ភ្នំពេញ ៖ សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួន លោកលី សុង (LI XIONG) ប្រធានក្រុមហ៊ុន Huione Group ដោយពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ ហើយបញ្ជូនទៅចិនវិញនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ តាមកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនជាតិ និងអន្ដរជាតិ ជ្រាបថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិនឈ្មោះ លី សុង (LI XIONG) បញ្ចូនទៅសាធារណរដ្ឋ ប្រជាមានិតចិន ដើម្បីបន្តនីតិវិធី។
ប្រតិបត្តិការនេះ បានធ្វើឡើងផ្អែកតាមកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នា រវាងសមត្ថកិច្ចន ព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិនអស់រយៈពេលជាច្រើនខែកន្លងមក ។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនថាឈ្មោះ លី សុង (LI XIONG) ត្រូវបានដក សញ្ជាតិខ្មែរ តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



