(ឧត្តរមានជ័យ) ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ដែលគាំទ្រគម្រោងដោយមូលនិធិរបស់រាជរដ្ឋាភិបាលកម្ពុជា និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកអង្លង់វែង និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
កម្មវិធីនេះ ក៏មានការចូលរួមពី លោក ម៉េត មាសភក្តី អភិបាលរងខេត្ត តំណាងរបស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
ក្នុងឱកាសនោះ តាងនាមឱ្យប្រជាជនកម្ពុជា និងសហគមន៍សកម្មភាពមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាបិតាស្ថាបនិកសន្តិភាព ដែលបង្កើតឱ្យមានមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ នេះឡើង ក្នុងគោលដៅផ្តល់នូវដីប្រកបដោយសុវត្ថិភាព និងបង្កើតស្នាមញញឹមជូនប្រជាជនកម្ពុជា។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែចាត់ទុកការងារបោសសម្អាតមីន ជាកិច្ចការអាទិភាពមួយរបស់ជាតិ និងបន្តគាំទ្រយ៉ាងមុតមាំដោយបានដាក់ចេញនូវចក្ខុវិស័យ “កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម”។
ឯកឧត្តមគូសបញ្ជាក់ទៀតថា វឌ្ឍនភាពសកម្មភាពមីនរបស់កម្ពុជា មិនបានកើតឡើងដោយចៃដន្យទេ បើគ្មានសន្តិភាពពេលលេញនៅកម្ពុជា ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ បាននាំមកនូវសន្តិភាព និងបានធ្វើឱ្យដំណើរការបោសសម្អាតមីនដោយការភ័យខ្លាច ព្រមទាំងបង្កើតនូវមូលដ្ឋានសម្រាប់កម្ពុជាក្នុងការឈានទៅរកអនាគតប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមបន្តទៀតថា ជាមួយនឹងសមិទ្ធផលសម្រេចបានរយៈពេលជាង ៣០ឆ្នាំ កន្លងទៅ បេសកកម្មរុករកគ្រាប់មីននៅតែបន្តនៅតាមតំបន់ដែលអតីតកាលបន្សល់ទុក ហើយសហគមន៍ជាច្រើនកំពុងរង់ចាំសុវត្ថិភាព។ បន្ថែមលើបញ្ហាប្រឈមមីនដែលនៅសេសសល់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវទុក្ខលំបាកជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលទទួលរងផលប៉ះពាល់ពីសង្រ្គាមឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា និងកំពុងប្រឈមនឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនបន្ថែមទៀត។
ឯកឧត្តមបានជម្រាបប្រាប់ប្រជាពលរដ្ឋថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានយល់យ៉ាងច្បាស់ពីទុក្ខលំបាកទាំងនេះ និងបានណែនាំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ បន្តយកចិត្តទុកដាក់បន្ថែមដល់ជីវភាពរស់នៅ និងភាពសុខដុមរមនារបស់បងប្អូនប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ៖សុទ្ធលី















