ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ផែនការយ៉ាងម៉ឹងម៉ាត់ឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ធ្វើយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ពោលគឺសម្អាតឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៦នេះ។ ឯកឧត្ដម ឃួង ស្រេងដាក់ផែនការយ៉ាងម៉ឹងម៉ាត់បែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំតាមដានការអនុវត្តការងារសារាចរ០៣លើការងារ គ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងធ្វើយុទ្ធនាការបោសសម្អាតបទល្មើស ONLINE SCAMS ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅរាជធានីភ្នំពេញមានអគារខ្ពស់ៗចាប់ពី៧ជាន់ឡើងទៅ ជិត៤០០០អគារ ដូច្នេះសូមឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិ អ្នករស់នៅក្នុងខុនដូ និងអ្នកស្នាក់នៅប្រមូលផ្ដុំ«រួម»តាមបុរីឱ្យបានច្បាស់លាស់ ដើម្បីឈានទៅបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន។នេះជាយុទ្ធនាការបោសសម្អាតឱ្យអស់។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍បន្តថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេច ទទួលយកសេដ្ឋកិច្ចពណ៌ ស មិនទទួលយក សេដ្ឋកិច្ចពណ៌ប្រផេះនិងខ្មៅ ដាច់ខាត។ដូច្នេះយើងត្រូវរួមគ្នាដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីបង្ក្រាបនិងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ត្រឹមថ្ងៃ៣០ ខែមិនាឆ្នាំ២០២៦ខាងមុខនេះ។ មេបទល្មើស ONLINE SCAMSនេះ ពួកគេជាពួកIT ដែលទៀមទាឱ្យកម្លាំងនិងអាជ្ញាធរទាំង១៤ខណ្ឌ អនុវត្តការងារនេះ ដោយភាពម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត។ យើងត្រូវប្រឹងប្រែងទាំងអស់គ្នាដើម្បីមុខមាត់ប្រទេសជាតិរបស់យើង។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ក្រៅពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ហើយនោះ កងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ ក៏ត្រូវ បង្ក្រាបល្បែងស៊ីសងគ្រប់បករភេទ ដូចជាជល់មាន់ ប៊ៀ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូផងដែរ។ បន្ថែមពីនេះការថែរក្សាសន្តិសុខ សុវត្ថិភាពនិងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ តាមផ្សារនានា ក៏ត្រូវតែយកចិត្តទុកដាក់រៀបចំឱ្យបានស្អាត ដែលសកម្មភាពនេះ ប្រជាពលរដ្ឋដ៏ច្រើនលើសលប់គាំទ្រខ្លាំងណាស់៕រក្សាសិទ្ធដោយ៖សុទ្ធលី



























