ភ្នំពេញ៖ក្រោយពីមានកិច្ចប្រជុំស្ដីពីការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងករណីពិនិត្យលើសំណើ សុំកែប្រែអត្រាកម្រៃជើងសារ និងថ្លៃដឹកជញ្ជូនរបស់អ្នករត់កង់បី និងតាក់ស៊ី ជាមួយក្រុមហ៊ុន ក្រេប (Grab) នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ ជាលទ្ធផលភាគីទាំងពីរ បានឯកភាពគ្នា ដោយភាគីក្រុមហ៊ុនទទួលយកសំណូមពររបស់តំណាងបងប្អូនអ្នករត់កង់បី ក្នុងការផ្ដល់កម្រៃសមស្របជាបណ្តោះអាសន្នក្នុងរង្វង់នៃការស្នើសុំ និងកម្រៃជើងសារ ក្នុងរង្វង់នៃកម្រៃជើងសារ ដែលបានស្នើសុំ ដើម្បីយកទៅកែសម្រួលប្រព័ន្ធគ្រប់គ្រង (Systems)។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដោយយោងតាមគោលការណ៍ណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងដោយមានការចូលរួមពីលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំស្ដីពីការសម្របសម្រួលករណីពិនិត្យលើសំណើរសុំកែប្រែអត្រាកម្រៃជើងសារ និងថ្លៃដឹកជញ្ជូនរបស់អ្នករត់កង់បី និងតាក់ស៊ី ជាមួយក្រុមហ៊ុន ក្រេប (Grab)។
ជាលទ្ធផលក្រោយពីបានពិភាក្សាសម្របសម្រួលយ៉ាងល្អិតល្អន់រួចមក ភាគីទាំងពីរ បានឯកភាពគ្នា ដូចខាងក្រោម៖
១៖ ភាគីទាំងពីរ បានឯកភាពគ្នា ដោយភាគីក្រុមហ៊ុនទទួលយកសំណូមពររបស់តំណាងបងប្អូនអ្នករត់កង់បី ក្នុងការផ្ដល់កម្រៃសមស្របជាបណ្តោះអាសន្នក្នុងរង្វង់នៃការស្នើសុំ និងកម្រៃជើងសារ ក្នុងរង្វង់នៃកម្រៃជើងសារ ដែលបានស្នើសុំ ដើម្បីយកទៅកែសម្រួលប្រព័ន្ធគ្រប់គ្រង (Systems)
២៖ ភាគីក្រុមហ៊ុន បានឯកភាព នឹងធ្វើសេចក្ដីប្រកាសរួមពីការទទួលយកសំណើ ក្នុងការផ្ដល់កម្រៃជាបណ្ដោះអាសន្នតាមការស្នើសុំក្នុងរង្វង់១,២០០រៀល ក្នុងមួយគីឡូម៉ែត្រ និងកាត់កម្រៃជើងសារ ក្នុងរង្វង់ជាមធ្យម ១៥% ក្នុងមួយថ្ងៃ ចំពោះករណីមានការកាត់កម្រៃជើងសារលើស ១៥% ក្រុមហ៊ុន Grab និងទូទាត់ប្រាក់កម្រៃសេវាត្រឡប់ឲ្យគ្រប់១៥% ដល់អ្នកបើកបរវិញ នៅថ្ងៃបន្ទាប់
៣៖ អ្នកបើកបរត្រូវ ជួយបើកអនឡាញឲ្យបានច្រើនម៉ោង តាមការស្នើសុំរបស់ក្រុមហ៊ុន
៤៖ ក្នុងករណីភាគីក្រុមហ៊ុន មានការកែប្រែប្រព័ន្ធគ្រប់គ្រង (Systems) នោះ ត្រូវជូនដំណឹងដល់បងប្អូនអ្នករត់កង់បីជាមុន ដើម្បីចៀសវាងកើតមានឡើងនូវបាតុភាពផ្សេងៗ
៥៖ ភាគីក្រុមហ៊ុន បានឯកភាពក្នុងការបើក App ជូនដល់អ្នកបើកបរមួយចំនួន ដែលចូលរួមធ្វើពហិការ និងចែកចាយមាតិការ មិនសមរម្យជាសាធារណៈ លើងលែងតែដៃគូដៃមានបញ្ហាគុណភាព សេវាកម្ម និងសុវត្ថិភាព នឹងមិនបើកជូនវិញឡើយ
៦៖ ប្រធានអង្គប្រជុំបានណែនាំដល់អ្នករត់កង់បី មិនត្រូវធ្វើអ្វី ដែលនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សន្តិសុខ សាធារណៈ ក្នុងរាជធានីភ្នំពេញ។ ក្នុងករណីមានបាតុភាពណាមួយនោះ ត្រូវដាក់លិខិតស្នើសុំជាលាយលក្ខអក្សរ ទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយជូន៕រក្សាសិទ្ធដោយ៖សុទ្ធលី














