ក្នុងឱកាសការពារសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នាវិមានរដ្ឋសភា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ទឹកប្រាក់ប្រមាណ ៤៤២ ពាន់លានដុល្លារ ត្រូវបានបាត់បង់លើសកលលោកដោយសារ “Online Scam” ក្នុងរយៈពេលត្រឹមតែ ១ឆ្នាំ!។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទម្លាយនូវទិន្នន័យដ៏គួរឱ្យតក់ស្លុតអំពីទំហំនៃការខូចខាតដែលបង្កឡើងដោយឧក្រិដ្ឋកម្មបច្ចេកវិទ្យា។
«ក្នុងរយៈពេលតែមួយឆ្នាំ សកលលោកបានបាត់បង់ប្រាក់ប្រមាណជា ៤៤២ ពាន់លានដុល្លារ ដោយសារការបោកប្រាស់តាមប្រព័ន្ធអនឡាញ (Scam) និងការបន្លំហិរញ្ញវត្ថុ។»
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដោយមើលឃើញពីគ្រោះថ្នាក់ដ៏ធំធេងនេះ ប្រទេសជាច្រើនរួមទាំងកម្ពុជាផងដែរ បានកំណត់យកការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យាជា «អាទិភាពថ្មី» ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការពារប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕ រក្សាសិទ្ធដោយ៖សុទ្ធលី





