ខេត្តកំពង់ចាម: ដោយមើលឃើញអគារសាងសង់អំពីឈើមានសភាពចាស់ទ្រុឌទ្រោមត្រូវបានសប្បុរសជនជប៉ុនរៃអង្គាសថវិកាកសាងអគារសិក្សាមួយខ្នងសាងសង់អំពីបេតុងប្រក់ក្បឿងមាន៣បន្ទប់រួមហ្នឹងសមិទ្ធផលផ្សេងទៀត នៅតំបន់ដាច់ស្រយាលក្នុងឃុំអូរម្លូ ស្រុកស្ទឹងត្រង់ជាប់ព្រំប្រទល់ខេត្តកំពង់ចាម-ក្រចេះ ដោយចំណាយថវិកាអស់ជាង៤៧០០ដុល្លារ ត្រូវបានដាក់សម្ពោធដោយប្រើប្រាស់ជាផ្លូវការកាលព្រឹកថ្ងៃទី២៩មីនា ឆ្នាំ២០២៦។
ជាមួយនោះអាជ្ញាធរខេត្តបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ត្រូវខិតខំថែរក្សាធ្វើយ៉ាងណាប្រើប្រាស់ឲ្យបានយូរអង្វែង។
លោកស្រី Sachie Emi តំណាងសប្បុរសជនជប៉ុនបានលើកឡើងថា:
ក្នុងពេលសម្ពោធគឺមានជនជាតិជប៉ុនចំនួន៧នាក់ក្នុងនោះជាង១០០នាក់ទៀត ដែលបានរៃអង្គាសថវិកាមកកសាងអគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាបួនម៉ឺន ដោយអ្នកផ្សេងទៀតមិនបានមក។ក្នុងនោះអ្នកដែលមកគឺបានចំណាយថវិការួមចំណែកច្រើនជាងគេ ហើយអ្នកខ្លះមិនបានមកគឺបានសរសេរចារឈ្មោះនៅលើតុរបស់កូនសិស្ស ហើយសូមឱ្យឪពុកម្ដាយមេត្តាបញ្ជូនកូនមករៀនឲ្យបានគ្រប់ៗគ្នាលោកស្រីសង្ឃឹមថានៅតំបន់ដាច់ស្រយាលមួយនេះនិងមានការអភិវឌ្ឍច្រើនបន្ថែមទៀត។
អាគារនេះជាអំណោយរបស់ KATSUHARA FAMILY លោក MORISHITA លោក SEKITO និង សប្បុរសជនជាច្រេីនរូបទៀត តាមរយៈអង្គការBalance Communication។
លោកស្រី សុភ័ក្រ្ត អភិបាលរងខេត្តតំណាងឲ្យឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តបានមានប្រសាសន៍ឲ្យដឹងដែរថា:ចំពោះផ្លូវថ្នល់ដែលចូលមកកាន់សាលាដែលត្រូវសម្ពោធអគារសិក្សានេះមានភាពល្អប្រសើរជាងមុន។ដែលកាលពីដើមឡើយជាប្រភេទផ្លូវដីពិបាកក្នុងការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ ចំណែកសាលារៀនត្រូវនៅឆ្ងាយពីភូមិឋានធ្វើឲ្យកូនសិស្សពិបាកក្នុងការធ្វើដំណើរទៅរៀនទីនោះគឺមានអគារសិក្សាមួយខ្នងសង់អំពីឈើមានទីបន្ទប់តែមានសភាពចាស់ទ្រុឌទ្រោមទៀតផង។
លោកស្រី សុភ័ក្រ្ត អភិបាលរងខេត្តបានបន្តឲ្យដឹងទៀតថា ដោយមើលឃើញពីការលំបាកបែបនេះទើបសប្បុរសជនជប៉ុនបាននាំគ្នារៃអង្គាសថវិកានៅប្រទេសជប៉ុន ដើម្បីសាងសង់អគារសិក្សាមួយខ្នងមានបីបន្ទប់ធំទូលាយតាមរយៈលោកហ៊ន់ ស៊ាងហុង អតីតនិស្សិតឆ្នើមនៅប្រទេសជប៉ុន។ រូបលោកបានក្រើនរំលឹកថាគ្រាសម័យសម្ដេចតេជោនៅជានាយករដ្ឋមន្ត្រី
ធ្លាប់មានប្រសាសន៍លើកឡើងថាសម្ដេចចង់ឃើញសាលារៀនបានខិតទៅជិតដល់ជណ្ដើរផ្ទះរបស់ពលរដ្ឋ នៅទីបំផុតអគារសិក្សាក្រោមជំនួយសប្បុរសជនរបស់ជប៉ុនបានកសាងឡើងនៅកៀកនិងភូមិឋានរបស់ប្រជាពលរដ្ឋមែន។សព្វថ្ងៃនៅក្នុងខេត្តកំពង់ចាមមានសាលាចំនួន១០៥០
មត្តេយ្យចំនួន៤៨៨កន្លែង បឋមសិក្សាចំនួន៤១៩កន្លែងអនុវិទ្យាល័យ-វិទ្យាល័យ១៣៨កន្លែង វិទ្យាល័យ៤៨កន្លែង។
សម្រាប់អគារសិក្សាសាងសង់ពីបេតុងដែលត្រូវសម្ពោធនាឱកាសនេះគឺជាក្តីសង្ឃឹមនិងការផ្លាស់ប្ដូរកូនចៅរបស់យើងឱ្យរៀនសូត្របានពេញលេញ មានចំណេះដឹងពិតប្រាកដ។ក្មួយៗត្រូវចាំថាយើងរៀនមិនមែនដើម្បីតែចំណេះដឹងខ្លួនឯងនោះទេគឺសម្រាប់ដើម្បីប្រទេសជាតិ ព្រោះថាធនធានមនុស្សគឺជាអាទិភាពទីមួយក្នុងការបណ្ដុះបណ្ដាលចំណេះដឹងគ្រប់គ្រាន់។ អភិបាលរងខេត្តបានក្រើនរំលឹកថាកាលនៅពីក្មេងរូបលោកធ្លាប់ជិះកង់មករៀន ហើយផ្លូវក៏លំបាកទៀតតែដោយទឹកចិត្តការប្រឹងប្រែងតស៊ូពុះពារគ្រប់ឧបសគ្គ រហូតរៀនចប់មហាវិទ្យាល័យផ្នែកអក្សរសាស្ត្រអង់គ្លេសនិងបានទទួលតំណែងជាអភិបាលរងខេត្តពិតជាមិនគួរឲ្យជឿ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី













