ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើសេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមគូសរំលេចជូនបងប្អូនជនរួមជាតិនូវចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរំលោភបំពានរបស់កងកម្លាំងថៃមកលើដែនអធិបតេយ្យកម្ពុជា៖
ទី១៖ គិតមកទល់ពេលនេះ នៅសល់ពលរដ្ឋភៀសសឹកជាង ៣ម៉ឺន៥ពាន់នាក់ទៀតនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារតែស្ថានភាពមិនទាន់អំណោយផល ឬដោយសារមានការរារាំងពីសំណាក់កងកម្លាំងថៃ តាមរយៈការដាក់ទូរកុងតឺន័រ និងបន្លាលួសដើម្បីបិទផ្លូវ។ ចំណែកជនភៀសសឹកប្រមាណជាង ៩៤% ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញហើយ ក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធររាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានគោលនយោបាយច្បាស់លាស់ក្នុងការជួយស្តារឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក និងពលរដ្ឋដែលរងផលប៉ះពាល់។ ទាំងពលរដ្ឋដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញរួចហើយ និងទាំងពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយ សុទ្ធដឹងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលទាំងសន្តិសុខ សុវត្ថិភាព និងការស្តារជីវភាពរស់នៅរបស់ពួកគេឡើងវិញ។
ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ត្រូវបានក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់មើលការខុសត្រូវ និងដោះស្រាយបញ្ហាប្រឈមនានាដែលពួកគេជួបប្រទះសំដៅជួយសម្រួលនិងរក្សាលំនឹងជីវភាពរបស់ពួកគេ។ ចំណែកពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជម្រកដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅបណ្តោះអាសន្ន ទម្រាំបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ដែលអនុញ្ញាតឱ្យពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញនាពេលខាងមុខ។
ការយកចិត្តទុកដាក់ចំពោះបងប្អូនជនភៀសសឹក ត្រូវបានគិតគូរមិនត្រឹមតែលើសន្តិសុខ សុវត្ថិភាព សុខុមាលភាព និងជីវភាពប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធក៏គិតគូរដល់ការគាំទ្រផ្នែកស្មារតីផងដែរ។ ជាក់ស្តែង កម្មវិធីជួបសំណេះសំណាលជាមួយបងប្អូនពលរដ្ឋភៀសសឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវបានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រារព្ធធ្វើកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយអនុញ្ញាតឱ្យបងប្អូនពលរដ្ឋភៀសសឹកបានចូលរួមកម្សាន្តសប្បាយតាមទំនៀមទម្លាប់ប្រពៃណីជាតិដូចពលរដ្ឋដទៃទៀតដែរ។
កម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្នុងអត្ថន័យផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ រវាងយុវជន និងជនភៀសសឹក និងដើម្បីបញ្ជាក់ថា គ្មានពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ឱ្យនៅឯកាឡើយ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។ កម្មវិធីបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋភៀសសឹកមានអារម្មណ៍កក់ក្តៅយ៉ាងខ្លាំង ដោយបានឃើញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់ពួកគេក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។
ទី២៖ រហូតមកទល់ពេលនេះ កម្លាំងមហាសាមគ្គីជាតិខ្មែរនៅតែរក្សាបាននូវភាពរឹងមាំយ៉ាងខ្លាំងនៅជាមួយរាជរដ្ឋាភិបាល និងវីរកងទ័ពជួរមុខ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ ទឹកចិត្តស្នេហាជាតិ មាតុភូមិ របស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស នៅតែមានសភាពពុះកញ្ជ្រោលខ្លាំង តែរក្សាបាននូវភាពថ្លៃថ្នូរ និងពោរពេញដោយការអត់ធ្មត់ខ្ពស់ ដើម្បីឈានឆ្ពោះទៅរកដំណោះស្រាយពិតប្រាកដ និងយូរអង្វែងតាមគោលដៅដែលរាជរដ្ឋាភិបាលចង់បាន។
មិនមែនតែរាជរដ្ឋាភិបាលទេដែលមិនដែលភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា និងគ្រប់ទិសទី ក៏រឹតតែសកម្មខ្លាំងក្លាក្នុងការធ្វើសកម្មភាពការពារបូរណភាពទឹកដី និងឈឺឆ្អាលចំពោះជនរួមជាតិដែលជាជនភៀសសឹក ដោយបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងសកម្មភាពមនុស្ស «ជួយគ្នាក្នុងគ្រាលំបាក»។ នេះគឺជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបាន ដើម្បីជំរុញឱ្យមានលទ្ធផលជាវិជ្ជមានក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន។
ទី៣៖ រាជរដ្ឋាភិបាលមានគោលជំហរច្បាស់លាស់ និងរឹងមាំឥតងាករេ នោះគឺជំហរដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការការទូតសកម្មនិងបែបចាស់ទុំ ប្រកបដោយការអត់ធ្មត់ខ្ពស់ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយកម្លាំងយោធាដែលអាចបង្កភាពតានតឹង។ ជំហរសន្តិភាពនិយមរបស់រាជរដ្ឋាភិបាលកម្ពុជាមិនមែនត្រឹមតែជាពាក្យសម្តីនិយាយប៉ុណ្ណោះទេ ប៉ុន្តែ បានស្តែងឡើងតាមរយៈសកម្មភាពជាក់ស្តែងដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាបានធ្វើជារៀងរហូតមក។
ជាក់ស្តែង ការរៀបចំដំណើរទស្សនកិច្ចរបស់អង្គទូត និងអង្គការអន្តរជាតិ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទៅកាន់តំបន់ព្រំដែន ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានការណ៍នៅតាមព្រំដែន ក៏ដូចជាជួបជាមួយជនភៀសសឹកត្រូវបានរៀបចំធ្វើជាបន្តបន្ទាប់។ ចំណែកកិច្ចខិតខំប្រឹងប្រែងតាមរយៈយន្តការការទូតក៏ត្រូវបានធ្វើឡើងជាប្រចាំ និងយ៉ាងសកម្មបំផុតសំដៅឈានទៅរកដំណោះស្រាយដោយសន្តិវិធីតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងអនុលោកតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ កម្ពុជាបានស្នើជាបន្តបន្ទាប់ទៅកាន់ភាគីថៃ ដើម្បីចាត់ក្រុមអ្នកជំនាញចុះវាស់វែងលើដីជាក់ស្តែងតាមរយៈយន្តការ JBC ដើម្បីកំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរឱ្យបានឆាប់បំផុត ដោយប្រកាន់ជំហរយ៉ាងមុតមាំថា ខ្សែព្រំដែនមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


