ ក្នុងសប្តាហ៍នេះ រាជរដ្ឋាភិបាលបានបញ្ចុះអត្រាពន្ធគយលើទំនិញនាំចូលនិងអត្រាអាករនាំចេញលើមុខទំនិញមួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកដែលប្រេងឥន្ធនៈកំពុងឡើងថ្លៃលើទីផ្សារអន្តរជាតិ។ ក្រៅពីនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានចេញវិធានការអន្តរាគមន៍បន្ថែមមួយចំនួនទៀត សំដៅជួយកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋបន្ថែមពីលើវិធានការដែលមានស្រាប់ ដូចជា៖
បន្តបញ្ចុះតម្លៃប្រេងចំនួន ៦.៥សេនដុល្លារក្នុង១លីត្រ ដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលទៅលើតម្លៃប្រេងឥន្ធនៈ ដើម្បីបន្ធូរបន្ទុកប្រជាពលរដ្ឋ។ បន្តបញ្ចុះតម្លៃ ១សេនដុល្លារបន្ថែមទៀតក្នុង១លីត្រ នៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី ៩០ដុល្លារក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី ១០០ដុល្លារក្នុង១បារ៉ែល។ បញ្ចុះពន្ធគយដល់ ០ ពោលគឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង។
បន្ថែមពីលើនេះ និងផ្អែកតាមសភាពការណ៍និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតមក ០ (សូន្យ)ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹងប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូតពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូតដែលត្រូវបានកាត់ចេញ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានខិតខំស្វះស្វែងរកប្រភពនានាដើម្បីនាំចូលប្រេងមកផ្គត់ផ្គង់តម្រូវការក្នុងប្រទេស។
ក្រៅពីនោះ រាជរដ្ឋាភិបាលក៏បានគិតគូរដល់បញ្ហាអាទិភាពផ្សេងៗទៀតដែរ មានដូចជា សេចក្តីព្រាងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់ ខណៈដែលគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២ នឹងត្រូវបើកសម្ពោធការដ្ឋានសាងសង់នៅសប្តាហ៍ក្រោយ។
ទាំងនេះ សបញ្ចាក់ឱ្យឃើញពីសកម្មភាពដ៏មមាញឹករបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា ក្នុងបុព្វហេតុការពារបូរណភាពទឹកដីនិងប្រជាជនផង និងគិតគូរដោះស្រាយបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋកំពុងជួបប្រទះផង ក៏ដូចជាការបន្តនិរន្តរភាពសង្គម សេដ្ឋកិច្ច របស់ប្រទេសប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕ រក្សាសិទ្ធដោយ៖សុទ្ធលី


