Thursday, April 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាល់បទល្មើសដែលបានកើតឡើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានបទល្មើសប្រមាណ៩៦%ហើយ ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនមកដាក់ទោសទៅតាមច្បាប់

ភ្នំពេញ៖រាល់បទល្មើសដែលបានកើតឡើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានបទល្មើសប្រមាណ៩៦%ហើយ ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនមកដាក់ទោសទៅតាមច្បាប់។ សមិទ្ធផលទាំងនេះបានមកពីការ ខិតខំប្រឹងប្រែងរបស់ អាជ្ញាធរនិងកងកម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនិងបានពីការជួយពីកាំម៉េរ៉ាសុវត្ថិភាព។
នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ខណៈឯកឧត្តមនិងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៥ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ប៊ុន ហុន បានថ្លែងការកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញដែលរាល់បទល្មើសផ្សេងៗបានកើនឡើងនៅរាជធានីភ្នំពេញ ជនបង្កបទល្មើស កម្រនឹងគេចខ្លួនបានជោគជ័យណាស់ មានន័យថា រាល់បទល្មើសដែលកើតមានឡើង គឺមានប្រមាណ៩៦%ហើយ ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនមកដាក់ទោសទៅតាមច្បាប់។ ការឈានដល់ការបង្ក្រាបបទល្មើសបានលឿននិងបានស្ទើ១០០%នៃបទល្មើសដែលបានកើតឡើងនេះ គឺបានមកពីការ ខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិងកងកម្លាំងរបស់យើងនិងក៏បានជួយពីកាំម៉េរ៉ាសុវត្ថិភាពផង។
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបន្តទៀតថា៖ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋចេញ ចូល ស្នាក់នៅច្រើន មានភាពស្មុកស្មាញច្រើន ប៉ុន្តែទោះជាយ៉ាងនេះក្តី អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ នៅតែ រក្សានិងគ្រប់គ្រងរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ ជាទីក្រុងដែលមានសុវត្ថិភាពបំផុត។ រាជធានីភ្នំពេញ ជាក្រុងដែលមានសុវត្ថិភាពល្អជាងគេ បើប្រៀបធៀបជាមួយទីក្រុងគេផ្សេងៗនៃបណ្តាប្រទេសនៅលើពិភពលោក។

ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពយ៉ាងសកម្ម ទាំងការបង្ការទប់ស្កាត់បង្ល្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរមនុស្ស បង្ក្រាបក្មេងទំនើងជាដើម ពិសេសគឺការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ជាក់ស្តែងក្នុងឆ្នាំ២០២៥កន្លងមកនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបង្ល្រាបបទល្មើសព្រហ្មទណ្ឌ បានចំនួន៤៦៣ករណី/៤៧៣ ថយចុះជាង១០ករណី បង្ក្រាបបទល្មើសបាន៤៤៨ករណី ស្មើនិង៩៦% ឃាត់ខ្លួនមនុស្សបានចំនួន៦១៧នាក់។

ឯកឧត្តម ឃួង ស្រេង បានបន្តថា៖ ចំពោះការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចាប់ពីថ្ងៃទី០១កក្កដា២០២៥ដល់ថ្ងៃទី២៩មិនា២០២៦នេះគណៈកម្មការ ចំពោះ កិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារាជធានី បានចុះពិនិត្យរដ្ឋបាលបានចំនួន១២៤៣២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន៩២៩៥០នាក់ ស្រី២៧១៣៤នាក់ ស្មើនិង៧៥សញ្ជាតិ ជាមួយនិងការបោសសំអាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន១២១ករណី ឃាត់ខ្លួនមនុស្សបានចំនួន២២៨៤នាក់ ស្រី៤៩០នាក់ស្មើនិង១៨សញ្ជាតិ។បើទោះបីយើងបាននិងកំពុងអនុវត្តការងារខាងលើបានល្អប្រសើរយ៉ាងណាក្តី យើងក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលយើងត្រូវបំពេញបន្ថែមថែមទៀតផងដែរ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×