ភ្នំពេញ ៖ ចាប់បានហើយ ជនដៃដល់ដែលជាប្អូនថ្លៃប្រុសធ្លាប់ជាប់គុកនិងប្រើប្រាស់គ្រឿងញៀនកាប់ប្រហារបងថ្លៃស្រីបណ្តាលឲ្យបាត់បង់អាយុជីវិតភ្លាមៗ។ ទីតាំងកើតហេតុ: ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង៨:២០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
អនុវត្តតាមបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានបំបែកសំណុំឃាតកម្ម កាប់សម្លាប់បងថ្លៃស្រី ដោយឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ វ៉ា ស្រីនិច ភេទស្រី អាយុប្រហែល ៣០ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ជនសង្ស័យឈ្មោះ ចិន ចាន់ចំណាប់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ ដែលបានកាប់សម្លាប់បងថ្លៃស្រី ឈ្មោះ វ៉ា ស្រីនិច ឲ្យស្លាប់នៅវេលាម៉ោង ០៨:៣០នាទី យប់ថ្ងៃទី២៩ ខែមេសា ក្នុងផ្ទះមួយកន្លែងស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ ជននេះ ធ្លាប់ត្រូវបានបញ្ជូនចូលមណ្ឌលបន្សាបសារធាតុញៀន៣ដងរួចមកហើយ។
ប្រភពដដែលឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ វ៉ា ស្រីនិច្ច ដឹកកូនស្រីចេញពីបុរីមកផ្ទះ លុះមកដល់ផ្ទះជនរងគ្រោះឱ្យកូនទៅម្ដាយក្មេក ហើយក៏ដើរចូលបន្ទប់ខ្លួន។ ស្រាប់តែប្អូនថ្លៃឈ្មោះ ចិន ចាន់ចំណាប់ កំពុងតែនៅក្នុងផ្ទះ កាន់កាំបិតប៉័ងតោចូលទៅតាមក្រោយ ហើយបិទទ្វារ និងធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង រួចក៏គេចខ្លួន។
ម្ដាយបង្កើតរបស់ជនសង្ស័យបាននិយាយថា ជននេះធ្លាប់ត្រូវបានបញ្ជូនចូលមណ្ឌលបន្សាបសារធាតុញៀនចំនួនបីដងរួចមកហើយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកសាកសួរតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី









