ខេត្តកំពង់ចាម: “នៅពេលដែលមានបញ្ហាបន្ទាន់ណាមួយកើតឡើងត្រូវប្រញាប់ស្ទុះស្ទាទៅដោះស្រាយការងារនោះនៅក្នុងអង្គភាពដោយឈរលើគោលការណ៍សាមគ្គីធ្វើយ៉ាងណាឱ្យវិស័យសេវាសុខាភិបាលមានភាពល្អប្រសើរ។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តម សាស្ត្រាចារ្យ
ឈាង រ៉ារ ដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលបានលើកឡើងនាព្រឹកថ្ងៃទី៣១មីនា ឆ្នាំ២០២៦នៅសាលសន្និសីទសាលាខេត្តក្នុងឱកាសពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដោយលោកវេជ្ជបណ្ឌិតគីម សួរភីរុណ ត្រូវចូលនិវត្តន៍ជំនួសដោយលោកវេជ្ជបណ្ឌិតវ៉ា សាវុធ ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា:ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពិសេសលោកប្រធានមន្ទីរដែលទើបទទួលការតែងតាំងថ្មីត្រូវខិតខំលើកកម្ពស់គុណភាពការងារប្រកបដោយវិជ្ជាជីវៈ ដោយបញ្ចេញឲ្យអស់ពីសមត្ថភាពទេពកោសល្យនិងគំនិតច្នៃប្រឌិតក្នុងស្មារតីទទួលខុសត្រូវចំពោះថ្នាក់ដឹកនាំក្រសួងចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តលើវិស័យសុខាភិបាល។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ជាមួយនោះសូមផ្ដាំផ្ញើដល់ប្រធានមន្ទីរដែលទើបទទួលការតែងតាំងថ្មីត្រូវអនុវត្តក្នុងនោះរួមមាន
១.ត្រូវបន្តនិរន្តរភាពការងារនិងត្រូវមានគណនេយ្យលើការអនុវត្តការងារភារកិច្ចពិសេសត្រូវរក្សាសាមគ្គីផ្ទៃក្នុងឳ្យបានល្អប្រសើរ។
២.ត្រូវមានកិច្ចសហការល្អជាមួយមន្ទីរអង្គភាពនានាជុំវិញខេត្តអាជ្ញាធរគ្រប់លំដាប់ថ្នាក់
៣.ត្រូវមានរបៀបរបបធ្វើការងារឲ្យបានត្រឹមត្រូវតាមប្រកាសនិងសេចក្តីណែនាំ
៤.ត្រូវយកចិត្តទុកដាក់បណ្ដុះបណ្ដាលជាប្រចាំដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការក្រោមឱវាទលើវិស័យនេះ
៥.ត្រូវពង្រឹងគុណភាពសេវាថែទាំសុខភាពប្រកបដោយគុណភាពនិងសមធម៌។
ឯកឧត្តម សាស្ត្រាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍គោះបញ្ជាក់ថា ចំពោះប្រធានមន្ទីរសុខាភិបាល ដែលត្រូវបានតែងតាំងថ្មីគឺចេះទទួលខុសត្រូវមិនត្រឹមតែបែបបទរដ្ឋបាលមួយប៉ុណ្ណោះទេ គឺតម្រូវឲ្យមានភាពជាអ្នកដឹកនាំដែលមានគំរូល្អបម្រើប្រយោជន៍រួមជាសាធារណៈ។ថ្ងៃនេះមានការផ្ទេរតំណែងប្រធានថ្មីសំខាន់ឲ្យលទ្ធផលការដឹកនាំវិស័យសុខាភិបាលក្នុងខេត្តកំពង់ចាមប្រកបដោយគុណភាព។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍បន្តថា សម្រាប់គោលការណ៍សូមឱ្យតម្កល់វិន័យបានខ្ពស់យកចិត្តទុកដាក់ម៉ឺងម៉ាត់និងប្រកាន់ភាពខ្ជាប់ខ្ជួន ហើយត្រូវចេះទទួលខុសត្រូវរាល់គ្រប់ការងារទាំងអស់ដែលចូលរួមមានជាក្រុមឈរលើភាពត្រឹមត្រូវ។ត្រូវចេះបើកចិត្តកុំរួញរារក្នុងការរិះគន់បែបស្ថាបនានៅកំសោយទាំងឡាយ ធ្វើមេបើអត់ហ៊ាននិយាយចំណុចខ្វះខាតគឺមិនទទួលបានជោគជ័យនោះទេ។ ហើយចំណុចដែលជៀសវាងគឺមិនត្រូវនៅក្រោយបញ្ហាណាមួយ បើមានអ្វីដែលកើតឡើងត្រូវតែចេញមុខដោះស្រាយ ហើយត្រូវយកចិត្តទុកដាក់ពីបញ្ហាអនាម័យឲ្យបានល្អនៅក្នុងអង្គភាព។ជាមួយនោះការងារថែទាំត្រូវតែមានភាពអត់ធ្មត់ប្រកបដោយវិជ្ជាជីវៈ។រូបលោកមានជំនឿយ៉ាងមុតមាំនិងសង្ឃឹមយ៉ាងជាក់ច្បាស់ថាប្រធានមន្ទីរសុខាភិបាលដែលត្រូវទើបតែងតាំងថ្មីនិងយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនអនុវត្តការងារឲ្យទទួលបានលទ្ធផលត្រចះត្រចង់ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងនោះរូបលោកសូមឱ្យមានការគ្រប់គ្រងនិងអន្តរាគមន៍ឲ្យបានត្រឹមត្រូវនិងបានឆាប់រហ័សទាន់ពេលវេលា ចំពោះការប្រយុទ្ធប្រឆាំងនិងជំងឺគ្រប់ប្រភេទនៅក្រោមការដឹកនាំរបស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងនិងជំងឺមិនឆ្លងគ្រប់ប្រភេទ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី
















