រាជធានីភ្នំពេញ ៖នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៦អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន/សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ ដែលកំពុងប្រកបអាជីវកម្ម ផលិត កែច្នៃ លក់ដូរ ចែកចាយ និងផ្គត់ផ្គង់ផលិតផល ទំនិញ និងសេវា រួមទាំងផលិតផលប្រេងឥន្ធនៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបថា៖ ដើម្បីធានាបាននូវការ ធ្វើធុរកិច្ចប្រកបដោយសុចរិត ការពារបាននូវសុខភាពសាធារណៈ និងទទួលបាននូវទំនុកចិត្តពីអតិថិជននិងអ្នកប្រើប្រាស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករទាំងអស់ ត្រូវយកចិត្តទុកដាក់និងប្រកាន់ខ្ជាប់នូវការអនុវត្តល្អ ដូចខាងក្រោម៖
ការដាក់តាំងលក់ ការផ្សព្វផ្សាយលក់ ការជំរុញការលក់ ការលក់បញ្ចុះថ្លៃ ការភ្ជាប់សេចក្តីបរិយាយ ព័ត៌មានអំពីផលិតផលទំនិញ និងសេវា ឬសកម្មភាពពាក់ព័ន្ធ ត្រូវគោរពតាមគោលការណ៍សុចរិតនិងការ ប្រកួតប្រជែងដោយស្មោះត្រង់
ត្រូវជៀសវាងការដាក់តាំងលក់ ឬចរាចរណ៍ផលិតផលដែលជាអាទិ៍ មានបំពាក់ម៉ាក ឬរូបសញ្ញា ដែលដូចគ្ន និង/ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឬការប្រើប្រាស់ លេខបារកូដផលិតផល (Barcode) មិនត្រឹមត្រូវ ដែលធ្វើឱ្យអតិថិជននិងអ្នកប្រើប្រាស់មានការភាន់ច្រឡំ អំពីប្រភពដើមនៃការផលិត ឬអត្តសញ្ញាណរបស់ផលិតផលនោះ
រាល់ផលិតផល ទំនិញ និងសេវា រួមទាំងផលិតផលប្រេងឥន្ធនៈ ត្រូវមានអនុលោមភាព ឬភាពសមស្រប ទាំងលើគុណភាព សុវត្ថិភាព និងបរិមាណត្រឹមត្រូវ ហើយជៀសវាងការដំឡើងថ្លៃដែលធ្វើឱ្យប៉ះពាល់ ដល់អតិថិជន និងអ្នកប្រើប្រាស់
ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពម្ហូបអាហារជាអាទិ៍ លក្ខខណ្ឌអនាម័យក្នុងការផលិត ការវេចខ្ចប់ ការដឹកជញ្ជូន ការចែកចាយ និងការដាក់តាំងលក់ជាដើម
សូមបិទស្លាកថ្លៃលើគ្រប់មុខទំនិញ និងសេវាដែលតាំងលក់ក្នុងហាង ឬអគារលក់ទំនិញរបស់ខ្លួនជា ប្រាក់រៀល និងជំរុញឱ្យអតិថិជនទូទាត់ថ្លៃទំនិញជារូបិយប័ណ្ណជាតិ
ក្នុងករណីសង្ស័យលើភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម សូម ឯកឧត្តម លោកជំទាវ លោកអ្នក់ឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន/សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និង សាធារណជនមេត្តាជួយសហការផ្ដល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខ ១២៦៦៕ រក្សាសិទ្ធដោយ៖សុទ្ធលី









