រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វេីការកែសម្រួលបញ្ចុះតម្លៃអត្រាពន្ធគយ និងអត្រាអាករនាំចេញលេីមុខទំនិញមួយចំនួន ពាក់ព័ន្ធនឹងគ្រឿងប្រេីប្រាស់អគ្គិសនី, ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ចង្កៀងសូឡា ព្រមជាមួយនឹងគ្រឿងប្រេីប្រាស់អគ្គិសនីមួយចំនួនទៀត ក្នុងនោះក៏រួមមានរថយន្តដឹកអ្នកដំណេីរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV។
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា នៃរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីជូនដំណឹង ស្តីពីការកែសម្រួលអត្រាពន្ធគយនិងអត្រាអាករនាំចេញ លើមុខទំនិញមួយចំនួន។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជន ក៏ដូចជាធុរជន ពាក់ព័ន្ធជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៥២ អនក្រ.បក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ស្តីពីការកែសម្រួលអត្រាពន្ធគយនិងអត្រាអាករនាំចេញ លើមុខទំនិញមួយចំនួនដូចខាងក្រោម៖
១- បញ្ចុះអត្រាពន្ធនាំចូលពី ៧% មក ០% លើមុខទំនិញ ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយ អគ្គិសនី និងចង្កៀងសូឡា ចំនួន ០៩ បន្ទាត់ពន្ធ
២- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពល សូឡា, អាគុយលីចូម(អាគុយកុំព្យូទ័រយួរដៃ, អាគុយយន្តហោះ, អាគុយយានយន្ត, អាគុយសូឡា និង ឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station, ថ្មទូរសព្ទ ជាដើម), ចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់ពន្ធ ៣- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន ៩២ បន្ទាត់ពន្ធ ៤- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ០%លើមុខទំនិញ ចង្ក្រានអគ្គិសនី, ចង្ក្រានអាំងនំប៉័ង និងរថយន្ត គ្រួសារប្រភេទ EV ចំនួន ១២ បន្ទាត់ពន្ធ
៥- បញ្ចុះអត្រាអាករនាំចេញពី ២៥%មក ១០%លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម)ចំនួន០១ បន្ទាត់ពន្ធ។ អត្រាពន្ធគយនិងអត្រាអាករនាំចេញកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



