Wednesday, April 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្នុងមណ្ឌលវិទ្យាល័យព្រះសីហនុ

ខេត្តកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា កាលពីថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់ស្រោមវិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សម្រាប់បម្រើការងារនៅពន្ធនាគារខេត្តចំនួន ៥ ខេត្ត រួមមាន កំពង់ចាម, ពន្ធនាគារខេត្តត្បូងឃ្មុំ, ពន្ធនាគារខេត្តព្រៃវែង, ពន្ធនាគារខេត្តស្វាយរៀង, ពន្ធនាគារខេត្តកំពង់ធំ និងមណ្ឌលអប់រំកែប្រែទី៣ ពិធីនេះត្រូវបានរៀបចំឡើង នៅមណ្ឌលប្រឡង វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម មានការត្រួតពិនិត្យ យ៉ាងម៉ឺងម៉ាត់ និងត្រឹមត្រូវបំផុតដោយជ្រើសរើសយកអ្នកដែលមានចំណេះដឹងពិតប្រាកដ។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ការប្រឡងនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ តាមរយៈការជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ។ យើងអនុវត្តដោយឈរគោលការណ៍ «អ្នកចេះគឺជាប់ ហើយជាប់ដោយមោទនភាព និងធ្លាក់ដោយអស់ចិត្ត» ដើម្បីធានាបាននូវយុត្តិធម៌ តម្លាភាព និងភាពត្រឹមត្រូវបំផុត សម្រាប់បេក្ខជន បេក្ខនារីគ្រប់រូប ដោយមិនមានការយោគយល់ ឬអន្តរាគមន៍ណាមួយឡើយ។

ឯកឧត្តម បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីឆន្ទៈនយោបាយច្បាស់លាស់ ក្នុងការកសាង “គ្រឹះនៃជាតិ” តាមរយៈការសាងធនធានមនុស្ស។ នៅពេលដែលការជ្រើសរើសមន្ត្រីធ្វើឡើងដោយយុត្តិធម៌ វានឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ ហើយស្ថាប័នរដ្ឋនឹងពោពេញទៅដោយអ្នកមានសមត្ថភាព ដែលអាចជួយសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់បេក្ខជន បេក្ខនារីទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសេចក្តីថ្លៃថ្នូរ។ សូមឱ្យបេក្ខជនម្នាក់ៗ ខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាព ទាំងចំណេះដឹង និងបច្ចេកទេសដែលខ្លួនមាន។ឯកឧត្តម ក៏បានសូមប្រសិទ្ធពរជ័យ ជូនដល់បេក្ខជន បេក្ខនារីទាំងអស់ សូមឱ្យមានស្មារតីភ្លឺស្វាង ទទួលបានជោគជ័យក្នុងការប្រឡង និងក្លាយជាមន្ត្រីបន្តវេនប្រកបដោយសមត្ថភាព ដើម្បីចូលរួមបម្រើជាតិមាតុភូមិ ក្នុងវិស័យពន្ធនាគារនាពេលអនាគត។

បើតាមបទបញ្ជាបទផ្ទៃក្នុងមណ្ឌលប្រឡង បានឲ្យដឹងថា ការប្រឡងនាព្រឹកនេះ ចាប់ផ្តើមពីម៉ោង ៧:៣០នាទី ដល់ម៉ោង ៩:៣០នាទី លើវិញ្ញាសា «ចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ»។ ដំណើរការប្រឡងត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដើម្បីធានាបាននូវតម្លាភាព យុត្តិធម៌ និងលទ្ធផលដែលខិតខំដោយសមត្ថភាពពិតៗ។

បន្ថែមលើសពីនេះ បើតាមគណៈកម្មការប្រលងបានឲ្យដឹងថា សម្រាប់កម្មវិធីប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ចែកចេញជា ១០បន្ទប់ មានបេក្ខជនសរុបចំនួន ៦៤០ នាក់ ស្រី ៣០៩ នាក់ ក្នុងនោះបានចូលរួមប្រឡងចំនួន ៦៣០នាក់ ស្រី ៣០៣នាក់ អវត្ដមាន ១០នាក់ ស្រី ០៦នាក់៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×