នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសម្ពោធរបាយការណ៍អង្គការសហប្រជាជាតិ ស្តីពីការអភិវឌ្ឍន៍ទឹកពិភពលោក ឆ្នាំ២០២៦ នៅកម្ពុជា ក្រោមប្រធានបទ «ទឹកសម្រាប់ទាំងអស់គ្នា សិទ្ធិ និងឱកាសស្មើគ្នា» នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
តាងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត បានកោតសរសើរចំពោះអង្គការ UNESCO និងអង្គការ OXFAM ដែលបានរៀបចំកម្មវិធីនេះឡើង និងវត្តមានរបស់ភ្ញៀវកិត្ដិយស ក្នុងគោលដៅស្វែងយល់ ប្តេជ្ញាចិត្តរួមគ្នាលើ ធនធានដ៏សំខាន់បំផុតមួយសម្រាប់ជីវិត និងការអភិវឌ្ឍន៍គឺទឹក។ ឯកឧត្តមបន្ថែមថា ប្រទេសកម្ពុជា បាននិងកំពុងអនុវត្តកំណែទម្រង់សំខាន់ៗ ដើម្បីធានាបាននូវការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាពក្នុងវិស័យកសិកម្ម ក្នុងនោះការកែលម្អប្រព័ន្ធធារាសាស្រ្ត និងការលើកកម្ពស់បច្ចេកវិទ្យាឆ្លាតវៃធន់នឹងអាកាសធាតុ តាមរយៈការអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ជាដើម។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងផ្តាំផ្ញើដល់អង្គពិធី (១)សមភាព ក្នុងការប្រើប្រាស់ទឹក ពិតជាមិនទាន់គ្រប់គ្រាន់សម្រាប់គាំទ្រផលិតភាពផលិតកម្មកសិកម្ម និងការទាមទារកិច្ចសម្របសម្រួល (coordination) ដ៏មានប្រសិទ្ធភាពក្នុងការប្រើប្រាស់ទឹក ប្រកបដោយតម្លាភាព និង (២) គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវសហការរួមគ្នា ជួយសម្របសម្រួលការងារឱ្យកាន់តែមានភាពបុរេសកម្ម កំណត់សកម្មភាពអាទិភាពធ្វេីយ៉ាងណាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បេីតាម ឯកឧត្តមរដ្ឋលេខាធិការ ក្រុមការងារបច្ចេកទេសកសិកម្ម និងទឹក (TWG-AW) ជាយន្តការគម្រូមួយដ៏ល្អដែលរដ្ឋាភិបាលជំរុញបង្កើតឡើង និងជាតួអង្គសម្របសម្រួលការងារនេះផងដែរ។
ជាទីបញ្ចប់ ឯកឧត្តម សូមស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តជំរុញសន្ទុះដែលបង្កើតឡើងជាមួយនឹងចក្ខុវិស័យរួមគ្នានេះ និងបង្កេីនល្បឿនការងារ ក្នុងគោលបំណងដ៏រឹងមាំលើការអភិវឌ្ឍធនធានទឹកប្រកបដោយចីរភាព ស្របតាមពហុបំណងនាពេលបច្ចុប្បន្ន និងអនាគត។
សូមជម្រាបជូនថា ព្រឹត្តិការណ៍នេះមានគោលបំណង បង្កើនការយល់ដឹងកាន់តែច្បាស់អំពីបញ្ហាប្រឈមទឹកជាសកល ដែលបានគូសបញ្ជាក់ក្នុងរបាយការណ៍ ការពង្រឹងកិច្ចសន្ទនាស្តីពីការគ្រប់គ្រងទឹកប្រកបដោយចីរភាពនៅកម្ពុជា ការចូលរួមក្នុងចំណោមភាគីពាក់ព័ន្ធដែលកំពុងធ្វើការឆ្ពោះទៅរកសន្តិសុខទឹក និងការកំណត់អត្តសញ្ញាណសកម្មភាពអាទិភាព និងឱកាសភាពជាដៃគូ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










