Friday, April 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ចូលរួមជាមួយក្រសួងទេសចរណ៍ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និង ធុរជននានា រួមគ្នាដាក់ចេញវិធានការគន្លឹះសំខាន់ៗសំដៅធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា !

” សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ” រួមជាមួយសហការីក្រុមការងារ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលបានប្រព្រឹត្តធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងបំផុសស្មារតីរួបរួមគ្នារវាងក្រសួងទេសចរណ៍ និងផ្នែកឯកជន បន្តដាក់ចេញនូវវិធានការចាំបាច់ និងបន្ទាន់មួយចំនួនទៀត ដើម្បីរក្សាឱ្យបានលំហូរទេសចរជាតិ-អន្តរជាតិចូលមកកម្ពុជា។ 

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជនមកពីបណ្ដាសហគ្រាស អាជីវកម្ម ក្រុមហ៊ុននានា សរុបចំនួនប្រមាណ ១៥០នាក់។ កិច្ចប្រជុំនេះផ្ដោតសំខាន់ ជំរុញចលនាទេសចរផ្ទៃក្នុង ពោលគឺ ក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជន នឹងបន្តពង្រឹងយន្តការឆ្លើយតបរហ័សសម្រាប់ដោះស្រាយបញ្ហាប្រឈមមួយចំនួនឱ្យមានប្រសិទ្ធភាព និងទាន់សភាពការណ៍។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ជំនួបផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាជំនួបដ៏មានសារសំខាន់នៃយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជនលើវិស័យទេសចរណ៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមចំពោះមុខ ឆ្លើយតបនឹងសំណូមពរនានា  និងដាក់ចេញវិធានការគន្លឹះសំខាន់ៗសំដៅធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា ដោយឈរលើគោលការណ៍រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដែលស្របគ្នាទៅនឹងសសរស្តម្ភចំនួន៦ របស់ក្រសួងទេសចរណ៍ គឺការចូលរួមពីមជ្ឈដ្ឋានគ្រប់ផ្នែក គ្រប់ថ្នាក់ គ្រប់ភាគីទាំងអស់ ពោលគឺ ទាំងរដ្ឋ និងផ្នែកឯកជន។

ងាកមក ” សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ” វិញ ដែលមានលោកជំទាវ ផេង គន្ធាបុរី អនុប្រធាន ដែលបានដឹកនាំសហការីក្រុមការងារចូលរួម កិច្ចប្រជុំផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះផងដែរនោះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះការវិវត្តន៍ថ្មីៗនៃសភាពការណ៍ពិភពលោក ក៏ដូចជាក្នុងប្រទេសទាក់ទងទៅនឹងវិស័យអាជីវកម្ម ពាណិជ្ជកម្ម វិនិយោគ ជាពិសេសវិស័យទេសចរណ៍។ 

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ អនុប្រធាន ក៏បានបញ្ជាក់ប្រាប់សមាជិកនៃសមាគម និងដៃគូក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងធុរជនផ្សេងៗ ឱ្យដឹងថា សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ” គឺមានបេសកកម្ម ក្នុងគោលដៅធ្វើយ៉ាងណា ឱ្យសហគ្រិនភាព ពាណិជ្ជករ អាជីវករ វិនិយោគិន និងទស្សនិជន បានជួបជុំគ្នា ពិភាក្សារិះរកវិធីសាស្ត្រ មធ្យោបាយ ឆ្ពោះទៅរីកចម្រើនទាំងអស់គ្នា  រួមចំណែកសកម្មភាពមនុស្សធម៌ វប្បធម៌ និងកិច្ចការសង្គម-សេដ្ឋកិច្ច ព្រមទាំងជួយសម្របសម្រួល និងគាំទ្រដល់សមាជិកសមាគមក្នុងកិច្ចសហប្រតិបត្តិការសម្ព័ន្ធភាព ក្នុងភាពជាដៃគូជាមួយអាជីវករ ក្នុង និងក្រៅប្រទេស សំដៅបង្កលក្ខណៈងាយស្រួលក្នុងកិច្ចការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាចាកចេញពីប្រទេសមានប្រាក់ចំណូលទាប ឱ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់៕ ពិសិដ្ឋ CEN

×