Wednesday, May 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវាជាតិនៃការចងចាំ នឹងត្រូវប្រារព្វធ្វើឡើងដូចរៀងរាល់ឆ្នាំ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក

ភ្នំពេញ ៖ ទិវាជាតិនៃការចងចាំ នឹងត្រូវប្រារព្វធ្វើឡើងដូចរៀងរាល់ឆ្នាំ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ នាថ្ងៃ២០ឧសភាក្រោមអធិបតីភាព ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ប៉ុន្តែអ្វីដែលប្លែកនោះ គឺឆ្នាំនេះត្រូវប្រារព្វធ្វើឡើងក្នុងកម្រិតមួយធំជាងនិងអធឹកអធម្មជាងឆ្នាំមុនៗ ជាមួយនឹងការអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយឯកឧត្ដម ឃួង ស្រេង។ នេះជាការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដមកើត ឆែ អភិបាលរង តំណាងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំពិភាក្សា ជាលើកទី៣ ជុំវិញការរៀបចំទិវាជាតិនៃការចងចាំថ្ងៃ២០ឧសភា នារសៀលថ្ងៃទី១៦ឧសភានេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដមកើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ បើតាមគម្រោងសម្រាប់ឆ្នាំ២០២៥នេះ ការប្រារព្វទិវាចងចាំថ្ងៃ២០ឧសភានឹងត្រូវធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឬតំណាងសម្តេចបវរធិបតី។ ប៉ុន្តែជាលទ្ធផលចុងក្រោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ការប្រារព្វទិវាជាតិនៃការចងចាំនេះ មកឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកចាត់ចែងនិងរៀបចំវិញ នោះគឺ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនឹងអញ្ជើញជាអធិបតីភាពដូចដែលយើងធ្វើឡើងរាល់ឆ្នាំ គ្រាន់តែ ការប្រារព្វទិវាធ្វើឡើងក្នុងកម្រិតមួយធំជាងនិងអធឹកអធម្មជាងឆ្នាំមុនៗ។ អ្វីដែលខុសពីបណ្តាឆ្នាំមុនៗទៀតនោះ គឺ ឯកឧត្ដម ឃួង ស្រេង នឹងត្រូវអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្វទិវាជាតិនៃការចងចាំ២០ឧសភានេះ។ ចំណែកការរៀបចំឈុតឆាកសម្តែងនិងការរៀបចំតាមបែបសាសនា គឺនៅរក្សាដូចបណ្តាឆ្នាំមុនៗដដែរ។

គួរបញ្ជាក់ថា៖ ការប្រារព្វទិវាជាតិនៃការចងចាំថ្ងៃ២០ឧសភា ធ្វើឡើងដើម្បីរំលឹកឱ្យក្មេងជំនន់ក្រោយបានដឹង និងយល់ឱ្យបានច្បាស់ពីរបបដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ប៉ុល ពតដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់ និងដើម្បីរួមគ្នារក្សាសន្តិភាពឱ្យបានគង់វង់នៅកម្ពុជា ពិសេសគឺការពារឱ្យបាននូវរបបដ៏សាហាវយង់ឃ្នងនេះ កុំឱ្យវិលត្រឡប់មកលើប្រទេសកម្ពុជាជាថ្មីម្តងទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី

×