នៅថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០២៥ ប្រតិភូខេត្តសៀមរាប ដែលដឹកនាំដោយ លោក យុន លីណេ អភិបាលរងខេត្ត និងជាតំណាងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងពិធីចុះហត្ថលេខា លើកំណត់ត្រា នៃកិច្ចពិភាក្សា ជាមួយលោក សាន់ចូ អាគីហ៊ីតូ អគ្គនាយកនៃ អគ្គនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៃ ទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិជប៉ុន (ចៃការ) លើគម្រោង ទីក្រុងឆ្លាតវៃ (Smart City) សម្រាប់ក្រុងសៀមរាប។
ការចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចពិភាក្សានេះ ធ្វើនៅទីស្នាក់ការកណ្តាលរបស់JICA ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយផ្ដោតលើការអនុវត្តគម្រោងទីក្រុងឆ្លាតវៃ ដំណាក់កាលទីពីរ ដែលជួយរៀបចំក្រុងសៀមរាប ជា ទីក្រុងដ៏គួរឱ្យទាក់ទាញ និងប្រកបដោយនិរន្តរភាពសម្រាប់ ភ្ញៀវទេសចរជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ។
បន្ទាប់ពីការអនុវត្តគម្រោងទីក្រុងឆ្លាតវៃ ដំណាក់កាលទី១ បានទទួលជោគជ័យ ដោយរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានយល់ព្រមបន្តជួយរដ្ឋបាលខេត្តលើគម្រោង ទីក្រុងឆ្លាតវៃ (Smart City)៕ រក្សាសិទ្ធដោយ៖សុទ្ធលី












