ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អបព) នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនប្រធានផ្សារទួលពង្រ និងបក្ខពួកជាសន្តិសុខផ្សារ ៣ នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយឃាត់ខ្លូនពាក់ព័ន្ធការដើរប្រមូលលុយពីក្រុមអាជីវករលក់ដូរ តាមដងផ្លូវ ដែលជាការដើរប្រមូលចំណូលមិនមែនសារពើពន្ធដោយមិនទទួលបានសិទ្ធិពីរដ្ឋ។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់បណ្តាញព័ត៌មាននៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះថា ករណីសន្តិសុខផ្សារទួលពង្រ ដើមប្រមូលលុយពីក្រុមអាជីវករលក់ដូរតាមដងផ្លូវ ត្រូវបានគេចុះផ្សាយ ដ៏ច្រើនសន្ធឹកសន្ធាប់តាមបណ្ដាញសង្គម ដែលសកម្មភាពរបស់ក្រុមសន្តិសុខនេះ ធ្វើឡើងតាមបញ្ជារបស់ប្តីប្រពន្ធប្រធានផ្សារ។
លោក សយ ច័ន្ទវិចិត្រ បានបញ្ជាក់ថា ជនសង្ស័យទាំង៤រូបរួមមាន៖ ១) ឈ្មោះ ណៃ ដាណែត ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ប្រធានផ្សារទួលពង្រ
។ ២) ឈ្មោះ ប៊ុន ស៊ិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងថតវីដេអូ។ ៣) ឈ្មោះ ម៉ី សាផាត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ សន្តិសុខផ្សារទួលពង្រ និង៤) ឈ្មោះ សាម៉ាក់ ឆាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខផ្សារទួលពង្រ។
មន្ត្រីនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចឃាត់ខ្លួនបុគ្គលទាំង៤នេះ នៅវេលាម៉ោង ១៦៖១០នាទីនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ហើយបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ៕







