ភ្នំពេញ ៖ នគរបាលជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ឧសភា ១៩៤៥ ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ ថ្ងៃទី១៦ ឧសភា ១៩៤៥ ~ ១៦ ឧសភា ២០២៥។
នគរបាលជាតិកម្ពុជា បានវិវត្តឆ្លងកាត់វិញ្ញាសាជាច្រើនរួមទាំងឧបសគ្គ និងបញ្ហាប្រឈមប្រែប្រួលដ៏ស្មុគស្មាញនៃរបត់សង្គម និងបានបន្សល់ទុកនូវកេរតំណែល វីរភាព ការលះបង់ និងការប្តេជ្ញាចិត្តឥតងាករេ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគត ក្នុងពហុវិស័យ ជាពិសេស ក្នុងវិស័យសន្តិសុខជាតិ និងការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា
ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។
សម្តេចបវរធិបតី នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិ បានធ្វើការយ៉ាងសកម្មក្នុងការចូលរួមភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព និងការជួយអន្តរាគមន៍បង្រ្កាបបទល្មើសគ្រប់ប្រភេទ និងការបម្រើសេវាសន្តិសុខជូនដល់ប្រជាពលរដ្ឋ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរនូវស្នាដៃរបស់កងកម្លាំងនគរបាលដែលបានចូលរួមការពារសុខសន្តិភាព ការពារបូរណភាពទឹកដី និងផលប្រយោជន៍ជាតិ និងប្រឆាំងមិនឲ្យកើតមានអំពើភេរវកម្ម និងទប់ស្កាត់ការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្តេជ្ញាយកចិត្តទុកដាក់ បន្តដឹកនាំ គាំទ្រ និងជំរុញការកែទម្រង់គ្រប់ផ្នែក ដើម្បីកសាងកងកម្លាំងនគរបាលជាតិមួយ ដែលប្រជាពលរដ្ឋជឿទុកចិត្ត មានលទ្ធភាព សមត្ថភាព បំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់។
នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការធ្វើកំណែទម្រង់ក្នុងកងកម្លាំងនគរបាលជាតិ ក៏ត្រូវបានអនុវត្តប្រកបដោយភាពស្វាហាប់ ស៊ីជម្រៅដោយផ្តោតលើ ការកែសម្រួលរចនាសម្ព័ន្ធ ការវិភាគមុខងារ ការពង្រឹងសមត្ថភាពកងកម្លាំង ការអនុវត្តយ៉ាងម៉ឺងម៉ាត់អភិក្រមទាំង៥ «ឆ្លុះកញ្ចក់ ងូត ទឹក ដុះក្អែល ព្យាបាល និងវះកាត់» ក្នុងន័យសំដៅកសាងកងកម្លាំងនគរបាលជាតិមួយ ដែល ស្អាត ស្អំ រឹងមាំ ប្រកបដោយវិជ្ជាជីវៈ គួរជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម បន្ដថា ជាពិសេសបានកែសម្រួលរបៀប របបការងារប៉ុស្តិ៍នគរបាលរដ្ឋបាល តាមទម្រង់នគរបាលសហគមន៍ ដែលជាការតម្រង់ទិសអោយ មន្ត្រីនគរបាល បំពាក់ទស្សនៈមហាជនបន្ថែម ចុះជាប់កៀកកិតជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បី ស្វែងរកដំណោះស្រាយរួមគ្នា ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់សហគមន៍។ ដែល តាមរយៈនេះ បានធ្វើឱ្យកងកម្លាំងនគរបាលជាតិ កាន់តែមានតួនាទីយ៉ាងសំខាន់ ស័ក្តិសមជាសេនា ធិការដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងខឿនសន្តិសុខជាតិមាតុភូមិ និងលើកកម្ពស់ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដែលជាបុព្វបទស្នូលយ៉ាងសំខាន់មិនអាចខ្វះបានបម្រើឱ្យ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
ឯកឧត្តម មានប្រសាសន៍ថា «ក្នុងនាមក្រសួងមហាផ្ទៃ ជាក្រសួងអាណាព្យាបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំប្តេជ្ញាយកចិត្ត ទុកដាក់បន្តដឹកនាំ គាំទ្រ និងជំរុញការកែទម្រង់គ្រប់ផ្នែក ដើម្បីកសាងកងកម្លាំងនគរបាលជាតិ មួយដែលប្រជាពលរដ្ឋ ជឿទុកចិត្ត មានលទ្ធភាព សមត្ថភាពបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់និងមានភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ»។
ឯកឧត្តម បន្ដថា «ក្នុងនាមនគរបាលជាតិកម្ពុជា យើងខ្ញុំសូមប្តេជ្ញាចិត្តចូលរួមថែរក្សា និងការពារឱ្យបាននូវសុខ សន្តិភាព ដែលកើតចេញពីនយោបាយឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកម្ពុជា បន្តមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ»៕ រក្សាសិទ្ធដោយ៖សុទ្ធលី






