Wednesday, April 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត គិន ភា ៖ «តើនេះជាការសាកល្បងអំណាចបញ្ជារបស់នាយករដ្ឋមន្ត្រីឬ?»

ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១ខែមេសាឆ្នាំ២០២៦នេះបានគូសបញ្ជាក់លើបណ្តាញសង្គមថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់នៅខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដែលបានឆក់យកជីវិតមនុស្សមួយគ្រួសាររហូតដល់ទៅ៦នាក់ កំពុងក្លាយជាផ្ទាំងស៊ីបនៃការតាមដានយ៉ាងយកចិត្តទុកដាក់ពីសាធារណជន។ អ្វីដែលកាន់តែក្ដៅគគុកនោះ គឺជនបង្កត្រូវបានគេស្គាល់ថាជាកូនស្នងការរងខេត្តបន្ទាយមានជ័យ ខណៈដែលសម្ដេចនាយករដ្ឋមន្ត្រីបានចេញបទបញ្ជាយ៉ាងដាច់ខាតឱ្យនាំខ្លួនជនបង្កមកអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។

លោកបណ្ឌិត គិន ភា បានថ្លែងបន្តទៀតថា សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាដោយផ្ទាល់ទៅកាន់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ ដើម្បីរកឱ្យឃើញអ្នកបើកបរពិតប្រាកដ និងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង។
ទោះជាយ៉ាងណា រយៈពេលបីថ្ងៃក្រោយឧប្បត្តិហេតុដ៏ប្រល័យនេះកើតឡើង ទើបស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចេញលិខិតកោះហៅដោយប្រើប្រាស់ភាសាគួរសមថា «អញ្ជើញឈ្មោះ ស៊ីវ ជ័យសិដ្ឋ ម្ចាស់កម្មសិទ្ធិរថយន្តបង្ក… ចូលខ្លួនមកបំភ្លឺនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទី»។ គិតមកទល់ពេលនេះ បើទោះជាហួសកាលបរិច្ឆេទនិងម៉ោងកំណត់ក៏ដោយ ក៏បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ នៅតែមិនទាន់បង្ហាញខ្លួននៅឡើយ។ ចំណែកឯស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានត្រឹមតែចេញសេចក្ដីប្រកាសព័ត៌មានពីរបីបន្ទាត់ថា បុគ្គលនោះមិនទាន់ចូលខ្លួនតាមការកោះហៅ ដោយមិនបានបញ្ជាក់ពីវិធានការតឹងរ៉ឹងបន្ទាប់ណាមួយឡើយ។
សំណួរដែលត្រូវសួរនោះគឺ តើនេះជាការសាកល្បងអំណាចបញ្ជារបស់នាយករដ្ឋមន្ត្រីឬ? តើនេះជាការប្រមាថចំពោះច្បាប់ ប្រព័ន្ធយុត្តិធម៌ និងអាយុជីវិតមនុស្សទាំង ៦ នាក់ឬ?
បើសូម្បីតែករណីដែលកើតឡើងនៅចំពោះមុខ និងមានភស្តុតាងច្បាស់លាស់ដែលសាធារណជនដឹងឮព្រោងព្រាតហើយ សមត្ថកិច្ចនៅតែមិនទាន់អាចនាំខ្លួនជនបង្កមកផ្ដន្ទាទោសបាន តើទម្រាំរឿងរ៉ាវដែលមានលក្ខណៈបច្ចេកទេសស្មុគស្មាញ ឬអាថ៌កំបាំងជាងនេះ តើគេអាចនឹងបិទបាំងសំណុំរឿងមិនឱ្យថ្នាក់ដឹកនាំដឹងដល់កម្រិតណាទៅ? តើមានរាស្ត្រប៉ុន្មាននាក់ទៀត ដែលត្រូវរងគ្រោះដោយសារការអនុវត្តច្បាប់ដែលមានស្តង់ដារពីរបីចំពោះមន្ត្រីមានអំណាចបែបនេះ?
អ្វីដែលគួរឱ្យខ្លោចចិត្តបំផុតនោះ គឺជនបង្កនិងក្រុមគ្រួសារ ហាក់មិនបង្ហាញការតក់ស្លុតឬការទទួលខុសត្រូវចំពោះការបាត់បង់ជីវិតមនុស្សមួយគ្រួសារក្នុងមួយព្រិចភ្នែកបន្តិចណាសោះ។ តើពួកគេមានបេះដូងជាមនុស្សដែរឬទេ? តើពួកគេធ្លាប់បានប្រព្រឹត្តរឿងអាក្រក់និងរឿងឧក្រិដ្ឋធ្ងន់ធ្ង័រជាងនេះឬ?
បើស្ថាប័នមានសមត្ថកិច្ចមិនអាចចាត់ការរឿងនេះឱ្យមានយុត្តិធម៌​ចប់ចុងចប់ដើមទេ ប្រជាជននឹងបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ និងរាជរដ្ឋាភិបាល។ គម្លាតទំនុកចិត្តរវាងរាស្ត្រនិងរដ្ឋនឹងកាន់តែធំ ដែលនាំឱ្យសង្គមកាន់តែបែកបាក់និងចុះខ្សោយ។

លោកបណ្ឌិត គិន ភា បានថ្លែងថា មានបងប្អូនខ្លះបានសរសេរ​ដោយក្តីអស់សង្ឃឹមនិងបាត់បង់ទំនុកចិត្តថា «សូមជួយតាមដានផង ក្រែងដប់ម្ភៃឆ្នាំក្រោយ យុវជនម្នាក់នេះក្លាយជាមន្ត្រីធំមកគ្រប់គ្រងរាស្ត្រវិញ»។ សំណេរនេះដ្បិតមើលទៅដូចជាការលេងសើច ប៉ុន្តែវាគឺជា​សំណើចចម្អកដ៏ឈឺចាប់ចំពោះគោលការណ៍គុណាធិបតេយ្យ​ដែលរាជរដ្ឋាភិបាលតែងតែលើកតម្កើងនិងទន្ទេញចាំមាត់។
សូមបួងសួងដល់ទេវតាឆ្នាំថ្មី មេត្តាជួយឱ្យយុត្តិធម៌ពិតកើតមានក្នុងសង្គមខ្មែរ និងសូមឱ្យរឿងរ៉ាវអយុត្តិធម៌រលាយបាត់អស់ទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×