Wednesday, May 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា លើកឡើងថា អំណោយជំរុញដល់ការសិក្សារបស់កុមារ គឺជាការចូលរួមអភិវឌ្ឍន៍មូលធនមនុស្សរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ ដើម្បីអនាគតភ្លឺស្វាងរបស់កុមារ ឈានទៅរកមូលធនមនុស្ស រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយ ឯកឧត្តម បាវិតលុង វ៉ាន់ឡាល់វ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានចំណាយពេលធ្វើបេសកកម្មរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៤ – ២៥ ខែឧសភា ឆ្នាំ២០២៥ ទៅកាន់តំបន់ដាច់ស្រយាល នៃខេត្តក្រចេះ នាភាគឦសានប្រទេស ដើម្បីពិនិត្យមើលជីវភាពរស់នៅរបស់បងប្អូនប្រជាជន និងអ្វីដែលអាចជួយបាន, ជាពិសេស ផ្ដល់អំណោយកង់ ចំនួន ៧០កង់ មួកសុវត្ថិភាព ដបទឹកបរិស្ថាន ជូនដល់កុមារតូចៗ ព្រមទាំងជួយបំពាក់ប្រព័ន្ធអគ្គិសនីប្រើថាមពលព្រះអាទិត្យតាមខ្នងផ្ទះប្រជាពលរដ្ឋ , និងដាក់អំពូលភ្លើងសូឡាបំភ្លឺតាមផ្លូវសារធារណៈ។

ការចែកអំណោយកង់ ចំនួន ៧០កង់ មួកសុវត្ថិភាព និងដបទឹកបរិស្ថាន ធ្វើឡើងនៅសាលាបឋមសិក្សា ប៉ាក្លែ ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ជូនដល់សិស្សានុសិស្ស ថ្នាក់ទី៥ និងទី៦ ដែលជាកូនចៅរបស់បងប្អូនជនជាតិដើមភាគតិច ” មិល ” កំពុងសិក្សា ។ អំណោយនេះក្រោមគម្រោងផ្តល់ផលរហ័សសម្រាប់ការគាំពារសហគមន៍សាលារៀនដែលត្រូវបានអនុវត្តក្រោមកិច្ចសហប្រតិបត្តិការ មេគង្គ-គង្គា នៃក្របខ័ណ្ឌគោលនយោបាយភាគខាងកើតរបស់ប្រទេសឥណ្ឌា។

មានការអញ្ជើញចូលរួមពី ឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ , ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន , មន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធ , មន្ត្រីថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានជាច្រើនរូបទៀត។

គម្រោងផ្តល់ផលរហ័សសម្រាប់ការគាំពារសហគមន៍ គ្រោងនឹងចែកកង់ មួកសុវត្ថិភាព និងដបទឹកបរិស្ថាន ដល់សិស្សនៅសាលាបឋមសិក្សា ចំនួន ៣ ក្នុងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ គឺកង់ចំនួន ២០០កង់ មួកសុវត្ថិភាព ដបទឹកបរិស្ថាន , ដោយលើកទី១. នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នេះ ចែកកង់ចំនួន ៧០កង់ , មួកសុវត្ថិភាព និងដបទឹកបរិស្ថាន ដល់សិស្សនៅសាលាបឋមសិក្សាប៉ាភ្លែ។ លើកទី២. គ្រោងនឹងចែកកង់ ៩៧កង់ , មួកសុវត្ថិភាព និងដបទឹកបរិស្ថាន ដល់សិស្សនៅសាលាបឋមសិក្សាស្រែស្បូវ , និងលើកទី៣. គ្រោងនឹងចែកកង់ ៣៣កង់ មួកសុវត្ថិភាព និងដបទឹកបរិស្ថាន ដល់សិស្សនៅសាលាបឋមឋសិក្សាអំពកកង់។ ក្រៅពីការចែកកង់ មួកសុវត្ថិភាព និងដបទឹកបរិស្ថាន គម្រោងនេះនឹងមានរៀបចំការបណ្តុះបណ្តាលអំពីសុវត្ថិភាពក្នុងការប្រើប្រាស់ផ្លូវថ្នល់ ដល់សិស្សានុសិស្ស ដែលទទួលបានកង់ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ដល់អ្នកទទួលផលពីគម្រោងនេះ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំណេះសំណាលជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋថា ធនធានមនុស្ស ត្រូវកសាងឡើងតាំងពីវ័យកុមារ , ជាក់ស្ដែង សិស្សានុសិស្សនេះឯង ត្រូវខិតខំ ប្រឹង​ប្រែងសិក្សារៀនសូត្រ និងត្រូវចេះថែរក្សា ប្រើប្រាស់សម្ភារៈអំណោយ ឱ្យបានយូរអង្វែង។ អំណោយកង់ជូនដល់សិស្សានុសិស្សនាថ្ងៃនេះ ក៏ជាការចូលរួមចំណែកក្នុងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការអភិវឌ្ឍមូលធនមនុស្ស , ហើយកុមារទាំងនេះ នឹងក្លាយជាទំពាំងស្នងឫស្សី ចូលរួមបម្រើសង្គមជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×