Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបជាមួយសមាជិករដ្ឋសភាជប៉ុន ពិភាក្សាពាក់ព័ន្ធនឹងការជំរុញទាក់ទាញវិនិយោគបន្ថែមទៀតពីប្រទេសជប៉ុន មកកាន់កម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម និស៊ិមឹរ៉ា យ៉ាសឹតុស៊ិ (NISHIMURA Yasutoshi) សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដោយមានការចូលរួមអមដំណើរពី ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥។

ជំនួបនាព្រឹកនេះបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមសមាជិករដ្ឋសភា បានធ្វើការពិភាក្សាផ្លាស់ប្តូរទស្សនៈ និងការយល់ឃើញជុំវិញស្ថានភាពសង្គម សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការនានា នៅក្នុងបរិការណ៍សកលនាពេលបច្ចុប្បន្ន។ បន្ថែមពីនេះ ឯកឧត្តមទាំងពីររូប ក៏បានពិភាក្សាពាក់ព័ន្ធនឹងការជំរុញទាក់ទាញវិនិយោគបន្ថែមទៀតពីប្រទេសជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យឯកជន តាមរយៈការបង្កើតឱ្យមានកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន ដែលបានផ្តល់នូវឱកាសឱ្យវិនិយោគិនបានលើកឡើងពីបញ្ហាប្រឈម និងទទួលបានដំណោះស្រាយសមស្រប ដែលធ្វើឱ្យពួកគេកាន់តែមានទំនុកចិត្តក្នុងការបន្តវិនិយោគ និងផ្សព្វផ្សាយបន្តទៅក្នុងសហគមន៍ធុរកិច្ចរបស់ពួកគេ។

ជាមួយគ្នានេះ ឯកឧត្តមសមាជិករដ្ឋសភា ក៏បានជម្រាបអំពីផែនការនៃការធ្វើទស្សនកិច្ចទៅកាន់បណ្តាក្រុមហ៊ុនសហគ្រាសធំៗ ដែលជាការវិនិយោគផ្ទាល់ពីប្រទេសជប៉ុន ហើយកំពុងមានប្រតិបត្តិការយ៉ាងជោគជ័យនៅប្រទេសកម្ពុជា ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនាពេលនេះផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×