រាជធានីភ្នំពេញ ៖ព្រឹកថ្ងៃអាទិត្យ ទី២៧ មេសា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និង ភាពធន់» និងការប្រគល់ពានរង្វាន់ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»។
សម្តេចធិបតីហ៊ុនម៉ាណែត បានថ្លែងថា ការរៀបចំពិធីសំណេះសំណាលក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា លើកទី ១៣៩ ដ៏ឱឡារិក នាថ្ងៃនេះ គឺបង្ហាញអំពីការយកចិត្តទុកដាក់ និង បន្តយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូរ ការទទួលស្គាល់ និង ការថ្លែងអំណរគុណដល់ និយោជិត បុគ្គលិក បងប្អូនកម្មករ កម្មការិនីទាំងអស់ គ្រប់វិស័យពាក់ព័ន្ធនឹងវិស័យការងារ ។
សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់ និងគិតគូរក្នុងការបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ រួមនិងការផ្តល់អត្ថប្រយោជន៍នានា និងកិច្ចគាំពារសង្គមជូនបងប្អូនកម្មករនិយោជិតគ្រប់រូប ។
សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី៖ ទីផ្សារអាមេរិក រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំចរចាបន្តទៀត ខណៈនៅខែក្រោយនេះសម្ដេចធិបតីនឹងអញ្ជើញទៅប្រទេសជប៉ុន ក្នុងឱកាសនោះសម្ដេចនឹងទាក់ទាញវិនិយោគិន វិស័យទេសចរណ៍ និងពាណិជ្ជកម្មនានាបន្ថែមទៀត សម្រាប់ផ្ដល់ឱកាសការងារឱ្យបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា យើងធ្វើអ្វីៗទាំងអស់ក្នុងវិស័យការងារ គឺដើម្បីអត្ថប្រយោជន៍ដល់បងប្អូនកម្មករ កម្មការិនី ទាំងផ្នែកសិទ្ធ ទាំងអត្ថប្រយោជន៍ផ្សេងៗ ការចរចាតម្លើងបៀវត្ស ការរៀបចំ ប.ស.ស. ការរៀបចំសុវត្ថិភាពនៃការដឹកជញ្ជូន ការរៀបចំទារកដ្ឋានជាដើម។ល។ គឺមិនមែនសំដៅឱ្យទៅអ្នកណាផ្សេងក្រៅពីបងប្អូន ដែលជាកម្មករ កម្មការិនី និងកូនចៅនោះទេ នេះគឺជាគោលការណ៍ ហើយថាការបង្កើតការងារ គឺមិនមែនបង្កើតតែបរិមាណនោះទេ តែត្រូវគិតពីគុណភាពផងដែរ ជាពិសេសការគោរពច្បាប់ការងារ ដោយមិនបណ្តោយឱ្យថៅកែជិះជាន់ដោយគ្មានច្បាប់ការពារនោះទេ។
សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា ដើម្បីការពារសិទ្ធិសម្រាប់បងប្អូនកម្មករ កម្មការិនី ច្បាប់បានអនុញ្ញាត ឱ្យបង្កើតសហជីព និងសមាគម និងបានផ្តល់សិទ្ធិជូនដើម្បីធ្វើការងារជំនាញជួយដល់កម្មករ កម្មការិនី។ នេះគឺជានិយមន័យនៃការរៀបចំ ការគិតគូរាប់តាំងពីការធ្វើដំណើររបស់បងប្អូនកម្មករ កម្មការិនី រួមទាំង អ្នកបើកបរថែមទៀតផង ដោយយើងបានរកដំណោះស្រាយដើម្បីកុំឱ្យបងប្អូនជាអ្នកបើកបរបាត់អាជីព ពួកគាត់ក៏ជាអ្នកដែលយើងត្រូវគិតគូផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះក្រសួង ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី ខេត្ត ក៏ដូចជាស្ថានតំណាងកម្ពុជានៅក្រៅប្រទេស និងគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីទាញយក និងការពារអត្ថប្រយោជន៍ជូនបងប្អូនកម្មករ កម្មការិនី។
ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា គឺជាកាលានុវត្តភាព សម្រាប់ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងក្នុងប្រទេស ដែលតាមរបាយការណ៍ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុប ចំនួន១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារចំនួន១២ម៉ឺនកន្លែងនៅក្នុងគម្រោងពង្រីកផលិតកម្មចំនួន៦គម្រោង ហើយបើគិតត្រឹមតែមីនា ឆ្នាំ២០២៥នេះចំនួនរោងចក្រ សហគ្រាស ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនដល់ ៤៥.២៥៥ រោងចក្រ សហគ្រាស ធៀបនឹងឆ្នាំ២០២៤ មានចំនួន ៤៤.៧៩៨ រោងចក្រ សហគ្រាស ហើយចំនួនកម្មករ និយោជិតបានកើនឡើងពីចំនួន ១,៨១លាននាក់ដល់ចំនួន ១,៨៥ លាននាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី














