ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានធ្វើឡើងនាទីស្តីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការថ្នាក់ជាតិ, តំណាងអយ្យការទទួលបន្ទុកមណ្ឌលអប់រំកែប្រែទាំង៤ និងប្រធានមណ្ឌលអប់រំកែប្រែទាំង៤ ព្រមទាំងមន្ត្រីជំនាញមួយចំនួននៃក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ។
គណៈកម្មការថ្នាក់ជាតិបានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសរុបចំនួន ១,២៥៤ នាក់ (ស្រី ១០៥ នាក់) ក្នុងនោះ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានទណ្ឌិតស្នើសុំចំនួន ៦៦៨ នាក់ (ស្រី ៥៣ នាក់) និងសម្រាប់ពិធីបុណ្យវិសាខបូជា មានទណ្ឌិតស្នើសុំចំនួន ចំនួន ៥៨៦ នាក់ (ស្រី ៥២ នាក់) ដែលសំណើសុំនេះទទួលបានពីពន្ធនាគាររាជធានី ខេត្តចំនួន ២៤ និងមណ្ឌលអប់រំកែប្រែចំនួន ៤៕ រក្សាសិទ្ធដោយ៖សុទ្ធលី














