ខេត្តត្បូងឃ្មុំ: ស្របពេលដែលមនុស្សកំពុងតែដេកលង់លក់ស្រួលលុះដល់វេលាយប់ទៀបភ្លឺស្រាប់តែមានអគ្គីភ័យឆាបឆេះជាអណ្ដាតភ្លើងក្រហមច្រាលទៅលើអាកាសព្រមទាំងភ្ញាក់ផ្អើលពេញភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ
គេឃើញបងប្អូនខ្មែរឥស្លាមបង្ហាញសាមគ្គីភាពយ៉ាងទូលាយដើម្បីជួយគ្នា។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៣យប់ទៀតភ្លឺឈានចូលព្រឹកថ្ងៃទី៤មេសាឆ្នាំ២០២៦ ជាមួយនោះមានរថយន្តពន្លត់អគ្គីភ័យច្រើនគ្រឿងចេញអន្តរាគមន៍បាញ់ពន្លត់មិនឱ្យឆេះឆ្លងទៅផ្ទះផ្សេងទៀត ក្នុងនោះក៏មានរថយន្តមកពីខេត្តក្រចេះចេញជួយផងដែរ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា: ដំបូងមានប្រជាពលរដ្ឋម្នាក់ដែលរស់នៅជាប់ផ្ទះដែលឆេះមុនដំបូងជាស្ត្រីកូនខ្ចីគាត់ប្រាប់ថានៅក្នុងផ្ទះអីក៏ក្តៅម្ល៉េះលុះពេលដែលប្ដីចេញមកមើលស្រាប់តែឃើញភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះទីមួយដែលម្ចាស់មិននៅ។ហើយភ្លើងក៏បានឆេះរាលដាលបន្តមកផ្ទះមួយទៅផ្ទះមួយទៀតដោយមិនបានជញ្ជូនរបស់ទ្រព្យចេញមកក្រៅបានទេនេះគឺជាផ្ទះទី២ដែលជាប់ផ្ទះឆេះដំបូង។
សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តថា ក្រោយពីហេតុការណ៍កើតឡើងលោកឧត្តមសេនីយ៍ទោចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំបានបញ្ជាឲ្យរថយន្តពន្លត់អគ្គីភ័យក្នុងនោះមានរបស់អធិការដ្ឋានស្រុកក្រូចឆ្មារស្រុកដំបែរ ស្នងការដ្ឋាននគរបាលខេត្តពីរគ្រឿង ព្រមទាំងរថយន្តពន្លត់អគ្គីភ័យរបស់ស្រុកឆ្លងខេត្តក្រចេះបានចេញមកបាញ់ទឹកពន្លត់ដើម្បីអន្តរាគមន៍ជាបន្ទាន់។
សមត្ថកិច្ចបានប្រាប់បន្តថាពេលដែលភ្លើងឆាបឆេះនោះបងប្អូនខ្មែរឥស្លាមមានសាមគ្គីភាពគ្នាល្អណាស់។ដោយបានប្រើម៉ាស៊ីនបូមទឹកពីមាត់ទន្លេឡើងមកលើដើម្បីបាញ់ទៅលើផ្ទះដែលឆេះ។ស្របពេលឡានពន្លត់អគ្គីភ័យមកដល់បានបាញ់ពន្លត់អន្តរាគមន៍ដើម្បីកុំឲ្យឆេះរាលដាលបន្តទៅផ្ទះផ្សេងទៀត។ក្នុងករណីអគ្គីភ័យនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងករណីបើសមត្ថកិច្ចមកជួយអន្តរាគមន៍បន្ទាន់ហើយលក្ខណៈភូមិសាស្ត្រមិនអំណោយទានផ្ទះដែលត្រូវឆាប់ឆេះនោះអាចនឹងឡើងដល់ទៅ២០ខ្នងក៏ថាបាន។សូមបញ្ជាក់ថានៅក្នុងហេតុការណ៍នេះផ្ទះរបស់បងប្អូនខ្មែរស្លាមចំនួន១០ខ្នងត្រូវបានឆេះខ្ទេចខ្ទីទាំងស្រុងនិង២ខ្នងទៀតត្រូវបានធាក់ជញ្ជាំងដើម្បីកុំឲ្យភ្លើងឆេះដល់ គេចអន្តរាគមន៍បាញ់ពន្លត់ភ្លើងបានបញ្ចប់នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៤ មេសា ហេតុការណ៍នេះមិនមានអ្នករងរបួសឬស្លាប់ឡើយ។
សូមបញ្ជាក់ថា អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ឆេះផ្ទះចំនួន១២ផ្ទះ បណ្ដាលឲ្យខូចខាតឆេះផ្ទះទាំងស្រុង១០ផ្ទះ ទ្រព្យសម្បត្តិ,ប្រាក់ដុល្លា ១១៥០០ដុល្លា ប្រាក់រៀល ៦៤,០០០,០០០, មាស៦ជី,ផ្លាកទីន១ដំឡឹង,ម៉ូតូ៣គ្រឿង, កង់៣គ្រឿង, ម៉ាស៊ីនបូមទឹក៤គ្រឿង,ម៉ាស៊ីនម៉ាស៊ូត១គ្រឿង,ម៉ាស៊ីនអារឈើ ១គ្រឿង,ម៉ាស៊ីនឈូសឈើ១គ្រឿង,ម៉ូទ័របូមទឹក២,ទូរទឹកកក១គ្រឿង,ស្រូវ ១០,១តោន,ឈើ២គូប និងសម្ភាៈប្រើប្រាស់មួយចំនួន ដូចខាងក្រោម:
_ទី១ : ម្ចាស់ផ្ទះ ឈ្មោះ ហ៊ីម អាទីកះ ភេទស្រី អាយុ ៥៨ឆ្នាំ ផ្ទះឈើប្រកក្បឿង ជញ្ជាំងសង្គ័សី (ទំហំ៦ម×៩ម)
- ខូចខាត ឆេះទាំងស្រុង
- ប្រាក់ដុល្លា ១,០០០ដុល្លា
- ប្រាក់រៀល ៣៦លានរៀល
- ឈើ ២ម៉ែត្រគូប
_ទី២ : ម្ចាស់ផ្ទះ ឈ្មោះ ទូលស ទត ភេទប្រុស អាយុ៥៣ឆ្នាំ ផ្ទះឈើប្រកក្តឿង ជញ្ជាំងក្តា (ទំហំ៧ម ×១៥ម) - ខូចខាតឆេះទាំងស្រុង
- ប្រាក់ដុល្លា ៥,០០០ដុល្លា
- ប្រាក់រៀល ៤លានរៀល
- ម៉ាស៊ីនប៉ូមទឹក ០១គ្រឿង
- ទូរទឹកកក ០១គ្រឿង
_ទី៣ : ម្ចាស់ផ្ទះ ឈ្មោះ ទូល័ស ស្លេះ ភេទប្រុស អាយុ៤២ឆ្នាំ ផ្ទះឈើប្រកក្តឿង ជញ្ជាំងក្តា (ទំហំ៧ម ×១៤ម) - ខូចខាតឆេះទាំងស្រុង
- ប្រាក់រៀល ៨លានរៀល
- កង់ ០៣គ្រឿង
- ស្រូវ ១,៣ តោន
_ទី៤ : ម្ចាស់ផ្ទះឈ្មោះ ហាក់ ស្លេះ ភេទប្រុស អាយុ ៨៤ឆ្នាំ ផ្ទះឈើប្រកក្តឿង ជញ្ជាំងក្តា (ទំហំ៧ម×១៥ម) - ខូចខាតឆេះទាំងស្រុង
- ប្រាក់ដុល្លា ១៥០០ដុល្លា
- ម៉ូតូ ២គ្រឿង
- ស្រូវ ៣តោន
- មាស ៥ជី
_ទី៥ : ម្ចាស់ផ្ទះឈ្មោះ ឈ្មោះ អ៊ី អៃស៊ាស ភេទស្រី អាយុ ៥៩ឆ្នាំផ្ទះឈើប្រកក្តឿង ជញ្ជាំងសង្ក័សី (ទំហំ៧.៣ម ×១៤ម) - ខូចខាតឆេះទាំងស្រុង
- ប្រាក់រៀល ៦លានរៀល
- ស្រូវ ១តោន ៨០០គីឡូក្រាម
- ម៉ាស៊ីនម៉ាសូត ០១គ្រឿង
- ម៉ាស៊ីនអាឈើ ០១គ្រឿង
- ម៉ូទ័របូមទឹក ០២គ្រឿង
_ទី៦ : ម្ចាស់ផ្ទះឈ្មោះ ស្លេះ ម៉ាន ប្រុស អាយុ ៥៩ឆ្នាំ ផ្ទះឈើប្រកក្តឿង ជញ្ជាំងក្តា (ទំហំ៧ម×២២ម) - ខូចខាតឆេះទាំងស្រុង
- ប្រាក់រៀល ២លានរៀល
_ទី៧ : ម្ចាស់ផ្ទះឈ្មោះ តាំ ករីម ភេទប្រុស អាយុ ៤៥ឆ្នាំ ផ្ទះឈើប្រកក្តឿង ជញ្ជាំងក្តា (ទំហំ៨ម×១២ម) - ខូចខាតឆេះទាំងស្រុង
-ប្រាក់រៀល ៦លានរៀល - ម៉ូតូរ៉ម៉ក ០១គ្រឿង
- ម៉ាស៊ីនបូមទឹក ០១គ្រឿង
- ស្រូវ ៣តោន
_ទី៨ : ម្ចាស់ផ្ទះឈ្មោះ សា ស្លេះ ភេទប្រុស អាយុ ៥៥ឆ្នាំ ផ្ទះឈើប្រកក្តឿង ជញ្ជាំងក្តា(ទំហំ៧ម×១២ម) (ពេលឆេះម្ចាស់ផ្ទះមិននៅ) - ខូចខាតឆេះទាំងស្រុង
- ប្រាក់ដុល្លា ៤០០០ដុល្លា
- ប្រាក់រៀល ២លានរៀល
- ផ្លាកទីន ១ដំឡឹង
- មាស ១ជី
- ម៉ាស៊ីនឈួសឈើ ០១គ្រឿង
- ម៉ាស៊ីនបូមទឹក ០២គ្រឿង
- ស្រូវ ៣តោន
_ទី៩ : ម្ចាស់ផ្ទះឈ្មោះ លី សុះ ភេទប្រុស អាយុ ៤៨ឆ្នាំ ផ្ទះឈើប្រកក្តឿង ជញ្ជាំងក្តា(ទំហំ៧ម×១៤ម) (ម្ចាស់ផ្ទះនៅម៉ាឡេស៊ី) - ខូចខាតឆេះទាំងស្រុង
ទី១០ ផ្ទះឈ្មោះ អ៊ី កះ ភេទស្រី អាយុ៦៣ឆ្នាំ ផ្ទះឈើប្រកក្តឿង ជញ្ជាំងក្តា(ទំហំ៥ម×១១ម) ខូចខាត ឆេះទាំងស្រុង ស្រូវ១តោន ទី១១ : ម្ចាស់ផ្ទះឈ្មោះ យោប ឡេះ ភេទប្រុស អាយុ៥៩ឆ្នាំ ខូចខាតឆេះជញ្ជាំងមួយចំហៀង។
_ទី១២ : ម្ចាស់ផ្ទះឈ្មោះ សាន់ ណូ ភេទប្រុស អាយុ៤៨ឆ្នាំ ខូចខាតឆេះជញ្ជាំងមួយចំហៀង។
-ករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៥គ្រឿង (ស្រុកក្រូចឆ្មារ០១គ្រឿង ស្រុកតំបែរ ០១គ្រឿង ស្រុកឆ្លូង ០១គ្រឿង រថយន្តស្នងការដ្ឋានខេត្តត្បូងឃ្មុំ ០២គ្រឿង) ទឹក ១៥ធុង ហើយបានរលត់ជាស្ថាពរនៅវេលាម៉ោង៩ព្រឹកថ្ងៃដដែល(៤មេសា)។
ចំពោះឯកសារដែលបាត់បង់ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ កម្លាំងជំនាញបានកំពុងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្នុរ និងអាជ្ញាធរភូមិ.ឃុំ ដើម្បីផ្ដល់ និងបំពេញនីតិវិធីជូនពួកគាត់៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី










