Wednesday, May 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប រួមគ្នាទប់ស្កាត់របបដ៏ឃោរឃៅនេះ កើតមាន សាជាថ្មីនៅលើទឹកដីសុវណ្ណភូមិរបស់យើង និងចូលរួមគាំទ្រ និងថែរក្សាសន្តិភាព

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សិក្សាអំពីអតីតកាលរបស់កម្ពុជា ការឈឺចាប់ ដែលប្រជាជនកម្ពុជាបានទទួលរង និងចេញពីបទពិសោធទាំងនេះ រួមគ្នាទប់ស្កាត់របបដ៏ឃោរឃៅនេះ កើតមាន សាជាថ្មីនៅលើទឹកដីសុវណ្ណភូមិរបស់យើង។ សូមចូលរួមគាំទ្រ និងថែរក្សាសន្តិភាពដើម្បីឱ្យសន្តិភាពនេះ នៅស្ថិតស្ថេរ ចីរកាល ។

ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និង លើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។ «ទិវាជាតិនៃការចងចាំ» នេះ ត្រូវបានទទួលស្គាល់ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជាគម្រោងសំណងមួយក្នុងចំណោម គម្រោងសំណង២៦ ដែលទទួលស្គាល់ជាផ្លូវការ និងជាអចិន្ត្រៃយ៍ចំពោះការឈឺចាប់របស់ដើមបណ្តឹងរដ្ឋប្បវេណី និង លើកកម្ពស់ការចងចាំនូវឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ។

រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះ «បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវសំផន» ដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជា រៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤ មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី «ទិវាចងកំហឹង» ជា «ទិវា ចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ១៩ អនក្រ.បក កំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» វិញ ។

មូលហេតុនៃការកំណត់យកថ្ងៃ ២០ ឧសភា ជាទិវាជាតិនៃការចងចាំ មានពីរ៖ ទី១-ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃបង្កើត សហករណ៍ ដើម្បីប្រមូលផ្តុំប្រជាជនធ្វើការងារក្រុមសាមគ្គី ដោយលុបបំបាត់កម្មសិទ្ធិ ឯកជន នៅក្នុងតំបន់មួយចំនួនដែលហៅថាតំបន់រំដោះ ដែលស្ថិតក្រោមការគ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហម។ គោលនយោបាយនេះត្រូវបានចាប់ផ្តើមអនុវត្តជាថ្មីឡើងវិញនៅឆ្នាំ១៩៧៦ បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រង អំណាចចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ទី២-មុនពេលឈានដល់ថ្ងៃ ជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលគឺ នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ ក្រុមមេ ដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត និង នួន ជា បានរៀបចំផែនការនិងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាទ្រង់ទ្រាយធំ ដែលក្នុងនោះ រួមមាន ការជម្លៀសដោយ បង្ខំពីទីក្រុងនិងភូមិនានា ពលកម្មដោយបង្ខំ និងការធ្វើបាបនៅតាមការដ្ឋានការងារនិងសហករណ៍ ការចាប់ខ្លួន តាមអំពើចិត្ត ការធ្វើទារុណកម្ម ការបាត់ខ្លួននិងការសម្លាប់ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរើសអើង ប្រឆាំងនឹងក្រុមមនុស្សមួយចំនួនដែលពួកគេចាត់ទុកថាជាខ្មាំង។ ប្រជាជនស្លូតត្រង់ប្រមាណជាង១,៧លាន បានស្លាប់ក្នុងរបបខ្មែរក្រហម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជាង៣ទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ខ្ពង់ខ្ពស់ និងប៉ិនប្រសប់របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយឈ្នះ ឈ្នះ បានប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជា ប្រទេសមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ឯករាជ្យជាតិ និងអធិបតេយ្យភាពពេញបរិបូរណ៍ ដែល មិនធ្លាប់មានជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រចុងក្រោយនេះ។ ក្រោមដំបូលនៃសុខសន្តិភាព ជនរងគ្រោះពីអំពើ ឧក្រិដ្ឋកម្មទាំងឡាយដែលបានប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហមទទួលបានយុត្តិធម៌តាមរយៈការជំនុំជម្រះក្តី នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ។ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ដែលរស់រាន មានជីវិតនិងអ្នកបានបាត់បង់ជីវិតក្តី ក៏ត្រូវបានស្តាឡើងវិញ និងទទួលបានការប៉ះប៉ូវចំពោះការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គម។

សម្តេចហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា ទិវាជាតិនៃការចងចាំ បានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងបានលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់និងបង្ការកុំឱ្យរបបឃោរឃៅ ព្រៃផ្សៃ និងប្រល័យពូជសាសន៍បែបនេះកើតមាន ឡើងសាជាថ្មី។

ដូច្នេះ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ យើងទាំងអស់ត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបាន
គង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យ កាន់តែរីកចម្រើនទៅមុខទៀត ដោយហេតុថា បើគ្មានសន្តិភាព គឺមានសង្គ្រាម ហើយសង្គ្រាមនឹងធ្វើឱ្យប្រទេស ជាតិកាន់តែក្រីក្រ អសន្តិសុខ គ្មានស្ថិរភាព គ្មានការអភិវឌ្ឍ អាចនិយាយបានថាសន្តិភាព គឺមានសក្តានុពល និង សកម្មភាពគ្រប់យ៉ាងដើម្បីការរីកចម្រើនទៅមុខរបស់ប្រទេសជាតិ។

តាមរយៈការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដោយឈរលើស្មារតីសាមគ្គីភាព និងឯកភាពជាតិក្នុងគោលដៅ បង្រួបបង្រួមប្រជាជាតិទាំងមូល ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់ សង្គ្រាមរាំរ៉ៃដោយពុំមានការបង្ហូរឈាមជាតិសាសន៍ឯង សំដៅស្តាឡើងវិញ រក្សាបាននូវសន្តិសុខនិងសុខសន្តិភាព ជូនប្រជាជន ហើយជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្នើសិទ្ធិ ស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្រាប់ឆ្នាំ២០២៥ នេះជាលើកទី៨ នៃការប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ហើយក៏ជាលើកទី ៤២ បើរាប់ចាប់ពីឆ្នាំ១៩៨៤ មក។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងនិងយល់ច្បាស់អំពីរឿងរ៉ាវ សោកនាដកម្មដ៏ជូរចត់ដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់បានហែលឆ្លង កាត់ឈាមនិងទឹកភ្នែក ការកាប់សម្លាប់ ការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាង ហើយខ្មែរក្រហមបានបំផ្លិចបំផ្លាញ ចោលស្ទើរគ្មានសល់នូវខឿនសេដ្ឋកិច្ចជាតិ ខឿនវប្បធម៌ជាតិ និងធ្វើទារុណកម្មទាំងផ្លូវកាយនិងផ្លូវចិត្ត ចាប់បង្ខំឱ្យ ធ្វើការដូចសត្វធាតុ គ្មានអាហារគ្រប់គ្រាន់ គ្មានការព្យាបាលត្រឹមត្រូវ ។ល។ ទោះពេលនេះ រឿងរ៉ាវសោកនាដកម្ម ទាំងនេះបានកន្លងផុតទៅ ហើយប្រជាជនកម្ពុជាបាននិងកំពុងរស់ក្នុងសុខសន្តិភាព ស្ថិរភាពនយោបាយ និង ពោរពេញដោយការអភិវឌ្ឍលើគ្រប់វិស័យក៏ដោយក្តី ប៉ុន្តែយើងទាំងអស់គ្នាមិនត្រូវបណ្តែតបណ្តោយឬបំភ្លេច អតីតកាលដ៏ជូរចត់នេះឡើយ។ យើងត្រូវរំឭកនិងចងចាំជានិច្ច និងរៀបចំការពិភាក្សានានា ដើម្បីស្វែងយល់ ផ្សព្វផ្សាយ និងរួមគ្នាបង្ការនិងទប់ស្កាត់ឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃបែបនេះ រួមទាំងសង្គ្រាម កុំឱ្យកើតមានឡើងសាជាថ្មី នៅលើទឹកដីកម្ពុជាដ៏បវររបស់យើង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋខ្មែរគ្រប់រូប ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា ដែលមិនត្រឹមតែជាបិតាសន្តិភាព ស្ថាបនិកនៃនយោបាយ ឈ្នះ ឈ្នះ និងបានបញ្ចប់កម្លាំងយោធា នយោបាយ រចនាសម្ព័ន្ធខ្មែរក្រហមទាំងស្រុងប៉ុណ្ណោះនោះទេ គឺសម្តេចតេជោ ក៏បានផ្តួចផ្តើមចរចានាំឱ្យមាន ការបង្កើតតុលាការជាតិដោយមានការចូលរួមពី អង្គការសហប្រជាជាតិ ដែលមានឈ្មោះថា «អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា» ដើម្បីជំនុំជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបប កម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បីនាំយកការពិត និងយុត្តិធម៌ជូនជនរងគ្រោះទាំងអស់នៃរបបនេះទៀតផង។
លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់គាំទ្រដល់រាល់ដំណើរការ ទាំងឡាយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចាប់តាំងពីគំនិតផ្តួចផ្តើមបង្កើតនិងគាំទ្រទាំងផ្នែកថវិកា និងសម្ភារ រហូតបានបញ្ចប់ទាំងស្រុងនូវដំណើរការកាត់សេចក្តីដោយរលូននិងមានការទទួលស្គាល់ជាអន្តរជាតិ ក្នុងបុព្វហេតុនៃការចងចាំប្រវត្តិសាស្ត្រ ក៏ដូចជាការពង្រឹង និងថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ ការ ផ្សះផ្សាជាតិ និងការអភិវឌ្ឍសង្គមកម្ពុជាឱ្យបានរឹងមាំស្ថិតស្ថេរជាយូរអង្វែង។

ឆ្លងតាមលទ្ធផលនៃការបញ្ចប់ដំណើរការតុលាការ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ព្រះរាជាណាចក្រកម្ពុជាពិតជាបានកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ទៅជាសង្គមសម័យទំនើប ដោយផ្តល់ជាគំរូក្នុងការស្ថាបនាសន្តិភាព ការបញ្ចៀសជម្លោះ និងការបង្កើតឱ្យមានដំណើរការទទួលខុសត្រូវចំពោះ អំពើសាហាវឃោរឃៅដែលបានប្រព្រឹត្ត និងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ នឹងត្រូវចារទុកនៅក្នុងប្រវត្តិសាស្ត្រ កម្ពុជាក្នុងសម័យទំនើប៖ សន្តិភាពតាមរយៈយុត្តិធម៌ និងយុត្តិធម៌តាមរយៈសន្តិភាព។

ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សិក្សាអំពីអតីតកាលរបស់កម្ពុជា ការឈឺចាប់ ដែលប្រជាជនកម្ពុជាបានទទួលរង និងចេញពីបទពិសោធទាំងនេះ រួមគ្នាទប់ស្កាត់របបដ៏ឃោរឃៅនេះ កើតមាន សាជាថ្មីនៅលើទឹកដីសុវណ្ណភូមិរបស់យើង។ សូមចូលរួមគាំទ្រ និងថែរក្សាសន្តិភាពដើម្បីឱ្យសន្តិភាពនេះ នៅស្ថិតស្ថេរ ចីរកាល ដើម្បីបង្កបរិយាកាសដ៏ល្អឱ្យមានការរីកចម្រើនជាបន្តទៅមុខទៀត សម្រាប់ប្រជាជនកម្ពុជា និងមនុស្ស ជំនាន់ក្រោយ។

តាងនាមរាជរដ្ឋាភិបាល ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ សូមឧទ្ទិស ទិវាជាតិនៃការចងចាំ ២០ ឧសភា ជូនដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតនិងរងភាពឈឺចាប់ក្នុងឧក្រិដ្ឋកម្មដែលបានកើតក្នុងរបបខ្មែរក្រហម។ ទិវានេះ ជាការរំឭក ដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះប្រមាណជាង១,៧លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត”៕រក្សាសិទ្ធដោយ៖សុទ្ធលី

×