Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិត ជា សិរី បានស្វាគមន៍ចំពោះការតាំងចិត្តរបស់ IFC ក្នុងការបន្តការវិនិយោគ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Towfiqua Hoque ប្រធានស្ថានតំណាង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

គោលបំណងនៃជំនួបនេះគឺដើម្បីឱ្យក្រុមការងារ IFC ប្រចាំកម្ពុជា បានជម្រាបជូនពីវឌ្ឍនភាពការងារកន្លងមកទាក់ទងនឹងកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ ការជំរុញការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងបៃតង និងកិច្ចសហប្រតិបត្តិការមួយចំនួនទៀត។

បន្ថែមលើនេះ លោកស្រី Towfigua ក៏បានផ្លាស់ប្តូរទស្សនទានអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងបានជម្រាបជូនពីការតាំងចិត្តរបស់ IFC ក្នុងការបន្តវិនិយោគនៅកម្ពុជា ក៏ដូចជាការត្រៀមខ្លួនចូលរួមក្នុងកិច្ចសហការនានា ជាមួយភាគីពាក់ព័ន្ធ។

លោកស្រីក៏បានរំលេចពីការទទួលបានអនុសាសន៍ណែនាំមួយចំនួនសម្រាប់ឱ្យ IFC ធ្វើប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព ហើយក្នុងនោះក៏មានការបញ្ជាក់ឱ្យបន្តការប្រើប្រាស់ធនធានរបស់ IFC ក្នុងការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ផងដែរ។

ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយ IFC នាពេលកន្លងមក និងបានស្វាគមន៍ចំពោះការតាំងចិត្តរបស់ IFC ក្នុងការបន្តការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

បន្ថែមលើនេះ លោកជំទាវក៏បានរំលេចពីគោលដៅរួមក្នុងកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ និងបានថ្លែងអំណរគុណចំពោះការគាំទ្រដល់ ធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំ និងដាក់ចេញនូវបទប្បញ្ញត្តិ ព្រមទាំងពង្រឹងការត្រួតពិនិត្យនានាពាក់ព័ន្ធនឹងកិច្ចការពារអតិថិជន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×