Wednesday, May 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមមន្ត្រីបរិស្ថាន និងឧស្សាហកម្ម ចុះត្រួតពិនិត្យ និងផ្អាកដំណើរការ រោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD ដោយសារមានសារធាតុពុល !

ខេត្តកំពង់ស្ពឺ ៖ រោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានជះចំហាយបំភាយក្លិនពុលយូរខែឆ្នាំហើយ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីកន្លែងនេះ បានធ្វើការសំណូមពរឱ្យខាងរោងចក្រកែប្រែលុបបំបាត់ក្លិនផ្សែងពុល ក៏ច្រើនលើកច្រើនសាមកហើយដែរ ប៉ុន្តែរោងចក្រមិនដែលបានកែប្រែសោះ ទើបតែពេលនេះ  ខាងមន្ត្រីពាក់ព័ន្ធចុះពីថ្នាក់លើទៅ ពិនិត្យឃើញថា មានកំហុសបច្ចេកទេសច្រើន ក៏តម្រូវឱ្យកែប្រែភ្លាមៗ។

ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋបាលស្រុកគងពិសី និងអាជ្ញាធរឃុំជង្រុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥​ រកឃើញថា រោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD ពិតជាបានបង្កឱ្យមានការបំពុល​ ដោយផ្សែង និងក្លិនខ្យល់ ដល់បរិយាកាស និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រមាណ៤០គ្រួសារ នៅក្នុងមូលដ្ឋានក្បែររោងចក្រនេះ យ៉ាងប្រាកដមែន។

ពេលចុះពិនិត្យទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនមានឡចំហាយ ចំនួន ០១ ដំណើរការដោយប្រើអុស លាយកម្ទេចជ័រ ដើម្បីដុត និងពុំមានប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវទេ, មានឡដុតរំលាយជ័រ ចេញជាគ្រាប់ ដោយពុំមានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់, ក្រុមហ៊ុនក៏ពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាប់កែច្នៃឱ្យបានត្រឹមត្រូវផងដែរ ពេលដំណើរការប្រចាំថ្ងៃ បណ្ដាលឱ្យផ្សែងពុលជះក្លិនចេញមកក្រៅ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅក្បែរនេះ។

មិនមែនចេះតែថា ឬចេះតែដាក់បន្ទុកលើមាត់ទទេនោះឡើយ គឺក្រុមការងារ បានធ្វើតេស្តដោយប្រើប្រាស់ឧបករណ៍ពិសោធន៍ រកឃើញសារធាតុបំពុលក្នុងខ្យល់ មានដូចជា កាបូនម៉ូណូអុកស៊ីត , អាស៊ូតម៉ូណូអុកស៊ីត , ស្ពាន់ធ័រឌីអុកស៊ីត លើសកម្រិតស្តង់ដារ មានក្លិនឆ្ងៀមខ្លាំង ប៉ះពាល់សុខភាព។ ក្រុមការងារបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. ខាងលើនេះ អំពីការល្មើសនឹងលិខិតបទដ្ឋានគតិយុត្តបរិស្ថាន និងដែលបានបង្កការបំពុលបរិស្ថាន ដោយផ្សែង និងក្លិន ដែលល្មើសនឹងមាត្រា ១៥៦, ១៧៣,១៧៦, ៣១២, ៣១៣,៣១៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ÷

  • ផ្អាកដំណើរការឡចំហាយជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុន បានអនុវត្តកែសម្រួលប្រព័ន្ធសម្អាតសាធារធាតុបំពុលខ្យល់ និងក្លិនរួចរាល់ និងរហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន ,
  • ពិន័យអន្តរការណ៍ទៅតាមច្បាប់កំណត់ ,
  • ក្រុមហ៊ុនត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ តាមការវាយតម្លៃជាក់ស្តែង ,
  • ត្រូវធ្វើការកែតម្រូវវិធានការបច្ចេកទេសលើការទុកដាក់វត្ថុធាតុដើម ទីតាំងទុកដាក់សំណល់ផេះ និងសំណល់រឹងគ្រប់ប្រភេទ ដោយអនុលោមតាមគោលការណ៍បច្ចេកទេស និងច្បាប់ជាធរមាន ,
  • ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រូវបង់មូលនិធិទាយជ្ជទានបរិស្ថានប្រចាំដូចបានចែងក្នុងកិច្ចសន្យាចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ,
  • ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមវិធានការខាងលើ ក្រុមហ៊ុននឹងប្រឈមនឹងការបិទអាជីវកម្មទាំងស្រុង៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN
×