Wednesday, April 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការដ្ឋាន អគ្គនាយិកា ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ សមាគមសារព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនរយនាក់។

ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពិភាក្សាអំពីស្ថានភាពវិស័យទេសចរណ៍កម្ពុជា ក្នុងបរិបទតំបន់ និងពិភពលោក ដែលកំពុងប្រឈមមុខនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស និងភាពមិនប្រាកដប្រជា ដោយផ្តោតលើឱកាស ការប្រឈម និងយុទ្ធសាស្ត្រកែលម្អដើម្បីលើកកម្ពស់វិស័យទេសចរណ៍ឲ្យមានភាពរឹងមាំ និងប្រកួតប្រជែងបាន។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា នៅក្នុងសតវត្សរ៍ទី២១ សង្គ្រាមមិនតែងតែប្រើអាវុធទេ ប៉ុន្តែពេលខ្លះប្រើ «ព័ត៌មាន ជាឧបករណ៍ ហើយការប្រកួតប្រជែងរវាងប្រទេសមិនមែនកើតឡើងតែតាមវិស័យសេដ្ឋកិច្ច ឬយោធាទេ ប៉ុន្តែក៏កើតឡើងក្នុងលំហព័ត៌មានផងដែរ។ ប្រទេសដែលអាចការពារការពិតរបស់ខ្លួនបាន គឺជាប្រទេសដែលអាចការពារកិត្តិយស និងផលប្រយោជន៍របស់ខ្លួនបាន។ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយ មិនមែនគ្រាន់តែជាព័ត៌មានមិនត្រឹមត្រូវទេ ប៉ុន្តែជាបញ្ហាប្រឈមផ្នែកសន្តិសុខ ព័ត៌មាន ដែលអាចប៉ះពាល់ដល់ទំនុកចិត្តសង្គម ប៉ះពាល់ដល់សេដ្ឋកិច្ច និងប៉ះពាល់ដល់រូបភាពជាតិ។ ព័ត៌មានក្លែងក្លាយអាចបំផ្លាញទំនុកចិត្ត បំផ្លាញសេដ្ឋកិច្ច និងបំផ្លាញមុខមាត់ប្រទេសមួយបាន ដោយមិនចាំបាច់មានការបាញ់គ្រាប់កាំភ្លើងមួយគ្រាប់ឡើយ។ នេះហើយជាមូលហេតុដែលយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន មិនមែនគ្រាន់តែជាយុទ្ធនាការផ្នែកព័ត៌មានតែប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃការការពារអធិបតេយ្យភាពព័ត៌មាន ការពារសន្តិសុខជាតិ និងការការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់កម្ពុជា។ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មិនមែនជាការងាររបស់ក្រសួងព័ត៌មានតែមួយទេ។ វាត្រូវការការចូលរួមពី៖ ស្ថាប័នរដ្ឋ,សារព័ត៌មាន, វិស័យឯកជន, អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ។ នេះគឺជាការងារជាតិដែលត្រូវការ ការចូលរួមជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា ព័ត៌មាន និងទេសចរណ៍ គឺជារឿងតែមួយក្នុងសម័យឌីជីថល។ នៅសម័យបច្ចុប្បន្ន មុននឹងភ្ញៀវទេសចរមកដល់ប្រទេសណាមួយ ពួកគេបានឃើញប្រទេសនោះតាមរយៈព័ត៌មានរួចហើយ។ បើព័ត៌មាន អវិជ្ជមានត្រូវបានបំផ្លើស នោះទេសចរណ៍នឹងរងផលប៉ះពាល់។ ប៉ុន្តែបើព័ត៌មានវិជ្ជមានត្រូវបានផ្សព្វផ្សាយ ដោយការពិត នោះវានឹងក្លាយជាផ្លូវសម្រាប់ការទាក់ទាញពិភពលោក។ ដូច្នេះ ការការពារព័ត៌មានពិត គឺជាការការពារវិស័យទេសចរណ៍។ នៅក្នុងសម័យបណ្តាញសង្គម មនុស្សម្នាក់ៗមានតួនាទីដូចជាមជ្ឈមណ្ឌល ផ្សព្វផ្សាយតូចមួយ។ រាល់ការចែករំលែកមួយ អាចក្លាយជាការជួយកសាង ឬបំផ្លាញរូបភាពប្រទេស។ ព័ត៌មានពិតថ្ងៃនេះ គឺជាកំណើនសេដ្ឋកិច្ចថ្ងៃស្អែក៖ ការការពារភាពជឿជាក់ព័ត៌មាន គឺជា ការការពារឱកាសការងារ ការពារចំណូលពីទេសចរណ៍ និងការពារកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានជម្រាបជូនពី ស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាពមិនប្រាកដប្រជា និងប្រែប្រួលឆាប់រហ័ស និង ផែនការយុទ្ធសាស្រ្តគន្លឹះរបស់ក្រសួង ទេសចរណ៍ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី គឺក្រសួងទេសចរណ៍ បានគិតគូរជាយុទ្ធសាស្ត្រ ដើម្បីសម្រេចនូវគោលដៅទាក់ទាញទេសចរអន្តរជាតិ និងជំរុញចលនាទេសចរជាតិក្នុងរដូវកាលបៃតង នៅតាមគោលដៅទេសចរណ៍ ធំៗចំនួន ៤តំបន់ មានជាអាទិ៍ តំបន់ភ្នំពេញ និងជុំវិញ, តំបន់វប្បធម៌ និងប្រវត្តិសាស្ត្រ, តំបន់ឆ្នេរ, និងតំបន់ អេកូទេសចរណ៍។ ទន្ទឹមនឹងការកំណត់តំបន់គោលដៅទេសចរណ៍ ក្រសួងទេសចរណ៍ក៏បានកំណត់ទីផ្សារ គោលដៅច្បាស់លាស់ ដើម្បីសម្រួចយុទ្ធសាស្ត្រ និងធ្វើយ៉ាងណាដាក់ចេញផែនការសកម្មភាពឱ្យមានប្រសិទ្ធភាព និងចំគោលដៅ ដែលទីផ្សារអតិថិជនគោលដៅសម្រាប់រដូវកាលបៃតង។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងនូវ យុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦” មានចក្ខុវិស័យបង្កើនភាពទាក់ទាញទេសចរ អន្តរជាតិ ជំរុញចលនាទេសចរក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ ជាពិសេស បំពេញបន្ថែមចរន្តទេសចរក្នុងរដូវកាលបៃតងដែលស្ថិតក្នុងអំឡុងខែឧសភា ដល់ខែតុលា ធ្វើឱ្យកម្ពុជាទទួល បានកំណើនទេសចរពេញមួយឆ្នាំ។ រដូវកាលបៃតងនេះ នឹងជំនួសវិញនូវផ្នត់គំនិតចាក់ស្រេះក្នុងវិស័យ ទេសចរណ៍ ឬអ្នកផ្តល់សេវាកម្មទេសចរណ៍ពីការចាត់ទុកថារដូវកាលនេះគឺជារដូវកាលខ្សត់ភ្ញៀវ (Low Season) ផ្ទុយទៅវិញ ការកំណត់ឡើងវិញនូវ “រដូវកាលបៃតង” គឺផ្តោតទៅលើពេលវេលានៃភាពស្រស់ស្អាត ភាពពិតប្រាកដ និងដំណើរកម្សាន្តផ្សងព្រេងដែលផ្តល់ឱ្យទេសចរនូវទស្សនថ្មីអំពីទេសភាពចម្រុះ និងគួរឱ្យទាក់ ទាញរបស់ប្រទេសកម្ពុជា។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរបានលើកឡើងពីសារៈសំខាន់នៃការសហការរវាងវិស័យព័ត៌មាន និងវិស័យទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នៅក្នុងឱកាសនេះដែរ ក៏មានការចាក់បញ្ចាំងវីដេអូស្តីពី «យុទ្ធនាការទស្សនា កម្ពុជានារដូវកាលបៃតង» និងយុទ្ធនាការនិយាតថាទេចំពោះព័ត៌មានក្លែងក្លាយ « Say No to Face News » ក្នុងព្រះរាជាណាចក្រកម្ពុជា ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×