ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញកម្មវិធីនេះក្នុងគោលដៅជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ចក្នុងបណ្តាខេត្តភាគឦសាន តាមរយៈការជំរុញ វិនិយោគឯកជន ក៏ដូចជាជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាប័ន្ន ។
ក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្ដីពី «សមិទ្ធផល ១ ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទំ ៧ នៃរដ្ឋសភា» កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤, សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំ និង ការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ.) ឲ្យពិនិត្យ និង រៀបចំ «កម្មវិធីពិសេស» នេះ ដើម្បីសិក្សា និង រៀបចំគោលនយោបាយលើកទឹកចិត្តពិសេស ក្នុងគោលដៅជំរុញវិនិយោគឯកជន ឆ្ពោះ ទៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ។
កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» នេះ កើតចេញពី មហិច្ឆតា ចង់ជំរុញបង្កើននូវសកម្មភាពសេដ្ឋកិច្ច ដល់បណ្ដាខេត្តដែលស្ថិតនៅឆ្ងាយពី មជ្ឈមណ្ឌលកំណើន ក៏ដូចជា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច តាមតំបន់ និង តាមវិស័យ ។ ក្នុងការរៀបចំ «កម្មវិធីពិសេស» នេះ, រាជរដ្ឋាភិបាល មានគោលបំណងបង្កើនការងារ និង សកម្មភាពធុរកិច្ច ស្របតាម គំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅនឹងកន្លែង និង គន កំណើនសេដ្ឋកិច្ច ដឹកនាំដោយវិស័យឯកជន (Private Sector-led Growth Model) ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់រដ្ឋាភិបាលនៃប្រទេសកំពុងអភិវឌ្ឍ ការខិតខំពង្រាយរបាយនៃការអភិវឌ្ឍ ដើម្បីឱ្យប្រជាជនទូទាំងប្រទេស អាចទទួលបាននូវឱកាស និងផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ គឺជាកាតព្វកិច្ចមូលដ្ឋានដ៏សំខាន់បំផុត ហើយក៏ជាចំណោទដ៏លំបាកបំផុតមួយដែរ ព្រោះថាជាទូទៅប្រទេសកំពុងអភិវឌ្ឍ តែងតែមានបញ្ហាកង្វះខាតធនធាន ហើយការជំរុញឱ្យមានការអភិវឌ្ឍ ព្រមៗគ្នា និងស្មើៗគ្នា នៅទូទាំងប្រទេស ពិតជាមិនអាចធ្វើទៅបានតាមការប្រាថ្នាចង់បានភ្លាមៗ នោះដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រោះស្ថានភាពលំបាកនៅខេត្តភាគឦសាននោះហើយ បានជាកាលពីឆ្នាំ១៩៩៩ សម្តេចតេជោ ហ៊ុន សែន កាលដែល សម្តេចកាន់តំណែងជានាយករដ្ឋមន្តី ផ្តួចផ្ដើមគំនិតឱ្យមានក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា- ឡាវ-វៀតណាម (CLV-DTA)។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះឯង។ ម្យ៉ាងទៀត, នៅពេលដែលកម្ពុជា ទើបសម្រេចបានសន្តិភាពពេញលេញ ក្រោយជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ, កម្ពុជា នៅពេលនោះពិតជាមានភាពខ្វះមុខ ខ្វះក្រោយ ហើយត្រូវការដៃគូសហប្រតិបត្តិការគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលនេះគឺជាពេលដែលត្រូវគិតគូរថា តើត្រូវធ្វើដូចម្ដេច ដើម្បីជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចឯករាជ្យមួយ មានសមត្ថភាពមិនឆ្ងាយដាច់ខ្លាំងពេកពីតំបន់ដទៃ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍនៅភាគឦសាន មានទិដ្ឋភាព៣ ដែលត្រូវគិតគូរ ព្រមគ្នា ពោលគឺ មនុស្ស, ចរន្តសេដ្ឋកិច្ច និង ភាពតភ្ជាប់ ដែលពិបាកនឹងខ្វះខាតចំណុចណាមួយបាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី















