នៅក្នុងសមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី១ ចាប់ផ្ដើមនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតីអះអាងថា ទោះថៃឯកភាព ឬមិនឯកភាព ក៏កម្ពុជា នៅតែប្ដឹងទៅតុលាការអន្តរជាតិ (ICJ) ដែរ ដើម្បីដោះស្រាយបញ្ហាព្រំដែននេះដែរ ដើម្បីពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនចង់បានទឹកដីអ្នកណាទេ តែកម្ពុជាដាច់ខាតមិនអោយអ្នកណាមកឈ្លានពានខ្លួនបានឡើយ … អ្វីដែលកងទ័ពយើងត្រូវការនៅពេលនេះគឺការគាំទ្រលើកទឹកចិត្តរបស់ប្រជាជនយើង … ខ្ញុំសូមអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូបទោះមាននិន្នាការនយោបាយណាក៏ដោយ សូមគាំទ្រកងទ័ពយើង និង សូមកុំធ្វើអ្វីដែលប៉ះពាល់ទឹកចិត្តកងទ័ពអោយសោះ -។
បើតាមនាយករដ្ឋមន្ដ្រី៖ សូមប្រជាពលរដ្ឋទាំងអស់ទោះមាននិន្នាការណាក៏ដោយ សូមកុំធ្វើអ្វីឱ្យប៉ះពាល់ដល់ទឹកចិត្ដ ស្មារតី កងទ័ព សូមរួមគ្នាដើម្បីការពារអធិបតេយ្យភាពការពារទឹកដីកម្ពុជា។ ពេលនេះមិនមែនជាពេលកេងចំណេញនយោបាយទេ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ផ្តត់ផ្គង់កងទ័ពនៅព្រំដែន តែការជួយគាំទ្រពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង គឺជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់កងទ័ព ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តត់ផ្គង់កងទ័ពនៅព្រំដែន ប៉ុន្តែការជួយគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង គឺជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់កងទ័ព។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ សម្តេចបានចុះទៅជួបដោយផ្ទាល់ជាមួយមេទ័ព និងកម្លាំងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅព្រំដែនខេត្តព្រះវិហារ ដោយកងទ័ពកម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារទឹកដី បូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជា មិនមានបំណងឈ្លានពានចូលប្រទេសជិតខាង និងមិនចង់បានទឹកដីប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ។ ប៉ុន្តែ សូមប្តេជ្ញាចិត្តការពារឱ្យបានដាច់ខាតនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ចំណុចនេះ គឺជាការរបស់កងទ័ព និងកងកម្លាំងនគរបាលជាតិកម្ពុជា ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។
សម្តចបវរធិបតី ហ៊ុន ម៉ាណែត ក៏បាថ្លែងអំណរគុណចំពោះការគាំទ្រដ៏ផុសផុលពីបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី មិនថានៅក្នុងប្រទេស មិនថានៅក្រៅប្រទេសចំពោះការជួយឧបត្ថម្ភគាំទ្រទៅដល់កងទ័ពរបស់យើង កងនគរបាលជាតិ តាមរយៈការបរិច្ចាគធនធាន ថវិកា សម្ភារៈ ស្បៀងអាហារជាច្រើន ជាបន្តបន្ទាប់ ក៏ដូចជាការបញ្ចេញសារគាំទ្រលើបណ្តាញសង្គម និងតាមរយៈគ្រប់រូបភាពផ្សេងៗទៀត ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពរបស់កម្ពុជា ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន។
សម្តចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថា ការជួយឧបត្ថម្ភមិនត្រឹមតែស្បៀង មិនត្រឹមតែថវិកានោះទេ ការធានាស្បៀង ការធានាថវិកា រាជរដ្ឋាភិបាលយើងបានធានា ក្រសួងការពារជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានទៅឈរជើងនៅទីនោះ និងថ្នាក់ដឹកនាំក្រសួងការពារជាតិ ខាងភស្តុភាក្រសួងការពារជាតិ ក៏បានធានា យើងមិនឱ្យមានការខ្វះខាតសម្រាប់បងប្អូននោះទេ ប៉ុន្តែ ការជួយគាំទ្របន្ថែមរបស់បងប្អូនប្រជាពលរដ្ឋនេះ មិនត្រឹមតែជាស្បៀង សម្ភារៈ ប៉ុន្តែ គឺជាការលើកទឹកចិត្តសម្រាប់កងទ័ពរបស់យើង ដែលដឹងថាប្រជាពលរដ្ឋយើងនៅគ្រប់ទិសទីនៅពីក្រោយកងទ័ពរបស់យើង ដើម្បីបំពេញកាតព្វកិច្ចការពារទឹកដីរបស់យើងដោយបានជោគជ័យនេះ គឺជាសារធំណាស់សម្រាប់បងប្អូនរបស់យើង»។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី សូមអំពាវនាវបន្តគាំទ្រ និងរួមគ្នា ដើម្បីលើកទឹកចិត្តកងទ័ពកម្ពុជា ហើយនៅពេលជាមួយគ្នា និងសូមអំពាវនាវសារជាថ្មី ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនទោះបីជាមាននិន្នាការណាក៏ដោយសូមកុំធ្វើសកម្មភាពណាដែលប៉ះពាល់ដល់ទឹកចិត្តរបស់កម្ពុជា ពីព្រោះពេលនេះ ជាពេលវេលាដែលយើងជាខ្មែរត្រូវរួមគ្នា ដើម្បីត្រៀមលក្ខណៈការពារជាតិ ការពារបូរណភាពទឹកដី ជាពិសេសត្រូវរួមគ្នាឈរពីក្រោយកងទ័ពកម្ពុជា ដើម្បីការពារទឹកដី ឱ្យបានជាដាច់ខាត។
គួរឱ្យដឹងថា បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពនៅព្រំដែនតំបន់មុំបី ស្ថិតនៅខេត្តព្រះវិហារ ដែលបានកើតឡើងនាព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ហេតុការណ៍នេះ បានបណ្តាលឱ្យទាហានខ្មែរម្នាក់ ដែលឈរជើងនៅតំបន់មុំបីនេះ បានពលីជីវិត។ យោធិនរូបនោះមានឈ្មោះ សួន រ៉ោន អាយុ៤៨ឆ្នាំ តួនាទីព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕រក្សាសិទ្ធដោយ៖សុទ្ធលី





