Wednesday, May 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ត្រូវបន្តជំរុញនិងលើកកម្ពស់តួនាទីស្នូលរបស់កងកម្លាំងនគរបាលជាតិ ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែសកម្ម និងស៊ីជម្រៅគ្រប់ទីកន្លែង

ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជាថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ មិនមែនអនុវត្តត្រឹមតែមន្ត្រី និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទនោះទេ សូម្បីតែពលរដ្ឋក៏ត្រូវចូលរួមអនុវត្តផងដែរ គឺត្រូវចូលរួមអប់រំ ទប់ស្កាត់កូនចៅសាច់ញាតិនានា កុំឱ្យប្រព្រឹត្តបទល្មើស ដែលបណ្ដាលឱ្យមានទោសទណ្ឌ ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល៨០ឆ្នាំកន្លងមកនេះ កងម្លាំងនគរបាលជាតិកម្ពុជាបានរួមដំណើរឆ្លងកាត់ជាច្រើនសម័យកាលនៃរបត់នយោបាយ ជាមួយនឹងតួនាទីភារកិច្ចក្នុងនាមជាកម្លាំងអនុវត្តច្បាប់ ថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ថែរក្សាសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ និងរបៀបរៀបរយសង្គម ។

សម្ដេចបវរធិបតី ក៏បានសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងនគរបាលជាតិទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាង ដើម្បីសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមដំណើរជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ដើម្បីស្ដារ ការពារ និងកសាងប្រទេសជាតិចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍ ដូចបច្ចុប្បន្ន ជាពិសេសការបង្កើតបាននូវបរិយាកាសសង្គម ប្រកបដោយសុវត្ថិភាព មានភាពកក់ក្ដៅ និងមាន ជំនឿទុកចិត្ត ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សភាពការណ៍បទល្មើសច្រើនប្រភេទបាននិងកំពុងវិវត្តហួសពីបទល្មើសប្រពៃណី ទៅជាបទល្មើសឌីជីថល ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានទំនើប ដូចជា បទល្មើសគ្រឿងញៀន, បទល្មើសបោកបញ្ឆោតតាមអនឡាញ, ការជួញ- ដូរមនុស្ស សកម្មភាពភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ សុទ្ធសឹងជាបញ្ហាមានលក្ខណៈសកលបង្កឱ្យមានអស្ថិរភាពសង្គម វិបត្តិនយោបាយ សេដ្ឋកិច្ច ស្បៀងអាហារ, មនុស្សធម៌ ដែលជះឥទ្ធិពលដល់សកលលោក ក្នុងនោះក៏មានកម្ពុជាផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បញ្ហាប្រឈមទាំងនេះ គឺជាវិញ្ញាសាដ៏ស្មុគស្មាញដែលកងកម្លាំងនគរបាលជាតិមានភារកិច្ច ទទួលខុសត្រូវ និងចូលរួមក្នុងស្មារតីបុរេសកម្មប្រកបដោយសហថាមពល ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ដែលជាបុព្វបទចាំបាច់បំផុតមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍជាតិគ្រប់វិស័យ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ការពារឱ្យ បានគង់វង្សសន្តិភាព ដែលជាមរតកនៃនយោបាយ «ឈ្នះ-ឈ្នះ» ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី, កសាងឱ្យបានតំបន់ព្រំដែនសន្តិភាព, មិត្តភាព, សហប្រតិបត្តិការ ការអភិវឌ្ឍ និង ប្រឆាំងទប់ស្កាត់អានុភាពអមិត្ត ប្រើប្រាស់ទឹកដីម្ខាង ដើម្បីប្រឆាំងទឹកដីម្ខាងទៀត ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ត្រូវខិតខំពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និង សុខដុមនីយកម្មសង្គមឱ្យ បានរឹងមាំ ដោយត្រូវចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងដាច់ខាតនូវរាល់ឧបាយកលបំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុងសកម្មភាពវិទ្ធង្សនា, បង្កចលាចល, ជាពិសេស បដិវត្តពណ៌ ព្រមទាំងខិតខំ ទប់ស្កាត់បង្ក្រាបបណ្ដាញភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ក្នុងយុគឌីជីថល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ត្រូវបន្តជំរុញនិងលើកកម្ពស់តួនាទីស្នូលរបស់កងកម្លាំងនគរបាលជាតិ ក្នុងការ អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែសកម្ម និង ស៊ីជម្រៅគ្រប់ទីកន្លែង ដោយតម្កល់ផលប្រយោជន៍ប្រជាជន និង ឧត្តមប្រយោជន៍ជាតិខ្ពស់ជាងអ្វីៗទាំងអស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមបន្តលើកទឹកចិត្តដល់ ក្រសួងមហាផ្ទៃ និង អគ្គស្នងការដ្ឋាននគរបាលជាតិ បន្តពង្រឹងរបៀបរបបការងារនគរបាល និង សហគមន៍ដែលជាវិធានចលករដ៏សំខាន់ក្នុងការកៀរគរ ការគាំទ្ររបស់ប្រជាពលរដ្ឋចូលរួមកាន់តែខ្លាំងក្លា ដើម្បីបង្ការទប់ស្កាត់ឱ្យបានជាអតិបរមាចំពោះ បទល្មើសគ្រប់ប្រភេទ ដែលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ, ដូចជា អំពើលួច, ឆក់ប្លន់, អំពើជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់, បទល្មើសបច្ចេកវិទ្យាព័ត៌មានទំនើប, អំពើជួញដូរមនុស្ស, ក្មេងទំនើង, អំពើហិង្សាក្នុងគ្រួសារ ដើម្បីឱ្យសង្គមជាតិមានវិបុលសុខប្រកបដោយចីរភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ត្រូវគិតគូរចំពោះបរិបទថ្មី ដើម្បីធានាថាសណ្តាប់ធ្នាប់តាមទីសាធារណៈ, សណ្ដាប់- ធ្នាប់ចរាចរណ៍ មានរៀបរយល្អ ឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអភិវឌ្ឍជាតិ, កំណើន សេដ្ឋកិច្ច, អគារខ្ពស់ៗ និង បុរី ដែលមានមនុស្សរស់នៅច្រើនកុះករ និង កំណើនយានយន្តគ្រប់ ប្រភេទ។ ទន្ទឹមនេះ សូមយកចិត្តទុកដាក់ដល់ការងារបង្ការនិងពន្លត់អគ្គិភ័យ និង ការត្រៀម កម្លាំង- ឧបករណ៍ មធ្យោបាយ ក្នុងការចូលរួមសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ត្រូវពង្រឹង និងលើកកម្ពស់ការផ្តល់សេវារបស់កងកម្លាំងនគរបាលជាតិ ឱ្យកាន់តែ មានភាពសាមញ្ញ, លឿនរហ័ស, តម្លាភាព និង គណនេយ្យភាព សំដៅឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេល រួមទាំង ការផ្តល់សេវាក្នុងការរក្សាសន្តិសុខ, សុវត្ថិភាព និង សេវាចាំបាច់នានា ដូចជា សេវាលិខិតស្នាម ក្នុងដែនសមត្ថកិច្ចរបស់នគរបាល ជាដើម ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×