ខេត្តព្រៃវែង៖ ឯកឧត្តមបណ្ឌិត ជួន កក្កដា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា រួមជាមួយនឹងព្រះធម្មវិជ្ជា រីម ចាន់រ៉ា ចន្ទប្បិយោ ព្រះរាជាគណៈថ្នាក់កិត្តិយស អញ្ជេីញ-និមន្តធ្វេីជាបាឋកថាក្រោមប្រធានបទ«សីលធម៌នាំឱ្យសង្គមជាតិមានសេចក្តីថ្លៃថ្នូរ និងរីកចម្រើន»។
កម្មវិធីនេះរៀបចំឡេីងដោយអតីតសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យដូនកឹង សហការជាមួយក្រុមយុវនិពន្ធវ័យក្មេង និងវេទិកាអំណានដើម្បីកម្ពុជា បានផ្ដួចផ្ដើមរៀបចំកម្មវិធីអប់រំសីលធម៌នេះឡេីង ដើម្បីចូលរួមបង្កើនការយល់ដឹងដល់កុមារ និងយុវជនអំពីតម្លៃសីលធម៌ និងសុជីវធម៌ក្នុងគ្រួសារ និងសង្គម ដែលមានលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួម ៦០០នាក់។ ដែលមានការនិមន្តចូលរួមធ្វើធម្មកថាដោយ ព្រះធម្មវិជ្ជា រីម ចាន់រ៉ា ចន្ទប្បិយោ ព្រះរាជាគណៈថ្នាក់កិត្តិយស។
ព្រះវាគ្មិន រីម ចាន់រ៉ាមានសង្ឃដីកាថា អាជីពជាគ្រូបង្រៀន គឺជាអ្នកប្រៀនប្រដៅសិស្សដោយស្មោះត្រង់ ជាអ្នកត្រៀមខ្លួនលះបង់ដល់សិស្សានុសិស្ស ជាពិសេសព្រមខាត ឱ្យតែសិស្សរបស់ខ្លួនមានអនាគតរុងរឿងត្រចះត្រចង់។ ចំណែកឯឯកឧត្តមបណ្ឌិត ជួន កក្កដា បានលើកឡើងពីគុណតម្លៃនៃការអប់រំសីលធម៌សង្គម។ ឯកឧត្តមសង្កត់ធ្ងន់លើការចាប់ផ្តើមអប់រំខ្លួនជាមុន និងត្រូវចេះផ្តល់តម្លៃឱ្យខ្លួនឯង គោរពអ្នកដទៃ មានសាមគ្គីភាព និងទទួលខុសត្រូវរួមចំពោះសង្គមជាតិ។ លើសពីនេះទៀត ឯកឧត្តមក៏បានបញ្ជាក់ថា មនុស្សគ្រប់វ័យ គ្រប់មជ្ឈដ្ឋានទាំងអស់ចាំបាច់ត្រូវមានសីលធម៌ជាប់ជាប្រចាំដើម្បីឱ្យសង្គមជាតិសុខសាន្ត រុងរឿង រីកចម្រើន។
បើតាមការបញ្ជាក់របស់លោក នឹម នីបូណា ប្រធានក្រុមការងាររៀបចំកម្មវិធី បាឋកថានេះ មានគោលបំណងសំខាន់ផ្តោតលើការលើកកម្ពស់ ការយល់ដឹងអំពីសីលធម៌ និងគុណធម៌ដល់សិស្សានុសិស្ស និងយុវជន ដើម្បីជាគ្រឹះសម្រាប់ការកសាងគ្រួសារ និងសង្គមឱ្យកាន់តែមានភាពរុងរឿង និងរីកចម្រើន។
កម្មវិធីបាឋកថានេះ ប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទីព្រឹក នៅបរិវេណសាលាអនុវិទ្យាល័យដូនកឹង ស្ថិតក្នុងភូមិដូនកឹង ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។











